ក្រុម​កីឡាករ​ប្រណាំង​ទូក​មក​ដល់​ក្រុង​ភ្នំពេញ​បណ្ដើរៗ​ហើយ

ក្រុម​កីឡាករ​ប្រណាំង​ទូក​មក​ពី​បណ្តា​ខេត្ត​នានា​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ជា​បណ្តើរៗ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​តុលា ដើម្បី​ចូលរួម​អបអរ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក ឆ្នាំ​២០០៩។

0:00 / 0:00

កីឡាករ​មួយ​រូប​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ដែល​សម្រាក​តាម​មាត់​ទន្លេ​សាប និង​ជា​ប្រធាន​គណៈកម្មការ​ទូក​ង ឈ្មោះ សុវណ្ណ​រាជសីហ៍ បារមី​មហា​នគរ របស់​វត្ត​កួយម៉េង ស្រុក​មង្គលបុរី លោក កុល បណ្តូល ថ្លែង​ថា ខេត្ត​បន្ទាយមានជ័យ​មាន​ទូក​ង​៣​គ្រឿង​មក​ចូលរួម​ប្រណាំង​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក​នេះ។

លោក​ថា ក្នុង​ទូក​មួយៗ​ចំណុះ​កីឡាករ​ជាង​៧០​នាក់ ហើយ​ទូក​សុវណ្ណ​រាជសីហ៍​បារមី​មហានគរ​នេះ​បាន​ឈ្នះ​រង្វាន់​លេខ​១​កាល​ពី​ឆ្នាំ​២០០៨ និង​ឈ្នះ​ការ​ប្រណាំង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ផងដែរ​កាល​ពី​ខែ​មុន។

លោក កុល បណ្ដូល បាន​បញ្ជាក់​ថា ៖ «ជា​ទូទៅ​ខ្ញុំ​គិត​ជា​មនុស្ស ក្នុង​មួយ​ថ្ងៃ​ម្នាក់​ត្រូវ​ចំណាយ​អង្ករ​អស់​៨​ខាំ ហើយ​ថវិកា​ត្រូវ​ចំណាយ​ក្នុង​មួយ​ថ្ងៃ​គឺ​៧០​ម៉ឺន​(រៀល)»

លោក កុល បណ្តូល បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ការ​ប្រកាស​ឲ្យ​ប្រយ័ត្ន និង​ត្រូវ​ចេះ​ការពារ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​មន្រ្តី​សុខាភិបាល​ម្នាក់​មក​ជាមួយ​ក្រុម​កីឡាករ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ។

ក្រុម​កីឡាករ​ទូក​ង​ឈ្មោះ សុវណ្ណ​រាជសីហ៍ បារមី​មហានគរ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មុន​នឹង​មក​ចូលរួម​ប្រណាំង​ទូក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ ក្រុម​គ្រូ​ពេទ្យ​និង​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ពី​វិធី​ការពារ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ផង និង​ការពារ​ខ្លួន​ពី​ជំងឺ​អេដស៍​ផង ៖ «ជំងឺ​ផ្ដាសាយ​ជ្រូក​នេះ​វា​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​បាន ដោយសារ​ការ​ហូប​ចុក​រស់​នៅ​ជុំ​គ្នា។ ពេល​ដេក​ពេល​អី​យើង​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ ហើយ​ទៅ​ត្រង់​ណា យើង​ត្រូវ​ប្រើ​ម៉ាស​ការពារ​ខ្លួន»

ប្រធាន​ក្រុម​កីឡាករ​ទូក​ង លោក កុល វណ្ណា បាន​អះអាង​ថា ក្រៅ​ពី​ឲ្យ​កីឡាករ​ចេះ​ការពារ​ជំងឺ​អេដស៍​និង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) លោក​ក៏​មិន​បណ្តោយ​ឲ្យ​ក្រុម​កីឡាករ​ទទួល​ទាន​ទឹក​ឆៅ​និង​ចុះ​ងូត​ទឹក​ទន្លេ​នេះ​ដែរ ខ្លាច​ចាញ់​ទឹក​ចាញ់​ដី។

លោក កុល វណ្ណា បាន​អះអាង​ថា ៖ «ពេល​ការ​ប្រកួត វា​មាន​ការ​នឿយ​ហត់ ឬ​ក៏​មាន​ការ​ស្ទះ​មាន​អី គឺ​ថា សុំ​ឲ្យ​ពេទ្យ​ទៅ​ជួយ​យើង​ខ្ញុំ​ឲ្យ​បាន​ដិត​ដល់»

នៅ​មិន​ឆ្ងាយ​ពី​នោះ ក្រុម​កីឡាករ​ប្រណាំង​ទូក​មក​ពី​ខេត្ត​ពោធិ៍សាត់​ទើប​បាន​មក​ដល់ ពួក​គាត់​មិន​ទាន់​ទទួល​បាន​ការ​អប់រំ​ឲ្យ​ចេះ​ការពារ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ឡើយ។

ដោយ​ឡែក​មាន​ការ​ចង​បដា​សម្រាប់​កំណត់​ទីតាំង​សម្រាក​របស់​ក្រុម​កីឡាករ​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​អ្នក​ដែល​នៅ​ចាំ​កន្លែង​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​កីឡាករ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ស្អែក។

មន្ត្រី​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ថា ទូក​មក​ចូលរួម​ប្រណាំង​បាន​មក​ចុះ​ឈ្មោះ​ទើប​តែ​បាន​ជិត​៤០០​ទូក រី​ឯ​ប្រទីប​មាន​ចំនួន​៩​គ្រឿង​ប៉ុណ្ណោះ។

ជា​រៀងរាល់​ឆ្នាំ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក មាន​ទូក​មួង ទូក​ង ដែល​អុំ​និង​ចែវ មាន​ស្រី​និង​បុរស បាន​មក​ចូលរួម​ប្រកួត​ប្រជែង​ច្រើន​កុះករ៕