មនុស្សជាច្រើនរយនាក់និងសមត្ថកិច្ចជំនាញផងបាននាំភ្ញាក់ផ្អើល បន្ទាប់ពីជនមិនស្គាល់មុខម្នាក់បានធ្វើសកម្មភាពលួចប្លុងគ្រាប់មីនស្គរមួយគ្រាប់ទាំងកណ្តាលថ្ងៃ នៅខាងមុខផ្ទះលក់ថ្នាំពេទ្យមួយកន្លែងចំកណ្តាលក្រុងប៉ោយប៉ែត។
កញ្ញា សុន គន្ឋា វ័យ ២០ឆ្នាំ ដែលជាលក់នំបុ័ងជិតកន្លែងកើតហេតុបានថ្លែងថា នៅវេលាម៉ោង២និង៣០នាទី មានបុរស់ម្នាក់អាយុប្រហែល ៣០ឆ្នាំបានបើករថយន្តកូរ៉េពណ៌មួយគ្រឿងឈប់ចូលទៅទិញថ្នាំពេទ្យ។ ពេលទិញថ្នាំពេទ្យរួចបុរសចេញមកវិញហើយក៏បើកកញ្ចក់ទម្លាក់គ្រាប់មីននោះចេញពីក្នុងរថយន្តដាក់ចំមុខផ្ទះលក់ថ្នាំពេទ្យ។
កញ្ញា សុន គន្ឋា ដែលឃើញហេតុការណ៍នោះបញ្ជាក់ថា ៖ «ខ្ញុំឃើញគាត់ឈប់ឡានមកទិញថ្នាំរួចហើយបើកកញ្ជាក់ទម្លាក់ ហើយបើកឡានចេញទៅម៉ោង២កន្លះ ឡានហ្នឹងពណ៌ស អត់ឃើញផ្លាកលេខប៉ុន្មានផង អត់បានចាប់អារម្មណ៍»។
លោក ស្រី ម៉ុក ច័ន្ទ សាវ៉ាត អាយុ ៤៥ឆ្នាំ ម្ចាស់ផ្ទះលក់ថ្នាំពេទ្យឈ្មោះ "ឱសថស្ថានរង «ខ»” បានមានប្រសាសន៍ថា លោកស្រីមានការតក់ស្លុត។
លោកស្រីបញ្ជាក់ថា គ្រួសារ និងមុខរបររកស៊ីរបស់លោកស្រីមិនធ្លាប់កើតមានទំនាស់ ឬគំនុំជាមួយអ្នកណាទេ ៖ «តាំងពីខ្ញុំមកនៅហ្នឹងនិយាយរួមទៅខ្ញុំអត់ដែលមានបញ្ហាជាមួយប្រជាជន ឬអ្នកជិតខាងទេ។ នេះជាការមួយហួសចិត្តស្មានមិនដល់បើនិយាយថា គុំគឺមិនអាចព្រោះខ្ញុំអត់ដែលមានទំនាស់ ឬបញ្ហាអញ្ចឹង ឬក៏ជាការយល់ច្រឡំផ្ទះស្មានមិនត្រូវ»។
ទោះយ៉ាងណា គ្រាប់មីនដែលជនមិនស្គាល់មុខ បានលួចដាក់នោះពុំបានផ្ទុះឡើយដោយសារ ឃើញទាន់ពេល។ លោក ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សមត្ថកិច្ចប៉ូលិស និងមន្ត្រីដោះមីនស៊ីម៉ាកបានសហការគ្នាចុះទៅដោះយកគ្រាប់មករក្សាទុក ប៉ុន្តែនៅមិនទាន់ធ្វើការសន្និដ្ឋានបែបណាទេ។
អ្នកក្រុងប៉ោយប៉ែតដែលជាសាក្សីឃើញហេតុការណ៍ខាងលើនេះអ្នកខ្លះសន្និដ្ឋានថា ការដាក់គ្រាប់នេះទំនងកើតចេញពីគំនុំគុំកួនតែថា ជនមិនស្គាល់មុខទំនងមានការភាន់ច្រឡំ ៖ «ប្រហែលជាច្រឡំផ្ទះព្រោះផ្ទះនេះជាផ្ទះលក់ថ្នាំ គាត់មិនដែលមានបញ្ហាជាមួយអ្នកជម្ងឺទេ ពេទ្យផ្សារអគ្គ នៅកន្លែងគាត់ធ្លាប់ធ្វើឲ្យមនុស្សស្លាប់អ៊ីចឹង»។
កន្លងទៅថ្មីៗគ្លីនិកផ្សារអគ្គដែលនៅជាប់ផ្ទះលក់ថ្នាក់ពេទ្យនោះធ្លាប់រងការចោទប្រកាន់ថា បានព្យាលបានបុរស់ម្នាក់ឈ្មោះ ឡាម ឆាត អាយុ ៤១ឆ្នាំ បណ្តាលឲ្យស្លាប់រួចហើយយកសពបុរសនោះ ទៅបោះចោលនៅវត្តសុរិយារាមហៅវត្តថ្មី ដោយម្ចាស់គ្លីនិកផ្សារអគ្គនោះបានផ្តល់លុយ ៤០ម៉ឺនរៀលទៅឲ្យលោកតាអាចារ្យដើម្បីដុតសពនោះចោល៕