មេ​ទ័ព​ខ្មែរ៖ ការ​ប៉ះ​ទង្គិច​គ្នា​នឹង​ចៀស​មិន​រួច​បើ​ថៃ​នៅតែ​ប៉ុនប៉ង​ឈ្លានពាន

មេ​បញ្ជាការ​យោធា​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ព្រមាន​ទៅ​កាន់​ប្រទេស​ថៃ​ថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​រវាង​ទាហាន​ខ្មែរ​-​ថៃ​នឹង​ចៀស​មិន​រួច ប្រសិន​បើ​ថៃ​នៅតែ​ប៉ុនប៉ង​បញ្ជូន​ទាហាន​របស់​ខ្លួន​ដើម្បី​ដណ្តើម​យក​ផ្ទៃ​ដី​៤,៦​គីឡូម៉ែត្រ​ការ៉េ​ដែល​ជា​របស់​ខ្មែរ​នៅ​តំបន់​វាល​ឥន្ទ្រី។

មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ការពារ​ព្រំដែន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៩ ខែ​កុម្ភៈ ថា ស្ថានការណ៍​យោធា​នៅ​វាល​ឥន្រ្ទី​នៅ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​គេ​បាន​ឮ​សំឡេង​រថយន្ត​យ៉ាង​គគ្រឹក​គ្រេង​នៅ​ក្នុង​ទឹក​ដី​ថៃ​ទល់​មុខ​វាល​ឥន្ទ្រី​ដែល​មាន​ចម្ងាយ​ប្រមាណ​​៣​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ប្រាសាទ​ព្រះវិហារ​នោះ មិន​ដឹង​ជា​មាន​រឿង​អ្វី​នឹង​កើត​ឡើង។

លោក ស្រី ឌឹក បាន​ព្រមាន​ថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នៅ​តំបន់​វាល​ឥន្ទ្រី​ដែល​នឹង​អាច​​ចៀស​ផុត​ឬ​មិន​ផុត​នៅ​ពេល​ខាង​មុខ គឺ​វា​អាស្រ័យ​លើ​ភាគី​ថៃ​មិន​មែន​បណ្តាល​មក​ពី​ទាហាន​ខ្មែរ​ទេ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​ថ្លែង​ថា ៖ «នៅ​ស្ថានភាព​ធម្មតា ប៉ុន្តែ​ខាង​ក្នុង​វា​ហ្នឹង​គឺ​គ្រាន់តែ​ឮ​ថា គគ្រឹក​គគ្រេង ប៉ុន្តែ​មិន​ដឹង​គេ​ដឹក​អី យើង​ម៉េច​ដឹង។ ខ្ញុំ​និយាយ​មួយ​ម៉ាត់​ខ្លី​ថា រឿង​ចៀស​ផុត មិន​ផុត អាស្រ័យ​លើ​ភាគី​ថៃ​ប៉ុណ្ណឹង​ទេ! សំខាន់​លើ​ទាហាន​ថៃ​ចូល បើ​កាល​ណា​ចូល​មក វា​មាន​បញ្ហា។ បើ​សិន​គាត់​មិន​ចូល នៅ​ស្ថានភាព​ដូច​រាល់​ថ្ងៃ មិន​មាន​អី​ទេ! តែ​បើ​សិន​ជា​គាត់​អនុវត្ត​ទៅ​តាម​គោល​គំនិត​របស់ អាភីស៊ិត អា​ហ្នឹង​វា​ជា​រឿង​មួយ សង្គ្រាម​នឹង​ផ្ទុះ​តែ​ប៉ុណ្ណឹង! យើង​មិន​ដឹង​អី​ទាំង​អស់ ដឹង​តែ ១​មីលីម៉ែត្រ​ក៏​យើង​មិន​ទាមទារ​គេ ប៉ុន្តែ ១​មីលីម៉ែត្រ​ក៏​យើង​អត់​ឲ្យ​ចូល ប៉ុណ្ណឹង​ទេ!»

ការ​ព្រមាន​របស់​មេ​ទ័ព​ខ្មែរ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កាសែត​ថៃ Bangkok Post ដែល​ដកស្រង់​សម្ដី​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​និយាយ​ថា ថៃ​នឹង​មិន​ព្រម​ឲ្យ​បាត់បង់​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ ដែល​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ទៅ​ឲ្យ​ខ្មែរ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​មាន​ប្រសាសន៍​ថា ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ​ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​គឺ​ជា​កម្មសិទ្ធិ​របស់​ថៃ៕