នៅ​ពេល​ផ្ទះ​ត្រូវ​កម្ទេច​អស់ កូន​អ្នក​បុរី​កីឡា​ខ្លះ​មិន​បាន​ទៅ​រៀន

កូន​អ្នក​ភូមិ​បុរី​កីឡា មិន​បាន​ទៅ​សាលារៀន​អស់​រយៈ​ពេល​ប្រមាណ ១ សប្ដាហ៍​មក​ហើយ ព្រោះ​គ្មាន​ជម្រក គ្មាន​សំលៀក​បំពាក់ និង​សម្ភារៈ​សិក្សា។

0:00 / 0:00

សិស្ស​នៅ​បូរី​កីឡា ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ដែល​គេ​តែងតែ​សង្កេត​ឃើញ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ទៅ​សាលារៀន​រាល់​ថ្ងៃ​នោះ ឥលូវ​នេះ ពួក​គេ​ភាគ​ច្រើន មិន​បាន​ទៅ​សាលារៀន​ដូច​កាល​ពី​មុន​ទៀត​ឡើយ ដោយសារ​តែ​គ្មាន​ទី​ជម្រក​ស្នាក់​នៅ បន្ទាប់​ពី​ក្រុមហ៊ុន ផានអ៊ីមិច (Phanimex) ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គាត់​ចោល​អស់។

កុមារី​ឈ្មោះ វ៉ាន់ ស្រីយ៉ា អាយុ ១០ ឆ្នាំ រៀន​នៅ​ថ្នាក់​ទី ៣ នាង​ធ្លាប់​តែ​ស្លៀក​ឯកសណ្ឋាន​សិស្ស​ថ្មីៗ ទៅ​សាលារៀន​រាល់​ថ្ងៃ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ៩ មករា ស្រីយ៉ា មិន​បាន​ទៅ​រៀន​ទេ នាង​បែរ​ជា​ដើរ​រើស​អេតចាយ​ទៅ​វិញ ដើម្បី​រក​លុយ​ទិញ​សំលៀកបំពាក់ និង​សម្ភារៈ​សិក្សា ពីព្រោះ​ថា សំលៀក​បំពាក់​ដែល​នាង​ធ្លាប់​ស្លៀក​ទៅ​រៀន​រាល់​ថ្ងៃ​នោះ ត្រូវ​បាន​បាត់បង់​ខណៈ​គ្រឿង​ចក្រ​ក្រុមហ៊ុន​បាន​វាយ​កម្ទេច​ផ្ទះ​របស់​នាង។

គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ផានអ៊ីមិច ជា​ច្រើន​គ្រឿង រួម​ទាំង​មាន​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ការពារ​នោះ បាន​ឈូស​ឆាយ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​នៅ​បូរី​កីឡា កាល​ពី​ថ្ងៃ​ទី ៣ មករា ឆ្នាំ ២០១២ រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា រវាង​ប្រជា​ពលរដ្ឋ​ជាង ២០០ គ្រួសារ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ ប្រជា​ពលរដ្ឋ​ទាំង​នោះ​មួយ​ចំនួន ត្រូវ​បណ្ដេញ​ឲ្យ​ទៅ​នៅ​ភ្នំ​បាត ស្រុក​ពញាឮ ខែត្រ​កណ្ដាល ដែល​មាន​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

យុវសិស្ស​មួយ​រួប​ទៀត ជា​កូន​របស់​មន្ត្រី​នគរបាល​រស់នៅ​បូរី​កីឡា ដែល​អាគារ​ស្នាក់នៅ​របស់​នាង​ក្រុមហ៊ុន​មិន​ទាន់​ឈូស​ឆាយ​នៅ​ឡើយ បាន​រៀបរាប់​ទាំង​ក្ដី​ក្ដុកក្ដួល​ថា នាង​សិក្សា​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​បាក់​ទូក ហើយ​កញ្ញា​មិន​បាន​ទៅ​រៀន​ប្រមាណ ១ សប្ដាហ៍​កន្លង​មក​ហើយ ដោយសារ​តែ​កញ្ញា​នៅ​ចាំ​ផ្ទះ ឪពុក​ម្ដាយ​ទៅ​ធ្វើការ​ខ្លាច​ក្រុមហ៊ុន​មក​វាយ​កម្ទេច​ផ្ទះ​យក​ឥវ៉ាន់​ចេញ​មិន​ទាន់​ដូច​អ្នក​មុន​ទៀត។

កញ្ញា​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា នៅ​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​នាង​ត្រូវ​ប្រលង​យក​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​ហៅ​ថា បាក់ឌុប។ បញ្ហា​អវត្តមាន​នេះ នាង​ខ្លាច​រៀន​មិន​ទាន់​គេ ហើយ​ណា​មួយ គិត​អំពី​បញ្ហា​គ្រួសារ ដែល​ប្រឈម​នឹង​ការ​បាត់បង់​លំនៅ​ទៀត។

លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី ៩ មករា លោក​នឹង​ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជំរុញ​ក្រុមហ៊ុន ផានអ៊ីមិច ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខក​ខាន​មិន​បាន​ទៅ​រៀន​របស់​កូន​អ្នក​ភូមិ​នៅ​បូរី​កីឡា ដែល​មាន​អ្នក​ខ្លះ​រៀន​នៅ​បឋម មធ្យម​សិក្សា និង​នៅ​ឧត្ដម​សិក្សា និង​បញ្ហា​ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គាត់​ចោល។

លោក រ៉ុង ឈុន បាន​អះអាង​ថា ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​នៅ​បូរី​កីឡា ជាង ២០០ គ្រួសារ ដែល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នោះ ស្ទើរ​តែ​គ្រប់​គ្រួសារ​ទាំង​អស់​មាន​កូន​នៅ​រៀន។ លោក រ៉ុង ឈុន បាន​ប្រៀប​ប្រដូច​ការ​បណ្ដេញ​អ្នក​ភូមិ​បូរី​កីឡា របស់​ក្រុមហ៊ុន ហើយ​កម្លាំង​ប្រដាប់​អាវុធ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ភូមិ លើ​ក្មេង​ជា​អនីតិជន និង​ជា​កូន​សិស្ស​នោះ លោក​បញ្ជាក់​ថា ទង្វើ​ទាំង​នេះ ហាក់​ដូច​ជា​ជាប់​សារជាតិ​ខ្មែរក្រហម។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ស្ត្រី​ខ្មែរ កញ្ញា អរុណ រស្មី បាន​លើក​ឡើង​ថា ការ​បណ្ដេញ​ចេញ​អ្នកភូមិ​បូរី​កីឡា​នេះ បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​កុមារា កុមារី ដែល​ប៉ះពាល់​ទាំង​ការ​សិក្សា និង​ផ្នែក​សតិ​អារម្មណ៍​ភ័យខ្លាច ពីព្រោះ​ថា កុមារ ឬ​សិស្ស​ទាំង​នោះ មាន​ទុក្ខ​ធ្ងន់ធ្ងរ​នៅ​ពេល​ពួក​គាត់​បាត់បង់​លំនៅ​ដ៏​កក់ក្ដៅ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទោះ​បី​ជា​ផ្ទះ​របស់​ពួក​គាត់​តូច ឬ​ធំ​ក្ដី។

កញ្ញា អរុណ រស្មី បាន​បញ្ជាក់​ថា នៅ​ពេល​ឪពុក​ម្ដាយ​របស់​ពួក​គាត់ មិន​ទាន់​មាន​ទី​ជម្រក​ពិត​ប្រាកដ​នោះ កូន​របស់​ពួក​គាត់​ត្រូវ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​ឪពុក​ម្ដាយ​របស់​ខ្លួន ដូច​ជា​ករណី​ ម្ដាយ​របស់​ក្មេង​ទាំង​នោះ ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​រក​យុត្តិធម៌​ជា​ដើម។

សកម្មជន​ការពារ​សិទ្ធិមនុស្ស បាន​ពន្យល់​ថា ប្រជា​ពលរដ្ឋ​នៅ​បូរី​កីឡា ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជួន​ទៅ​នៅ​តំបន់​ភ្នំ​បាត ក្នុង​ស្រុក​ពញាឮ​នោះ កូន​របស់​ពួក​គាត់​ក៏​មិន​ទាន់​បាន​ចូល​រៀន​នៅ​ឡើយ​ដែរ។ រី​ឯ​ក្មេងៗ ដែល​ឪពុក​ម្ដាយ​របស់​ពួក​គាត់​មិន​ព្រម​ចេញ​ទៅ​ភ្នំ​បាត​នោះ នៅ​ពេល​យប់​ពួក​គាត់​សម្រាក​នៅ​តាម​ច្រក​ផ្លូវ​ចូល​ផ្ទះ​របស់​អ្នក​ភូមិ នៅ​តំបន់​បូរី​កីឡា។

មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ផានអ៊ីមិច នេះ ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស ពីព្រោះ​ថា សកម្មភាព​អភិវឌ្ឍន៍​នេះ ជា​ការ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឈម​នឹង​ភាព​ក្រីក្រ និង​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ក្មេង។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស បាន​លើក​ហេតុផល​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះស្រាយ​ករណី​បណ្ដេញ​អ្នក​ភូមិ​បូរី​កីឡា​ឲ្យ​បាន​សមស្រប​ទេ​នោះ គឺ​កូន​របស់​ពួក​គាត់​រាប់​រយ​នាក់​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា ដែល​ធ្វើ​ឲ្យ​ក្មេង​ទាំង​អស់​នោះ​ខូច​អនាគត ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​ពួក​គាត់​ក្រីក្រ និង​គ្មាន​ទី​ជម្រក​ស្នាក់នៅ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឆ្លើយ​តប​ជា​ផ្លូវការ​លើក​ដំបូង​មួយ កាល​ពី​ថ្ងៃ​ទី ៦ មករា ដែល​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​អំពី​សកម្មភាព​បណ្ដេញ​ចេញ និង​កង​កម្លាំង​ចម្រុះ ប្រើ​ហិង្សា​មក​លើ​ប្រជា​ពលរដ្ឋ​នោះ។

សេចក្ដី​ជូន​ដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា កន្លង​មក សាលា​រាជធានី​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​រុះរើ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពួក​គេ​នៅ​តែ​អូស​បន្លាយ​ពេល​វេលា។ ករណី​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី ៣ មករា រវាង​ប្រជា​ពលរដ្ឋ និង​កង​កម្លាំង​សមត្ថកិច្ច​នោះ ពីព្រោះ​ប្រជា​ពលរដ្ឋ​បាន​ប្រើ​ហិង្សា​មក​លើ​សមត្ថកិច្ច ដែល​ធ្វើ​សមត្ថកិច្ច​មួយ​ចំនួន​រង​របួស។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ដោះស្រាយ​តាម​បែប​ចាត់​វិធានការ​សម​ស្រប ចំពោះ​ប្រជា​ពលរដ្ឋ​ទាំង​នោះ និង​បាន​រុះរើ​សំណង់ ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ទទួល​បាន​ផ្ទះ​ពី​រដ្ឋ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ធានា​ឲ្យ​មាន​នីតិរដ្ឋ និង​ផ្ដល់​ភាព​យុត្តិធម៌ សម្រាប់​ប្រជា​ពលរដ្ឋ​ជាង ១ ពាន់​គ្រួសារ ដែល​បាន​ស្ម័គ្រ​ចិត្ត​ទទួល​ផ្ទះ​ពី​រដ្ឋ​នៅ​សហគមន៍​បូរី​កីឡា​នោះ៕