ក្រសួង​ការពារ​ជាតិ​នឹង​រៀបចំ​ជ្រើស​រើស​ទាហាន​បម្រុង​ឆាប់ៗ

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិ បាន​ប្រកាស​នៅ​ថ្ងៃ​១ សីហា​នេះ​ថា ក្រសួង​​​នឹង​រៀបចំ​ជ្រើស​រើស​ទាហាន​បម្រុង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​គណៈ​រដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្ដី​ព្រាង​ព្រះរាជ​ក្រឹត្យ​ស្ដី​ពី​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​យោធិន​បម្រុង។
ដោយ យន់ សាមៀន
2010-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៤-មីនា-២០១០: ទាហាន​ខ្មែរ​រៀបចំ​ត្រៀម​បាញ់​សាកល្បង​នូវ​កាំជ្រួច​ហ្វូង BM21 នៅ​ឯ​វាល​យន្តហោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង
៤-មីនា-២០១០: ទាហាន​ខ្មែរ​រៀបចំ​ត្រៀម​បាញ់​សាកល្បង​នូវ​កាំជ្រួច​ហ្វូង BM21 នៅ​ឯ​វាល​យន្តហោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង
RFA/Mondulkeo

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​សីហា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី ឲ្យ​ដឹង​ថា ក្រសួង​ការពារ​ជាតិ​នឹង​ចាប់​ផ្ដើម​រៀបចំ​ទាហាន​បម្រុង​របស់​កង​យោធពល​ខេមរភូមិន្ទ សម្រាប់​តម្រូវការ​ចាំបាច់​របស់​ប្រទេស​ជាតិ និង​សម្រាប់​ត្រៀម​ជា​កម្លាំង​រង់ចាំ​បំពេញ​ភារកិច្ច​តាម​តម្រូវការ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

លោក ឈុំ សុជាត បន្ថែម​ថា វា​ជា​ការ​ចាំបាច់​ណាស់​ដែល​ប្រទេស​កម្ពុជា ត្រូវការ​ត្រៀម​កម្លាំង​យោធា​ក្នុង​កិច្ច​ការពារ​ប្រទេស។ លោក​ថា ក្រសួង​ការពារ​ជាតិ នឹង​អនុវត្ត​ព្រះរាជ​ក្រឹត្យ​ស្តី​ពី​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​យោធិន​បម្រុង បន្ទាប់​ពី​ព្រះមហាក្សត្រ ព្រះបាទ​នរោត្ដម សីហមុនី ឡាយ​ព្រះហស្ត​លេខា​ចូល​ជា​ធរមាន។

សមាជិក​យោធិន​បម្រុង​ដែល​នឹង​ជ្រើស​រើស​រួម​មាន យោធិន​ជាប់​កិច្ចសន្យា​យោធិន​អាជីព​ដែល​ចូល​និវត្តន៍ ឬ​លា​ឈប់​ពី​ការងារ​មុន​អាយុ​កំណត់​ចូល​និវត្តន៍។ យោធិន​ជាប់​កិច្ចសន្យា​ដែល​បាន​បញ្ចប់​កិច្ចសន្យា​ បន្ទាប់​ពី​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​ក្រសួង​ការពារ​ជាតិ និង​ពលរដ្ឋ​ដែល​បាន​បញ្ចប់​កាតព្វកិច្ច​យោធា។ យោធិន​បម្រុង​ទាំង​នោះ នឹង​តម្រូវ​ឲ្យ​បម្រើ​ភារកិច្ច​យ៉ាង​តិច​ចំនួន​ពី ៣ ទៅ ៤​ខែ។

លោក ឈុំ សុជាត បន្ថែម​ថា មក​ទល់​ពេល​នេះ ក្រសួង​មិន​ទាន់​ដឹង​ចំនួន​យោធិន​បម្រុង​ចំនួន​ប៉ុន្មាន​នាក់​នឹង​ត្រូវ​ជ្រើស​រើស ហើយ​ការ​ជ្រើស​រើស​វា​អាស្រ័យ​ទៅ​លើ​ថវិកា​ជាតិ​ដែល​សម្រេច​ដោយ​រដ្ឋ​សភា។

ការ​ជ្រើស​រើស​យោធិន​បម្រុង​នេះ ធ្វើ​ទៅ​តាម​មាត្រា​ទី​៥ នៃ​ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​ពី​១៨ ដល់ ៣០​ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា។ ការ​បំពេញ​កាតព្វកិច្ច​យោធា​មាន​កំណត់​ពេល ១៨​ខែ គឺ​គិត​ពី​ថ្ងៃ​ចូល​បំពេញ​កាតព្វកិច្ច។ យោធិន​ដែល​បាន​បញ្ចប់​កាតព្វកិច្ច​យោធា​ហើយ ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​កាន់​ជីវភាព​ស៊ីវិល​វិញ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​យោធិន​បម្រុង។

លោក ឈុំ សុជាត បន្ថែម​ថា បច្ចុប្បន្ន​នេះ ក្រសួង​ការពារ​ជាតិ​មិន​ទាន់​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ក្រសួង​ការពារ​ជាតិ​នៅ​ពេល​នេះ ជ្រើស​រើស​កងទ័ព​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​នៅ​ឡើយ​ទេ ពីព្រោះ​ក្រសួង​នៅ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​សីហា​ថា ទោះ​បី​ជា​រដ្ឋាភិបាល​មាន​គម្រោង​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​ក៏ដោយ រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​គម្រោង​បង្កើន​ការ​ចំណាយ​ថវិកា​វិស័យ​ការពារ​ជាតិ​នៅ​ឡើយ​ទេ។ លោក​ថា ថវិកា​ឆ្នាំ​២០១០ របស់​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ មាន​ចំនួន​ប្រហែល ៥០០​លាន​ដុល្លារ។ ឥឡូវ​នេះ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​ការពារ​ជាតិ រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការ​ចង​មេត្រី​រវាង​ក្រុមហ៊ុន និង​កង​យោធពល​ខេមរភូមិន្ទ ប្រយោជន៍​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំង​ឡាយ​នោះ ផ្ដល់​ថវិកា​ជា​ជំនួយ​ដល់​កងទ័ព។

លោក ជាម យៀប បន្ថែម​ថា កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម ដើម្បី​ការពារ​បូរណភាព​ដែនដី​កម្ពុជា ប៉ុន្តែ​មិន​មាន​ន័យ​ថា កម្ពុជា​ចង់​បង្ក​សង្គ្រាម​ទេ។

លោក ឈុំ សុជាត បដិសេធ​ថា កម្ពុជា​ត្រៀម​ទ័ព​បម្រុង​នេះ មិន​មែន​ដោយសារ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ទេ ពីព្រោះ​កម្ពុជា​មាន​កងទ័ព​គ្រប់គ្រាន់​ដើម្បី​ការពារ​ប្រទេស​ជាតិ​ហើយ។

ក្នុង​គេហទំព័រ​ភ្នាក់ងារ​ស៊ើប​ការណ៍​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា កម្ពុជា​មាន​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ទាហាន​ទាំង​បុរស និង​ស្ត្រី មាន​ចំនួន​ច្រើន​ជាង ៦​លាន​នាក់ ហើយ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ថៃ ថៃ​មាន​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ទាហាន​មាន​ចំនួន​ច្រើន​ជាង ៣៤​លាន​នាក់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ថា ក្រសួង​ការពារ​ជាតិ​ត្រូវ​អនុវត្ត​គោលការណ៍​បម្រើ​កងទ័ព​ដោយ​ស្ម័គ្រ​ចិត្ត ជា​ជាង​ការ​ចាប់​បង្ខំ។ លោក​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ពុករលួយ​ដែល​អាច​កើត​ឡើង​ក្នុង​ពេល​ដែល​មាន​ការ​អនុវត្ត​កាតព្វកិច្ច​យោធា ដោយ​មន្ត្រី​ក្រសួង​អាច​ជ្រើស​រើស​តែ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ចៀស​វាង​មិន​រើស​អ្នក​មាន។

ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-​ថៃ បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ប្រទេស​ថៃ​បាន​បញ្ជូន​កង​ទ័ព​រាប់​រយ​នាក់​ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨។ កងទ័ព​កម្ពុជា និង​ថៃ ធ្លាប់​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក ដែល​បណ្តាល​ឲ្យ​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល