អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ រយៈពេល ៦០ឆ្នាំមកនេះ បើទោះបីកម្ពុជា និងថៃ ធ្លាប់មានការប៉ះទង្គិចទាំងកងកម្លាំងប្រដាប់អាវុធ ឬទាំងបញ្ហាការទូតក៏ដោយ ក៏ប្រទេសទាំងពីរកំពុងខិតខំស្វែងរកការបញ្ចប់ជម្លោះទាំងនោះដោយសន្តិវិធី សម្រាប់ប្រជាជាតិរៀងៗខ្លួន។
កម្ពុជា និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាក្នុងឆ្នាំង១៩៥០ នៅមុនកម្ពុជា បានទទួលឯករាជ្យពីបារាំង ក្នុងឆ្នាំ១៩៥២ និងនៅមុនពេលកម្ពុជា ឈ្នះក្ដីលើករណីប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលកាត់ក្ដីដោយតុលាការអន្តរជាតិ ទីក្រុងឡាអេ។
បន្ទាប់ពីកម្ពុជា បានឈ្នះក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ដែលកសាងក្នុងអំឡុងសតវត្សទី១១ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨មក ស្ថានការណ៍នៅតាមតំបន់ព្រំដែនខ្មែរ-ថៃ ក្បែរតំបន់ព្រំដែនកាន់តែមានភាពតានតឹង។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដដែល ថៃបានបញ្ជូនកងទ័ពរបស់ខ្លួនរាប់រយនាក់មកឈ្លានពានក្នុងទឹកដីខ្មែរ ហើយបានបង្កឲ្យមានការប៉ះទង្គិចកម្លាំងយោធា ដែលបណ្ដាលឲ្យកងទ័ពនៃប្រទេសទាំងពីរស្លាប់ និងរបួលរៀងៗខ្លួន។ ប្រទេសថៃ ក៏បានដាក់ពង្រាយកងទ័ពឈុតខ្មៅរបស់ខ្លួនចំនួន ១០នាក់ឲ្យប្រចាំការនៅវត្តកែសិក្ខាគិរីស្វារៈ ក្នុងទឹកដីខ្មែរផងដែរ។
នៅដើមខែវិច្ឆិកា ឆ្នាំ២០០៩ រដ្ឋាភិបាលថៃ ដែលដឹកនាំដោយរដ្ឋបាលរបស់លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានដកឯកអគ្គរាជទូតរបស់ខ្លួនចេញពីកម្ពុជា ខណៈស្ថានការណ៍កម្ពុជា និងថៃ តាមតំបន់ព្រំដែនកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ និងដោយសារកម្ពុជា បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលត្រូវបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធា ឲ្យធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា លោកគិតថា ស្ថានភាពនយោបាយរវាងកម្ពុជា-ថៃ តទៅមុខអាចមានសភាពធូរស្រាលបាន ប្រសិនបើពុំមានការជ្រៀតជ្រែកពីប្រទេសវៀតណាម ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ។
លោក កឹម សុខា មានប្រសាសន៍បន្តថា ជម្លោះរបស់កម្ពុជា ជាមួយថៃ នាំឲ្យវៀតណាម ជាអ្នកចំណេញធំខាងផ្នែកសេដ្ឋកិច្ច ហើយអ្នកដែលខាតគឺកម្ពុជា និងថៃ។
ប៉ុន្តែលោក ជាម យៀប តំណាងរាស្ត្រពីខាងគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះការលើកឡើងនេះ ដោយលោកមានប្រសាសន៍ថា កម្ពុជាជាប្រទេសបើកចំហផ្នែកវិនិយោគទុន។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលថៃ បានសម្រេចដកកងទ័ពឈុតខ្មៅរបស់ខ្លួនចំនួន ១០នាក់ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ នៅបន្ទាប់កម្ពុជា និងថៃ ស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងមានគម្រោងលើការឲ្យមានការចេញចូលរវាងប្រទេសទាំងពីរ ដោយមិនយកទិដ្ឋាការផងដែរនោះ៕