មតិ​ជុំវិញ​ពិធី​បុណ្យ​នៅ​ស្រុក​ខ្មែរ

ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​បាន​ឈាន​ចូល​មក​ដល់​ថ្ងៃ​បញ្ចប់​ទៅ​ហើយ។

0:00 / 0:00

នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១១គឺ​ត្រូវ​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ ឬ​ថ្ងៃ​បង្ហើយ​ចូល​ឆ្នាំ គេ​សង្កេត​ឃើញ​នៅ​តាម​ដង​វិថី​នានា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ចលនា​ចរាចរណ៍​មមាញឹក​បន្តិច​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​បាន​ស្ងប់ស្ងាត់​អស់​រយៈ​ពេល ២​ថ្ងៃ រួច​មក ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ថោះ។ អ្នក​រត់​តាក់ស៊ី​នៅ​បេន​ផ្សារ​ដើម​គ អះអាង​ថា ក្រៅ​តែ​ពី​អ្នក​មាន​រថយន្ត​ផ្ទាល់​ខ្លួន​បាន​វិល​ចូល​មក​ភ្នំពេញ​វិញ​នោះ អ្នក​ដំណើរ​តាម​រថយន្ត​ឈ្នួល​ដូច​ចាំ​កម្មករ​រោងចក្រ ក៏​ចាប់​ផ្ដើម​ត្រឡប់​មក​ធ្វើ​ការ​វិញ​បណ្ដើរ​ដែរ​នៅ​ថ្ងៃ​បង្ហើយ​ចូល​ឆ្នាំ ៖ «មាន​តែ​មនុស្ស​ចុះ​ថ្ងៃ​នឹង មនុស្ស​ទៅ​អត់​មាន​ទេ។ មាន​តែ​មនុស្ស​មក​វិញ មនុស្ស​ទៅ​ស្រុក​អត់​មាន​ទេ មាន​តែ​មនុស្ស​ពី​ស្រុក​មក​វិញ»។

ចំណែក​អាជីវករ​មួយ​ចំនួន ដែល​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​បាន​បើក​លក់​ដូរ​វិញ​ដែរ ខណៈ​ដែល​ផ្សារ​ធំ​ៗ​នៅ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ។ អាជីវករ​នៅ​ផ្សារ​ដើម​គ​ខ្លះ​អះអាង​ថា ក្នុង​រយៈ​ពេល​បុណ្យ​ចូល​ឆ្នាំ ២​ថ្ងៃ ពួក​គាត់​បាន​សប្បាយ​រីករាយ ចាយ​វាយ​អស់​ប្រាក់​យ៉ាង​ច្រើន ទើប​នាំ​គ្នា​ម្នីម្នា​ចាប់​លក់​ដូរ​ទាំង​បុណ្យ​ចូល​ឆ្នាំ​មិន​ចប់​ស្រួលបួល​ផង «បើ​មិន​លក់​បាន​លុយ​អី​ចាយ! បុណ្យ​ច្រើន​អុំទូក​អក​អំបុក ភ្ជុំបិណ្ឌ ចូលឆ្នាំ ចូល​ឆ្នាំ​ចិន ឆេងម៉េង​អី​ឈប់​រហូត បុណ្យ​គ្រីស្ទម៉ាស់​អី»។

អ្នក​លក់​ប្រុស ៖ «ពេល​ចូល​ឆ្នាំ​ហ្នឹង គេ​បិទ​ផ្សារ​អស់។ អ៊ីចឹង យើង​មក​លក់​នៅ​ក្រៅ​ម្តង»។

បន្ទាប់​ពី​សង្គ្រាម​ខ្ទេច​ខ្ទាំ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​៣០​ ឆ្នាំ​រួច​មក ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​សម្បូរ​ទៅ​ដោយ​ថ្ងៃ​បុណ្យ ច្រើន​ជាង​ប្រទេស​នានា​លើ​ពិភព​លោក។ ថ្ងៃ​បុណ្យ​ជាតិ និង​អន្តរ​ជាតិ​ទាំង​នោះ ត្រូវ​បាន​គណៈកម្មាធិការ​បុណ្យ​ជាតិ និង​អន្តរ​ជាតិ​នៃ​រដ្ឋាភិបាល​កម្ពុជា​បោះ​ពុម្ព​ផ្សាយ​ជា​ផ្លូវ​ការ និង​ចុះ​ផ្សាយ​តាម​ប្រតិទិន ដែល​ថ្ងៃ​បុណ្យ​ទាំង​នោះ​មាន​សរុប​ចំនួន​១០ ដូច​ជា ថ្ងៃ​ទី​១ មករា ទិវា​បុណ្យ​ចូល​ឆ្នាំ​សកល ៧​មករា ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ១៨​កុម្ភៈ ពិធី​បុណ្យ​មាឃបូជា ៨​មិនា ទិវា​នារី​អន្តរ​ជាតិ ១៣-១៤-១៥ ឬ​ជួន​កាល ថ្ងៃ​ទី​១៤-១៥-១៦ មេសា ទិវា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ១​ឧសភា ទិវា​ពលកម្ម​អន្តរ​ជាតិ ១៣-១៤-១៥​ឧសភា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ១៧​ឧសភា ពិធី​បុណ្យ​វិសាខ​បូជា ២១​ឧសភា ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ១​មិថុនា ទិវា​កុមារ​អន្តរ​ជាតិ និង​ទិវា​កុមារ​កម្ពុជា ថ្ងៃ​ទី​១៨ មិថុនា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វរ​រាជ​មាតា នរោត្តម មុនិនាថ សីហនុ ២៤​កញ្ញា ទិវា​រដ្ឋធម្មនុញ្ញ ថ្ងៃ​ទី​២៦-២៧-២៨​កញ្ញា ព្រះ​រាជ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ២៩​តុលា ព្រះ​រាជ​ពិធី​គ្រង​ព្រះ​រាជ​សម្បត្តិ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ៣១​តុលា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​វរ​រាជ​បិតា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ៩​វិច្ឆិកា ពិធី​បុណ្យ​ឯករាជ​ជាតិ ថ្ងៃ​ទី​៩-១០-១១ វិច្ឆិកា ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ អក​អំបុក និង​ថ្ងៃ​ទី​១០ ធ្នូ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។

ច្បាប់​ប្រទេស​កម្ពុជា​បាន​ចែង​ថា រាល់​ពិធី​បុណ្យ​ជាតិ និង​អន្តរ​ជាតិ តម្រូវ​ឲ្យ​មន្ត្រី​រាជការ​ឈប់​សម្រាក ហើយ​បើ​ថ្ងៃ​បុណ្យ​ណា​ជាន់​លើ​ថ្ងៃ​ឈប់​សម្រាក​ដូច​ជា​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ មន្ត្រី​រាជការ​ត្រូវ​យក​ថ្ងៃ​ធ្វើ​ការ​ដែល​ជា​ថ្ងៃ​បន្ទាប់​ថ្ងៃ​បុណ្យ​ឈប់ ​សង​ជំនួស​វិញ។ ជាក់​ស្ដែង​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ២០១១ នេះ ប៉ះ​ចំ​លើ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មួយ​ថ្ងៃ ដូច្នេះ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​ឈប់​នៅ​ថ្ងៃ​ច័ន្ទ​មួយ​ថ្ងៃ​ទៀត ដើម្បី​សង​ថ្ងៃ​សៅរ៍ ដែល​បុណ្យ​ចូលឆ្នាំ​ប៉ះ​ចំ​លើ​ថ្ងៃ​នេះ។

មន្ត្រី និង​ប្រជា​ជន​ខ្លះ​ត្អូញត្អែរ​ថា ស្រុក​ខ្មែរ​បុណ្យ​ច្រើន​ពេក ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ប្រកប​មុខ​របរ ប៉ះពាល់​ម៉ោង​ធ្វើ​ការងារ​រដ្ឋ និង​ខាត​បង់​ថវិកា​រដ្ឋ​ច្រើន។ ប៉ុន្តែ​អ្នក​ខ្លះ​បាន​អបអរ និង​ពេញ​ចិត្ត​ចំពោះ​ថ្ងៃ​បុណ្យ​ដ៏​ច្រើន​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ។

ចំពោះ​អ្នក​ប្រកប​របរ​លក់​ដូរ និង​របរ​រត់​រថយន្ត​ឈ្នួល ភាគ​ច្រើន​ពេញ​ចិត្ត​ឲ្យ​មាន​ពិធី​បុណ្យ​ច្រើន​ដូច្នេះ ព្រោះ​គេ​នឹង​បាន​ផល​ប្រយោជន៍​ច្រើន។ ជា​អាទិ​អ្នក​បើកបរ​រថយន្ត​ឈ្នួល​នៅ​ផ្សារ​ដើម​គ​ម្នាក់​បន្ថែម ៖ «និយាយ​រួម​ទៅ​បុណ្យ​ច្រើន​មែន យើង​រក​ស៊ី​បាន​តែ​ខែ​ភ្ជុំ និង​ចូល​ឆ្នាំ​ទេ។ បុណ្យ​មាឃ​ចិន​អី​ធម្មតា មិន​សូវ​មាន​អ្នក​ដើរ​ទេ។ ចិន​យួន​អី​គេ​ដើរ គេ​មាន​យាន​ជំនិះ​របស់​គេ។ ដោយ​ឡែក​ខ្មែរ​យើង​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំ បាន​អ្នក​ដំណើរ​ឈប់​ច្រើន​ដូច​ជា​ពួក​រោង​ចក្រ​ជា​ដើម»។

ទាក់ទង​ទៅ​នឹង​ផល​ប្រយោជន៍​ជាតិ​វិញ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​មាន​បុណ្យ​ច្រើន​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​កម្មវិធី​សិក្សា​សិស្ស​សាលា ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ប្រទេស​ជាតិ ក្រៅ​ពី​ការ​ខាត​បង់​ដទៃ​ទៀត។ ជា​ពិសេស​លោក​បាន​រិះ​គន់​រដ្ឋាភិបាល​ដែល​ធូរ​រលង់​បណ្ដោយ​ឲ្យ​មាន​មន្ត្រី​រាជការ គ្រូ​បង្រៀន​ឈប់​ធ្វើ​ការ​ក្នុង​ថ្ងៃ​បុណ្យ​ដែល​មិន​មែន​បុណ្យ​ជាតិ ដែល​មាន​ចែង​ក្នុង​ច្បាប់។

លោក រ៉ុង ឈុន ៖ «បុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​ចិន​អី ដែល​មិន​ត្រូវ​ឈប់​សម្រាក ក៏​ជា​ទូទៅ​សិស្ស​សាលា​ក៏​ត្រូវ​បាន​ឱ្យ​ឈប់​សម្រាក សាលា​ក៏​ត្រូវ​បិទ​ទ្វារ​មួយ​អាទិត្យ ឬ​រហូត​ជិត​ពីរ​អាទិត្យ។ យើង​ឃើញ​ថា អា​ហ្នឹង​ហើយ ដែល​ប៉ះ​ពាល់​ដល់​កម្មវិធី​សិក្សា បណ្ដាល​ឱ្យ​ការសិក្សា​ហ្នឹង​មិន​ចប់​កម្ម​វិធី​ បើ​ចប់​ក៏​គ្រូ​បង្រៀន​ហ្នឹង​ចាប់​ញាត់ ដើម្បី​បញ្ចប់​កម្មវិធី​ដោយ​គ្មាន​គុណភាព»។

ខណៈ​ដែល​មាន​មនុស្ស​ភាគ​ច្រើន​កំពុង​តែ​ពេញ​ចិត្ត រីករាយ​ពិធី​បុណ្យ​ដែល​មាន​ច្រើន​នៅ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ ក៏​ប៉ុន្តែ​មាន​ប្រជា​ជន និង​មន្ត្រី​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង​ៗ កំពុង​តែ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន រាល់​ពេល​មាន​ពិធី​បុណ្យ​ម្ដងៗ ដូច​ជា មាន​មនុស្ស​ច្រើន​បាន​ស្លាប់​ពេល​បុណ្យ​ម្ដងៗ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ឈ្លោះ​វាយ​តប់ បាញ់ ឬ​គប់​គ្រាប់​បែក​សម្លាប់​គ្នា ឬ​ក៏​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់​ដូច​ជា​ពេល​បុណ្យ​អុំទូក​អក​អំបុក សំពះ​ព្រះខែ កាល​ពី​ឆ្នាំ​ទៅ​មិញ នៅ​ស្ពាន​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ដើម៕