នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១១គឺត្រូវនឹងថ្ងៃចូលឆ្នាំទី៣ ឬថ្ងៃបង្ហើយចូលឆ្នាំ គេសង្កេតឃើញនៅតាមដងវិថីនានា នៅក្នុងទីក្រុងភ្នំពេញ មានចលនាចរាចរណ៍មមាញឹកបន្តិចឡើងវិញហើយ បន្ទាប់ពីទីក្រុងភ្នំពេញបានស្ងប់ស្ងាត់អស់រយៈពេល ២ថ្ងៃ រួចមក ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំថោះ។ អ្នករត់តាក់ស៊ីនៅបេនផ្សារដើមគ អះអាងថា ក្រៅតែពីអ្នកមានរថយន្តផ្ទាល់ខ្លួនបានវិលចូលមកភ្នំពេញវិញនោះ អ្នកដំណើរតាមរថយន្តឈ្នួលដូចចាំកម្មកររោងចក្រ ក៏ចាប់ផ្ដើមត្រឡប់មកធ្វើការវិញបណ្ដើរដែរនៅថ្ងៃបង្ហើយចូលឆ្នាំ ៖ «មានតែមនុស្សចុះថ្ងៃនឹង មនុស្សទៅអត់មានទេ។ មានតែមនុស្សមកវិញ មនុស្សទៅស្រុកអត់មានទេ មានតែមនុស្សពីស្រុកមកវិញ»។
ចំណែកអាជីវករមួយចំនួន ដែលលក់ដូរតាមចិញ្ចើមផ្លូវបានបើកលក់ដូរវិញដែរ ខណៈដែលផ្សារធំៗនៅបន្តបិទទ្វារនៅឡើយ។ អាជីវករនៅផ្សារដើមគខ្លះអះអាងថា ក្នុងរយៈពេលបុណ្យចូលឆ្នាំ ២ថ្ងៃ ពួកគាត់បានសប្បាយរីករាយ ចាយវាយអស់ប្រាក់យ៉ាងច្រើន ទើបនាំគ្នាម្នីម្នាចាប់លក់ដូរទាំងបុណ្យចូលឆ្នាំមិនចប់ស្រួលបួលផង «បើមិនលក់បានលុយអីចាយ! បុណ្យច្រើនអុំទូកអកអំបុក ភ្ជុំបិណ្ឌ ចូលឆ្នាំ ចូលឆ្នាំចិន ឆេងម៉េងអីឈប់រហូត បុណ្យគ្រីស្ទម៉ាស់អី»។
អ្នកលក់ប្រុស ៖ «ពេលចូលឆ្នាំហ្នឹង គេបិទផ្សារអស់។ អ៊ីចឹង យើងមកលក់នៅក្រៅម្តង»។
បន្ទាប់ពីសង្គ្រាមខ្ទេចខ្ទាំបានអូសបន្លាយអស់រយៈពេលជាង៣០ ឆ្នាំរួចមក ប្រទេសកម្ពុជា គឺជាប្រទេសមួយសម្បូរទៅដោយថ្ងៃបុណ្យ ច្រើនជាងប្រទេសនានាលើពិភពលោក។ ថ្ងៃបុណ្យជាតិ និងអន្តរជាតិទាំងនោះ ត្រូវបានគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិនៃរដ្ឋាភិបាលកម្ពុជាបោះពុម្ពផ្សាយជាផ្លូវការ និងចុះផ្សាយតាមប្រតិទិន ដែលថ្ងៃបុណ្យទាំងនោះមានសរុបចំនួន១០ ដូចជា ថ្ងៃទី១ មករា ទិវាបុណ្យចូលឆ្នាំសកល ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ១៨កុម្ភៈ ពិធីបុណ្យមាឃបូជា ៨មិនា ទិវានារីអន្តរជាតិ ១៣-១៤-១៥ ឬជួនកាល ថ្ងៃទី១៤-១៥-១៦ មេសា ទិវាបុណ្យចូលឆ្នាំប្រពៃណីជាតិ ១ឧសភា ទិវាពលកម្មអន្តរជាតិ ១៣-១៤-១៥ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ១៧ឧសភា ពិធីបុណ្យវិសាខបូជា ២១ឧសភា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ២៤កញ្ញា ទិវារដ្ឋធម្មនុញ្ញ ថ្ងៃទី២៦-២៧-២៨កញ្ញា ព្រះរាជពិធីបុណ្យភ្ជុំបិណ្ឌ ២៩តុលា ព្រះរាជពិធីគ្រងព្រះរាជសម្បត្តិរបស់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ៣១តុលា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវររាជបិតា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ៩វិច្ឆិកា ពិធីបុណ្យឯករាជជាតិ ថ្ងៃទី៩-១០-១១ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក និងថ្ងៃទី១០ ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
ច្បាប់ប្រទេសកម្ពុជាបានចែងថា រាល់ពិធីបុណ្យជាតិ និងអន្តរជាតិ តម្រូវឲ្យមន្ត្រីរាជការឈប់សម្រាក ហើយបើថ្ងៃបុណ្យណាជាន់លើថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មន្ត្រីរាជការត្រូវយកថ្ងៃធ្វើការដែលជាថ្ងៃបន្ទាប់ថ្ងៃបុណ្យឈប់ សងជំនួសវិញ។ ជាក់ស្ដែងដូចជាបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០១១ នេះ ប៉ះចំលើថ្ងៃសៅរ៍ចុងសប្ដាហ៍មួយថ្ងៃ ដូច្នេះមន្ត្រីរដ្ឋាភិបាលត្រូវឈប់នៅថ្ងៃច័ន្ទមួយថ្ងៃទៀត ដើម្បីសងថ្ងៃសៅរ៍ ដែលបុណ្យចូលឆ្នាំប៉ះចំលើថ្ងៃនេះ។
មន្ត្រី និងប្រជាជនខ្លះត្អូញត្អែរថា ស្រុកខ្មែរបុណ្យច្រើនពេក ធ្វើឲ្យខាតពេលវេលាប្រកបមុខរបរ ប៉ះពាល់ម៉ោងធ្វើការងាររដ្ឋ និងខាតបង់ថវិការដ្ឋច្រើន។ ប៉ុន្តែអ្នកខ្លះបានអបអរ និងពេញចិត្តចំពោះថ្ងៃបុណ្យដ៏ច្រើននៅកម្ពុជាសព្វថ្ងៃនេះ។
ចំពោះអ្នកប្រកបរបរលក់ដូរ និងរបររត់រថយន្តឈ្នួល ភាគច្រើនពេញចិត្តឲ្យមានពិធីបុណ្យច្រើនដូច្នេះ ព្រោះគេនឹងបានផលប្រយោជន៍ច្រើន។ ជាអាទិអ្នកបើកបររថយន្តឈ្នួលនៅផ្សារដើមគម្នាក់បន្ថែម ៖ «និយាយរួមទៅបុណ្យច្រើនមែន យើងរកស៊ីបានតែខែភ្ជុំ និងចូលឆ្នាំទេ។ បុណ្យមាឃចិនអីធម្មតា មិនសូវមានអ្នកដើរទេ។ ចិនយួនអីគេដើរ គេមានយានជំនិះរបស់គេ។ ដោយឡែកខ្មែរយើងចូលឆ្នាំខ្មែរ និងភ្ជុំ បានអ្នកដំណើរឈប់ច្រើនដូចជាពួករោងចក្រជាដើម»។
ទាក់ទងទៅនឹងផលប្រយោជន៍ជាតិវិញ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា មានប្រសាសន៍ថា នៅកម្ពុជាមានបុណ្យច្រើនដូច្នេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កម្មវិធីសិក្សាសិស្សសាលា ដែលជាទំពាំងស្នងឫស្សីប្រទេសជាតិ ក្រៅពីការខាតបង់ដទៃទៀត។ ជាពិសេសលោកបានរិះគន់រដ្ឋាភិបាលដែលធូររលង់បណ្ដោយឲ្យមានមន្ត្រីរាជការ គ្រូបង្រៀនឈប់ធ្វើការក្នុងថ្ងៃបុណ្យដែលមិនមែនបុណ្យជាតិ ដែលមានចែងក្នុងច្បាប់។
លោក រ៉ុង ឈុន ៖ «បុណ្យប្រពៃណីចូលឆ្នាំចិនអី ដែលមិនត្រូវឈប់សម្រាក ក៏ជាទូទៅសិស្សសាលាក៏ត្រូវបានឱ្យឈប់សម្រាក សាលាក៏ត្រូវបិទទ្វារមួយអាទិត្យ ឬរហូតជិតពីរអាទិត្យ។ យើងឃើញថា អាហ្នឹងហើយ ដែលប៉ះពាល់ដល់កម្មវិធីសិក្សា បណ្ដាលឱ្យការសិក្សាហ្នឹងមិនចប់កម្មវិធី បើចប់ក៏គ្រូបង្រៀនហ្នឹងចាប់ញាត់ ដើម្បីបញ្ចប់កម្មវិធីដោយគ្មានគុណភាព»។
ខណៈដែលមានមនុស្សភាគច្រើនកំពុងតែពេញចិត្ត រីករាយពិធីបុណ្យដែលមានច្រើននៅកម្ពុជានាបច្ចុប្បន្ននេះ ក៏ប៉ុន្តែមានប្រជាជន និងមន្ត្រីរដ្ឋាភិបាលកាន់តែច្រើនឡើងៗ កំពុងតែសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន រាល់ពេលមានពិធីបុណ្យម្ដងៗ ដូចជា មានមនុស្សច្រើនបានស្លាប់ពេលបុណ្យម្ដងៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ឈ្លោះវាយតប់ បាញ់ ឬគប់គ្រាប់បែកសម្លាប់គ្នា ឬក៏មនុស្សផ្អើលជាន់គ្នាស្លាប់ដូចជាពេលបុណ្យអុំទូកអកអំបុក សំពះព្រះខែ កាលពីឆ្នាំទៅមិញ នៅស្ពានពេជ្រ ក្នុងទីក្រុងភ្នំពេញជាដើម៕