កម្ពុជា​រៀបចំ​សេចក្ដី​ព្រាង​ស្ដីពី​ស្តង់ដារ​ដើម្បី​ត្រួត​ពិនិត្យ​ចំណី​អាហារ

ផលិតផល​ជា​ចំណី​អាហារ​មួយ​ចំនួន​នាំ​ចូល​ពី​បរទេស និង​មួយ​ចំនួន​ទៀត​ផលិត​ក្នុង​ស្រុក ដែល​កំពុង​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ​នោះ មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ឲ្យ​ផលិតផល​ទាំង​នោះ​មាន​លក្ខណៈ​គោរព​តាម​ស្តង់ដារ​កំណត់​នៅ​ឡើយ។

0:00 / 0:00

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ដើម្បី​ជៀស​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​ដែល​បរិភោគ​ចំណី​អាហារ​វេច​ខ្ចប់​ទាំង​នោះ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា កំពុង​រៀបចំ​សេចក្ដី​ព្រាង​ស្ដីពី​ស្តង់ដារ​កម្ពុជា។

មន្ត្រី​នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​រៀបចំ​សេចក្ដី​ព្រាង​ស្តង់ដារ​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​ផលិតផល​ជា​ចំណី​អាហារ​វេច​ខ្ចប់​នានា ដែល​កំពុង​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ ពិសេស​សម្រាប់​មី​កញ្ចប់។

លោក ពីង ស៊ីវឡាយ ជា​អតីត​ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​ធ្វើ​សេចក្ដី​ព្រាង​ស្តង់ដារ​កម្ពុជា សម្រាប់​ត្រួត​ពិនិត្យ​ផលិតផល​មី ដែល​ផលិត​ក្នុង​ស្រុក និង​មី​នាំ​ចូល​ពី​បរទេស បន្ទាប់​ពី​វិទ្យាស្ថាន​នេះ​បាន​ត្រួត​ពិនិត្យ​ចំណី​អាហារ​ផ្សេងៗ និង​សម្ភារៈ​ប្រើប្រាស់​បាន​មួយ​ចំនួន​រួច​ហើយ​នោះ។

លោក ពីង ស៊ីវឡាយ៖ «វិទ្យាស្ថាន​កម្ពុជា គឺ​ត្រូវ​កំណត់​ត្រួត​ពិនិត្យ​គ្រប់​ចំណី​អាហារ​ទាំង​អស់ ដើម្បី​កំណត់​បាន​ថា នៅ​ក្នុង​ម្ហូប​អាហារ​ខ្លះ​ដែល​ប្រើ​គ្រឿង​ផ្សំ​មាន​សារធាតុគីមី ឬ​គ្រឿង​ផ្សំ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព»

ស្តង់ដារ​មាន​ន័យ​ថា ជា​ការ​ត្រួត​ពិនិត្យ និង​កំណត់​គុណភាព​របស់​ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក ដើម្បី​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព។

ប្រធាន​ផ្នែក​គីមី និង​ចំណី​អាហារ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា​នៃ​រាជបណ្ឌិត​សភា​កម្ពុជា អ្នកស្រី​បណ្ឌិត សៀង ហ៊ុយ មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​មាន​ផលិតផល​ជា​ច្រើន​ទៀត​សម្រាប់​ត្រួត​ពិនិត្យ​ឲ្យ​មាន​គុណភាព និង​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ហើយ​ស្តង់ដារ​នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​ត្រូវ​គ្នា​ជា​ស្តង់ដារ​ជាតិ និង​ស្តង់ដារ​ប្រទេស​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។

អ្នកស្រី សៀង ហ៊ុយ៖ «វា​ទាមទារ​ឲ្យ​មាន​ស្តង់ដារ​ផលិតផល​សម្រាប់​យើង​នាំ​ចេញ​ទៅ​គេ​ក៏​មាន​ស្តង់ដារ ហើយ​គេ​នាំ​ចូល​មក​យើង​ក៏​ត្រូវ​គិត​ពី​ស្តង់ដារ​ដែរ ហើយ​បើ​យើង​មិន​គិត​ពី​ស្តង់ដារ វា​ធ្វើ​ឲ្យ​ទំនិញ​ទាំង​នោះ ជួនកាល​ល្អ​ទៅ ជួន​កាល​ផលិត​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ»

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ លោក ស៊ុយ សែម កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន សុំ​ឲ្យ​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ស្តង់ដារ​កម្ពុជា សម្រាប់​មី​កញ្ចប់ យោង​តាម​ជំពូក​ទី​៤ មាត្រា​១៧ នៃ​ច្បាប់​ស្ដីពី​ស្តង់ដារ​កម្ពុជា តម្រូវ​ឲ្យ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ស្តង់ដារ​ដែល​បាន​ពិភាក្សា​រួច​ដល់​ក្រសួង​ស្ថាប័ន និង​ឧស្សាហករ​ដែល​ពាក់ព័ន្ធ។

ប្រធាន​គ្រប់គ្រង​រោងចក្រ​ក្រុមហ៊ុន ម៉ែន សារុន ផលិត​មី​ពី​សណ្ដែក​សៀង លោក លីង ផន បាន​ស្វាគមន៍​ចំពោះ​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​នឹង​សហការ​ជានិច្ច​ជាមួយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​ផលិតផល​មី​នៅ​រោងចក្រ​របស់​លោក៖ «ជាពិសេស​គឺ​យើង​ធ្វើ​ម៉េច​ឲ្យ​ផលិតផល​របស់​យើង​មាន​គុណភាព​សម្រាប់​អ្នក​ប្រើប្រាស់ សម្រាប់​គុណភាព​របស់​អតិថិជន ឬ​ប្រជាជន​របស់​យើង»

សេចក្ដី​ជូន​ដំណឹង​របស់​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​សរសេរ​ថា ចំពោះ​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​ទាំង​អស់ បើ​មាន​មតិ​យោបល់​ទាក់​ទង​សេចក្ដី​ព្រាង​ស្តង់ដារ​នេះ ឬ​ធ្វើ​ការ​តវ៉ា​ជំទាស់​មក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ជា​លាយលក្ខណ៍​អក្សរ និង​ត្រូវ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្ដល់​មតិ និង​ជំទាស់​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​រយៈពេល ៦០​ថ្ងៃ គិត​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ មុន​នឹង​គេ​អនុម័ត​សេចក្ដី​ព្រាង​ឲ្យ​ទៅ​ជា​ស្តង់ដារ​កម្ពុជា​ផ្លូវ​ការ។

អតីត​ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា លោក ពីង ស៊ីវឡាយ បាន​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​ផលិតផល​ប្រើប្រាស់​ឲ្យ​មាន​ស្តង់ដារ​នោះ វា​មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ប្រើប្រាស់ មិន​ថា​ផលិតផល​ប្រើប្រាស់ ឬ​ផលិតផល​បរិភោគ​ទេ ដើម្បី​សុវត្ថិភាព និង​សុខភាព។

លោក​បញ្ជាក់​ថា វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា កន្លង​មក​បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ផលិតផល​មួយ​ចំនួន ដូច​ជា​ទឹក​ត្រី ទឹក​ស៊ីអ៊ីវ អង្ករ ម្ទេស​ក្រៀម ឥដ្ឋការ៉ូ ស៊ីម៉ងត៍ និង​ឧបករណ៍​អគ្គិសនី​ផ្សេងៗ​ទៀត ហើយ​ផលិតផល​ទាំង​នេះ​គេ​រក​ឃើញ​ថា គេ​ធ្វើ​បាន​ល្អ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ឬ​សុវត្ថិភាព​អ្នក​ប្រើប្រាស់​នោះ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។