ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា បានបញ្ជូនកងរក្សាសន្តិភាពជាក្រុមចុងក្រោយចំនួន ១៩៥នាក់ នៅក្នុងចំណោមចំនួនសរុប ២១៨នាក់ នៃកងវិស្វកម្មលេខ៥១៣ ទៅកាន់ប្រទេសលីបង់ ដើម្បីបំពេញបេសកកម្មរយៈពេល ១ឆ្នាំ តាមសំណើរបស់អង្គការសហប្រជាជាតិ ដើម្បីដោះមីន សាងសង់ផ្លូវថ្នល់ និងអគារផ្សេងៗ។
ពិធីជូនដំណើរជាផ្លូវការ ត្រូវបានគេធ្វើឡើងនៅឯព្រលានយន្តហោះយោធាភ្នំពេញ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី និងលោក ឌុក្លាស ប្រូឌឺរីក (Douglas Broderick) មន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានមន្ត្រីយោធាជាន់ខ្ពស់ និងក្រុមគ្រួសារកងរក្សាសន្តិភាពកម្ពុជា ជាច្រើននាក់បានមកចូលរួមផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្លាំងទាំងនេះបានទទួលការហ្វឹកហាត់ជំនាញល្អប្រសើរ ក្នុងការដោះមីន និងជំនាញខាងវិស្វកម្ម។
លោក ទៀ បាញ់ មានប្រសាសន៍បន្ថែមថា ៖ «តែក៏ជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់នូវភាពពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តជិតឆ្ងាយទាំងអស់ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំស្អិតល្មួតថែមទៀត»។
កងកម្លាំងទាំងនេះនឹងឈរជើងនៅចន្លោះប្រទេសលីបង់ និងប្រទេសអ៊ីស្រាអ៊ែល (Israel) នៅក្នុងតំបន់មជ្ឈិមបូព៌ា។
មន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា លោក ឌុក្លាស ប្រូឌឺរីក បានមានប្រសាសន៍ថា នេះជាលើកដំបូងហើយដែលប្រទេសកម្ពុជា បានបញ្ជូនកងរក្សាសន្តិភាពទៅកាន់ប្រទេសលីបង់ ហើយតួនាទីនេះ គឺជាការរួមចំណែកយ៉ាងសម្បើម ចំពោះអង្គការសហប្រជាជាតិ។
លោកបន្តថា "ឯកឧត្តម លោកស្រី អ្នកនាងកញ្ញា និងកងរក្សាសន្តិភាពទាំងឡាយ សារប្រយោជន៍នៅក្នុងតួនាទីរបស់លោកអ្នកនៅពេលនេះ មិនត្រូវបានវាយតម្លៃទាបឡើយ។ ពិភពលោកមានការដឹងគុណចំពោះការគាំទ្ររបស់លោកអ្នក"។
កញ្ញា អូន ស្រីរ័ត្ន អាយុ ២៥ឆ្នាំ នៃកងវិស្វកម្មលេខ៥១៣ ក្នុងឯកសណ្ឋានជាកងរក្សាសន្តិភាពទៅកាន់ប្រទេសលីបង់ បានថ្លែងថា នាងរីករាយក្នុងការបំពេញបេសកកម្មរយៈពេល ១ឆ្នាំ នៅក្នុងប្រទេសលីបង់ ៖ «មានអារម្មណ៍ថា មានមោទនភាពនៅពេលដែលបានចេញទៅបំពេញបេសកកម្មនៅឯក្រៅប្រទេស ដើម្បីសាងមុខមាត់ដល់ប្រទេសកម្ពុជា ក៏ដូចជាអាឡោះអាល័យដល់បងប្អូននៅក្នុងស្រុកខ្មែរផ្ទាល់តែម្ដង»។
កងរក្សាសន្តិភាព ១៩៥នាក់ បានដើរឡើងយន្តហោះដោយស្វាហាប់ ក្រោយពីបានអោបក្រសោបជាមួយនឹងក្រុមគ្រួសារនៅមុនការចាកចេញដំណើរនោះ។
ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥មក បានបញ្ជូនកងរក្សាសន្តិភាពដោះមីនទៅកាន់ប្រទេសស៊ូដង់ (Sudan) ចំនួន ៥លើករួចមកហើយ តាមសំណើរបស់អង្គការសហប្រជាជាតិ និងបានបញ្ជូនកងរក្សាសន្តិភាពដូចគ្នានេះលើកដំបូងទៅកាន់ប្រទេសឆាត (Chad) ប្រទេសអាហ្វ្រិកកណ្តាល (Central Africa) និងចុងក្រោយនេះទៅកាន់ប្រទេសលីបង់។
លោកឧត្ដមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន និងប្រធានគណៈកម្មការជាតិ សម្របសម្រួលកិច្ចការងារបញ្ជូនកម្លាំងចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែវិច្ឆិកាថា ប្រទេសកម្ពុជា កំពុងតែត្រៀមកងរក្សាសន្តិភាពចំនួន ៣ក្រុមទៀត គឺកងកម្លាំងដោះមីន និងកងកម្លាំងតម្រួតរក្សាសណ្ដាប់ធ្នាប់ចូលក្នុងប្រព័ន្ធត្រៀមបម្រុងរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីដើមឆ្នាំ២០០៩មក៕