កម្ពុជា​មិន​ទាន់​ប្រកាស​ដក​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ទេ

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ ថា កម្ពុជា​មិន​ទាន់​ប្រកាស​នៅ​ថ្ងៃ​នេះ​ទេ​ក្នុង​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧​គីឡូម៉ែត្រក្រឡា នៅ​ក្បែរ​តំបន់​ប្រសាទ​ព្រះវិហារ​នោះ។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​វិមាន​សន្តិភាព​ថា កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ដក​កង​ទ័ព​នោះ ដោយ​រង់ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ខាង​មុខ៖ «ដើម្បី​អនុវត្ត​តាម​ដីកា​បង្គាប់​នោះ យើង​នឹង​មាន​ឆន្ទៈ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​ដែល​កំណត់​ដោយ​តុលាការ (យុត្តិធម៌​អន្តរជាតិ ICJ ) ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ប្រកាស​នៅ​ថ្ងៃ​នេះ​ទេ។ យើង​នឹង​ប្រកាស​នៅ​ថ្ងៃ​ខាង​មុខ។ នៅ​ថ្ងៃ​ខាង​មុខ​ហ្នឹង ខ្ញុំ​មិន​ដឹង​ថា​ពេល​ណា​ទេ ប៉ុន្តែ​យើង​ពិត​ជា​មាន​ឆន្ទៈ»

ការ​បញ្ជាក់​នេះ នៅ​គ្រា​ដែល​កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ ថា ប្រទេស​កម្ពុជា រំពឹង​ថា នឹង​ប្រកាស​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ក្បែរ​ប្រសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។

ការ​ដក​នោះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។ យ៉ាង​ណា​ក្ដី ការ​ចេញ​ផ្សាយ​របស់​កាសែត​ថៃ មួយ​នេះ គឺ​បាន​ដក​ស្រង់​ប្រភព​អនាមិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។