មេ​រោគ​ផ្ដាសាយ​បក្សី​ត្រូវ​បាន​រក​ឃើញ​កើត​មាន​នៅ​ខេត្ត​កណ្ដាល

មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​អះអាង​ថា មាន​ការ​រក​ឃើញ​មេរោគH5N1 នៅ​លើ​សត្វ​ចិញ្ចឹម​ដែល​បាន​យក​មក​ពិសោធន៍​ពី​តំបន់​ដែល​មាន​មនុស្ស​កើត​រោគ​ផ្តាសាយ​បក្សី​នៅ​ខែត្រ​កណ្តាល។

0:00 / 0:00

លោក កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ឲ្យ​ដឹង​ថា មន្រ្តី​ក្រសួង​កសិកម្ម​និង​អាជ្ញាធរ​មូលដ្ឋាន រួម​មាន​តំណាង​មក​ពី​អង្គការ FAO ផង បាន​នាំ​គ្នា​ទៅ​កម្ទេច​សត្វ​ចិញ្ចឹម​ដែល​មាន​មាន់ ទា មាន់​ដាំងដុង និង​ក្ងាន​ចំនួន ៣២៦​ក្បាល នៅ​ភូមិ​ក្រាំងចេក ឃុំ​ដើមឫស ស្រុក​កណ្ដាល​ស្ទឹង ខែត្រ​កណ្តាល នៅ​ថ្ងៃ​ទី​១៧ ធ្នូ​នេះ ដែល​ជា​តំបន់​ចាត់​ទុក​ថា​មាន​ការ​ផ្ទុះ​មេរោគ​ផ្តាសាយ​បក្សី។

លោក កៅ ផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មន្ទីរ​ពិសោធន៍​វិភាគ​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​បសុព្យាបាល​នៃ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ យើង​រក​ឃើញ​ហើយ ប្រកាស​របស់​ក្រសួង​ហើយ បាន​ចុះ​ទៅ​កម្ទេច»

លោក កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​កម្ទេច​សត្វ​មាន់​ទា ដែល​មាន​នៅ​តំបន់​នោះ តាម​វិធាន​ការពារ​ជំងឺ​ផ្តាសាយ​បក្សី​នេះ ក្រសួង​កសិកម្ម មាន​គម្រោង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ H5N1 ដែល​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ទៀត​ផង។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​ទី​១៧ ធ្នូ បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​តំបន់​ដែល​រក​ឃើញ​ថា​មាន​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​នោះ គេ​ត្រូវ​តែ​បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធាន​បសុពេទ្យ ផ្អាក​ជា​បណ្តោះ​អាសន្ន​ការ​ទិញ​លក់​និង​ដឹក​ជញ្ជូន​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ឆ្លង​ចូល​ក្នុង​រង្វង់​កាំ ៣​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​កន្លែង​កើត​ហេតុ និង​ចាត់​ទុក​តំបន់​នោះ​ជា​តំបន់​ការពារ​និង​តាមដាន​ស្រាវជ្រាវ​ជំងឺ​ក្នុង​រយៈពេល​៣០​ថ្ងៃ និង​ត្រួត​ពិនិត្យ​មើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុង​រង្វង់​កាំ ១០ គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត។

តាម​លោក កៅ ផល បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​ឈ្មោះ តេង សុភ័ក្រ្ត អាយុ​១៩​ឆ្នាំ ដែល​បាន​កើត​ជំងឺ​ផ្តាសាយ​បក្សី​នោះ បាន​ជា​សះ​ស្បើយ​វិល​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ពី​មក​សម្រាក​ពេទ្យ​ព្យាបាល​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​ទៅ ទាន់​ពេល​វេលា។

ការ​រក​ឃើញ​មេរោគ​ផ្តាសាយ​បក្សី​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​អ្នក​ជំងឺ​ម្នាក់​នៅ​ស្រុក​កណ្តាល​ស្ទឹង បាន​មក​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ ហើយ​បាន​បង្ហាញ​អាការៈ​ថា​មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី។

សូម​ជម្រាប​ថា នេះ​ជា​ករណី​កើត​ជំងឺ​ផ្តាសាយ​បក្សី​លើក​ទី​៨​ហើយ នៅ​ប្រទេស​កម្ពុជា ដែល​ពី​មុន​មក​មាន​កើត​៧​ករណី ហើយ​បាន​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​នៅ​ខែត្រ​កំពត ៤​នាក់ កំពង់ស្ពឺ ១​នាក់ ព្រៃវែង ១​នាក់ និង​កំពង់ចាម ១​នាក់៕