លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ទទួលបន្ទុកកិច្ចការព្រំដែននៃប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត មុនពេលជួបប្រជុំគណៈកម្មការព្រំដែនកម្ពុជា-ថៃនៅឯទីស្តីការគណៈរដ្ឋមន្ត្រី ថា របៀបវារៈនៃកិច្ចប្រជុំកម្ពុជា-ថៃនោះគឺដើម្បីដោះស្រាយនូវចំណុចសំខាន់ៗដែលមិនទាន់បានជជែកគ្នាអស់នៅឡើយនោះ។
លោក វ៉ា គឹមហុង មានប្រសាសន៍ដូច្នេះថា ៖ «នេះជាចំណុចមួយនៅក្នុងរបៀបវារៈពេលនេះ ហើយថ្ងៃស្អែក ដែលយើងត្រូវដោះស្រាយក្នុងបញ្ហាឈ្មោះប្រាសាទ។ ហើយយើងពុំមានថយក្រោយទេ ព្រោះថាឈ្មោះប្រាសាទជាប្រាសាទរបស់ដូនតាយើងសាងសង់ ហើយចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាប្រាសាទព្រះវិហារ គ្មានព្រះវិហានទេ បើភាសាថៃប្រើអីប្រើទៅ ប៉ុន្តែកុំប្រើក្នុងឯកសារផ្លូវការ។ យើងសុំឲ្យថៃយោគយល់ ឲ្យចេះច្បាប់ទម្លាប់កុំឲ្យថៃចេះតែរំលោភច្បាប់ទម្លាប់។ នេះជាច្បាប់អន្តរជាតិទេ»។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានមានប្រសាសន៍ឲ្យដឹងទៀតថា គណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងជួបប្រជុំរយៈពេលពីរថ្ងៃដើម្បីពិភាក្សាជជែកគ្នាលើចំណុចដែលកងទ័ពថៃបានចូលមកក្នុងទឹកដីខ្មែរទាំងបំពាននោះជាដើម ៖ «បញ្ហាច្រើនណាស់ដែលយើងត្រូវដោះស្រាយ។ បញ្ហាដែលយើងមិនបានដោះស្រាយនៅទីក្រុងបាងកក ក៏ដូចជាប្រជុំវិសាមញ្ញនៅសៀមរាប ក៏ដូចជាបញ្ហាថាយើងត្រូវឯកភាពនូវកំណត់ហេតុនៃប្រជុំវិសាមញ្ញនៅទីក្រុងសៀមរាប ហើយនិង[សេចក្ដីព្រាង]សម្រុះសម្រួលដែលរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរត្រូវចុះហត្ថលេខាដែលទាក់ទងសំខាន់ទាក់ទងទ័ពដែលមានវត្តមាននៅលើទឹកដីកម្ពុជាយើងនៅតំបន់ប្រាសាទព្រះវិហារ។ ទ័ពបរទេសត្រូវតែដកចេញពីទឹកដីយើង»។
ក្រុមមន្រ្តីថៃដែលមកចូលរួមប្រជុំនេះមិនទាន់មានការអត្ថាធិប្បាយអ្វីនៅឡើយទេអំពីកិច្ចពិភាក្សានោះ។
សូមរំឭកថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារបានពុះកញ្រ្ជោលឡើងនៅពេលដែលកម្ពុជា បានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក កាលពីដើមខែកក្កដា ឆ្នាំ២០០៨ ហើយកងទ័ពថៃបានចាប់ផ្ដើមលុកលុយនៅតំបន់នោះ ធ្វើឲ្យមានការប្រយុទ្ធគ្នាជាច្រើនលើក ដែលបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង មានប្រសាសន៍ថា ការផ្ទុះអាវុធដែលកើតឡើងនាពេលកន្លងមកនេះ ដោយសារតែភាគីថៃមិនគោរពអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលនិយាយពីការចរចាដោយសន្តិវិធីនោះ។
រីឯលោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យខុទ្ទកាល័យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ការជួបជជែករវាងគណៈកម្មការព្រំដែនខ្មែរនិងថៃនេះ គឺដើម្បីកំណត់ព្រំដែនដែលយកតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧។
លោកមានប្រសាសន៍ទៀតថា កម្ពុជាចង់បានខ្សែព្រំដែនមួយដែលមានកិច្ចសហការ ខ្សែព្រំដែនអភិវឌ្ឍន៍ និងជាខ្សែព្រំដែនមិត្តភាព៕