មន្ត្រី​ខ្មែរ​-ថៃ​ជួប​ចរចា​ពី​បញ្ហា​ព្រំដែន​នៅ​ទី​ក្រុង​ភ្នំពេញ

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​ព្រំដែន​ដី​គោក​ខ្មែរ​និង​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មេសា​នេះ​ដើម្បី​ពិភាក្សា​គ្នា​ពី​កិច្ចការ​ព្រំដែន​ដី​គោក​ដែល​មិន​ទាន់​បាន​ដោះស្រាយ​និង​បោះ​បង្គោល​ព្រំដែន​ខណ្ឌ​សីមា​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​កំពុង​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​នោះ។

0:00 / 0:00

លោក​ទេស​រដ្ឋមន្រ្តី វ៉ា គឹមហុង ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត មុន​ពេល​ជួប​ប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-ថៃ​នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ថា របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កម្ពុជា​-ថៃ​នោះ​គឺ​ដើម្បី​ដោះស្រាយ​នូវ​ចំណុច​សំខាន់ៗ​ដែល​មិន​ទាន់​បាន​ជជែក​គ្នា​អស់​នៅ​ឡើយ​នោះ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «នេះ​ជា​ចំណុច​មួយ​នៅ​ក្នុង​របៀប​វារៈ​ពេល​នេះ ហើយ​ថ្ងៃ​ស្អែក ដែល​យើង​ត្រូវ​ដោះស្រាយ​ក្នុង​បញ្ហា​ឈ្មោះ​ប្រាសាទ។ ហើយ​យើង​ពុំ​មាន​ថយ​ក្រោយ​ទេ ព្រោះ​ថា​ឈ្មោះ​ប្រាសាទ​ជា​ប្រាសាទ​របស់​ដូនតា​យើង​សាងសង់ ហើយ​ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក ជា​ប្រាសាទ​ព្រះវិហារ គ្មាន​ព្រះ​វិហាន​ទេ បើ​ភាសា​ថៃ​ប្រើ​អី​ប្រើ​ទៅ ប៉ុន្តែ​កុំ​ប្រើ​ក្នុង​ឯកសារ​ផ្លូវ​ការ។ យើង​សុំ​ឲ្យ​ថៃ​យោគយល់ ឲ្យ​ចេះ​ច្បាប់​ទម្លាប់​កុំ​ឲ្យ​ថៃ​ចេះ​តែ​រំលោភ​ច្បាប់​ទម្លាប់។ នេះ​ជា​ច្បាប់​អន្តរជាតិ​ទេ»

លោក​ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ពិភាក្សា​ជជែក​គ្នា​លើ​ចំណុច​ដែល​កងទ័ព​ថៃ​បាន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ទាំង​បំពាន​នោះ​ជា​ដើម ៖ «បញ្ហា​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ដោះស្រាយ។ បញ្ហា​ដែល​យើង​មិន​បាន​ដោះស្រាយ​នៅ​ទីក្រុង​បាងកក ក៏​ដូចជា​ប្រជុំ​វិសាមញ្ញ​នៅ​សៀមរាប ក៏​ដូចជា​បញ្ហា​ថា​យើង​ត្រូវ​ឯកភាព​នូវ​កំណត់ហេតុ​នៃ​ប្រជុំ​វិសាមញ្ញ​នៅ​ទីក្រុង​សៀមរាប ហើយ​និង​[សេចក្ដី​ព្រាង]​សម្រុះ​សម្រួល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ចុះ​ហត្ថលេខា​ដែល​ទាក់ទង​សំខាន់​ទាក់ទង​ទ័ព​ដែល​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​យើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ទ័ព​បរទេស​ត្រូវ​តែ​ដក​ចេញ​ពី​ទឹក​ដី​យើង»

ក្រុម​មន្រ្តី​ថៃ​ដែល​មក​ចូលរួម​ប្រជុំ​នេះ​មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​អ្វី​នៅ​ឡើយ​ទេ​អំពី​កិច្ច​ពិភាក្សា​នោះ។

សូម​រំឭក​ថា បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ពុះ​កញ្រ្ជោល​ឡើង​នៅ​ពេល​ដែល​កម្ពុជា បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​កងទ័ព​ថៃ​បាន​ចាប់​ផ្ដើម​លុកលុយ​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់។

លោក​ទេស​រដ្ឋមន្រ្តី វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​អាវុធ​ដែល​កើត​ឡើង​នា​ពេល​កន្លង​មក​នេះ ដោយសារ​តែ​ភាគី​ថៃ​មិន​គោរព​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ដែល​និយាយ​ពី​ការ​ចរចា​ដោយ​សន្តិ​វិធី​នោះ។

រីឯ​លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​រាជ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជជែក​រវាង​គណៈកម្មការ​ព្រំដែន​ខ្មែរ​និង​ថៃ​នេះ គឺ​ដើម្បី​កំណត់​ព្រំដែន​ដែល​យក​តាម​ផែនទី​បារាំង​-សៀម ឆ្នាំ​១៩០៤ និង ១៩០៧។

លោក​មាន​ប្រសាសន៍​ទៀត​ថា កម្ពុជា​ចង់​បាន​ខ្សែ​ព្រំដែន​មួយ​ដែល​មាន​កិច្ច​សហការ ខ្សែ​ព្រំដែន​អភិវឌ្ឍន៍ និង​ជា​ខ្សែ​ព្រំដែន​មិត្តភាព៕