ការប្រកាសដូច្នេះបានធ្វើឡើងនៅក្នុងកិច្ចជួបចរចារវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង និងសមភាគីថៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ុមភុង អាម៉នវីវ៉ាត់ នាថ្ងៃទី១៣ តុលានេះ ក្នុងរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង បានមានប្រសាសន៍ប្រាប់សមភាគីថៃ លោក ស៊ុមភុង អាម៉នវីវ៉ាត់ ថា ភាគីកម្ពុជាជំរុញឲ្យរដ្ឋាភិបាលថៃធ្វើការដោះស្រាយបញ្ហាព្រំដែនឲ្យបានក្នុងពេលវេលាសមស្រប ដោយមិនត្រូវអូសបន្លាយពេលវេលានោះទេ។
លោក ហោ ណាំហុង ថ្លែងយ៉ាងដូច្នេះថា ៖ «ការទំនាស់ព្រំដែននេះ គឺនាំឲ្យប្រជាជនយើងទាំងសងខាងមានការពិបាកចិត្ត។ ខាងចុងបំផុត ខ្ញុំបានជម្រាបលោក ស៊ុមភុង ថា ទៅទីបញ្ចប់ តាមរយៈពេលសមស្របណាមួយនោះ ដែលយើងមិនអាចដោះស្រាយបញ្ហាជាទ្វេភាគីបាន កម្ពុជានឹងទៅដោះស្រាយនៅស្ថាប័នអន្តរជាតិ តាមច្បាប់អន្តរជាតិ មានន័យថា តុលាការអន្តរជាតិនៅទីក្រុងឡាអេ»។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ រដ្ឋាភិបាលកម្ពុជាបានស្នើទៅរដ្ឋាភិបាលថៃ ឲ្យមានកិច្ចប្រជុំចំនួនបី គឺជំនួបរវាងក្រុមការងារពិសេសកម្ពុជា-ថៃ រវាងពីថ្ងៃទី២១ ដល់ ២៤ តុលា ក្នុងទីក្រុងសៀមរាប ដើម្បីចរចាការដកទ័ពនៃប្រទេសទាំងពីរចេញពីវត្តកែវសិក្ខាគិរីស្វរៈ និងតំបន់ជុំវិញវត្តនោះ និងដកទ័ពចេញពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់តាមបណ្ដោយព្រំដែន កិច្ចជំនួបរវាងគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-ថៃ ពីថ្ងៃទី៣ ដល់ ៧ វិច្ឆិកា ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនល្បឿនការវាស់វែង និងការកំណត់ព្រំដែននិងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនៅប្រទេសថៃពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ វិច្ឆិកា ដើម្បីត្រួតពិនិត្យមើលដំណើរការដោះស្រាយបញ្ហាជម្លោះព្រំដែននោះ។
ប្រទេសកម្ពុជានឹងដាក់ពាក្យបណ្ដឹងទៅស្ថាប័នអន្តរជាតិ មានតុលាការយុត្តិធម៌ទីក្រុងឡាអេ ក្នុងករណីដែលការចរចាទ្វេភាគីមិនអាចបញ្ចប់ជម្លោះព្រំដែននៃប្រទេសទាំងពីរបាននោះ។
លោក ហោ ណាំហុង ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសថៃបានព្យាយាមបញ្ជូនទ័ពកាត់តាមព្រំដែន ចូលទឹកដីខ្មែរ នៅតំបន់ព្រលានឥន្ទ្រី កន្លែងដែលទាហានថៃពីរនាក់បានរបួសដោយសារជាន់មីនកាលពីពេលថ្មីៗនេះ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ការបញ្ជូនទ័ពចូលមកនោះ អាចបង្កឲ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំបាន ៖ «តែកងទ័ពថៃឆ្លងព្រែកនេះ ចូលមកកន្លែងវាលឥន្រ្ទីដែលស្ថិតកន្លែងដីខ្មែរ ខ្ញុំបានបញ្ជាក់អ៊ីចឹង ស្ថិតក្នុងដីខ្មែរ ច្បាស់ជាមានការផ្ទុះអាវុធហើយ»។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍ផងដែរថា ស្ថានការណ៍វិបត្តិនយោបាយនៅប្រទេសថៃ ជាហេតុដែលនាំឲ្យមានការអូសបន្លាយពេលក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ហើយថា ភាគីថៃសុំឲ្យកម្ពុជាបន្តការចរចាទ្វេភាគី៕