លោករដ្ឋមន្ត្រី ចាន់ សារុន ឲ្យដឹងថា មកទល់ពេលនេះ ប្រទេសកម្ពុជានៅមានស្រូវក្នុងជង្រុកជាង ២លាន ៥សែនតោននៅឡើយ ។
ប៉ុន្តែទោះជាយ៉ាងណាក្តី លោក ចាន់ សារុន ពុំអាចឆ្លើយតបសំណួររបស់សមាជិកព្រឹទ្ធសភាដែលចង់ដឹងថា តើមានវិធានការណាដើម្បីទប់ថ្លៃអង្ករ កុំឲ្យឡើងទៅទៀតនោះ បានឡើយ ៖ «ខ្ញុំតាមដានសឹងគ្រប់ខេត្តក្រុងទាំងអស់ មកទល់បច្ចុប្បន្ននេះ ស្បៀងនៅលើផ្ទះរបស់ប្រជាជនអត់ទាន់មានខ្វះទេ ទន្ទឹមនឹងនេះស្រូវប្រាំងរបស់យើងនេះមិនទាន់ច្រូតនៅច្រើនទៀត ។ ហើយឥឡូវនេះភ្លៀងចាប់ផ្ដើមធ្លាក់រដូវវស្សាក៏ចាប់ផ្ដើមចូលមកដល់ ប្រជាជនមួយចំនួនកំពុងតែអនុវត្តផែនការធ្វើស្រូវស្រាលដើមរដូវ ចាប់ផ្ដើមសាប ចាប់ផ្ដើមព្រោះ ចាប់ផ្ដើមស្ទួង ស្រូវស្រាលដើមរដូវ ចង់និយាយថាស្រូវ៣ខែបានទៀត ។ ចរាចរណ៍អង្ករនៅតែផ្គត់ផ្គង់តាមធម្មតានៅលើទីផ្សារទាំងអស់មិនដែលខ្វះខាត មិនមានការខ្វះខាត ។ ហើយឯកឧត្តមសួរថាធានាបានឬក៏មិនឡើងថ្លៃ ខ្ញុំគិតថាបើសួរប្រងថានឹងមិនឡើងថ្លៃទៀតទេ ? ហ្នឹងក៏គ្មានអ្នកណាឆ្លើយរួចដែរ ព្រោះអានេះវាទាក់ទងគ្នាប្រទេសនីមួយៗ ខ្ញុំក៏អត់ដឹងដែរ» ។
លោករដ្ឋមន្ត្រី ចាន់ សារុន ពន្យល់ថា វិបត្តិស្បៀងនេះ គឺជាបញ្ហាសកល ហើយថា សូម្បីនៅសហរដ្ឋអាមេរិក រដ្ឋាភិបាលបានកំណត់ឲ្យទិញអង្ករបានតែ ២ស្បោង តែប៉ុណ្ណោះ ៖ «ការឡើងថ្លៃនេះវាសកល ស្បៀងអាហារក៏អ៊ីចឹងដែរ គេហៅថា Global Food Crisis គឺថាពេញពិភពលោកអស់ហើយជាសកលកំពុងតែបញ្ហាស្បៀងនេះ ។ ប្រទេសខ្លះចាប់ផ្ដើម ដូចសហរដ្ឋអាមេរិកឲ្យទិញអង្ករបានម្នាក់តែ២ស្បោងទេ...ចាប់ផ្ដើមរឹតត្បិតទៀតហើយ បើយើងនេះអត់ទេ ។ មួយសេរី» ។
ទាក់ទងនឹងការកំណត់ទិញអង្ករនៅសហរដ្ឋអាមេរិកនេះ កញ្ញា សំណាង អ្នកលក់ដូរនៅហាងទំនិញខ្មែរឈ្មោះ អង្គរ ក្នុងរដ្ឋម៉ារីឡែន ជាយរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះ អ្នកទិញអង្ករអាចទិញយកប៉ុន្មានស្បោងក៏បានដែរ ដែលក្នុងមួយស្បោងៗ ទម្ងន់ប្រមាណជិត ១២ គីឡូក្រាម ៖ «ឥឡូវដូចជាអត់កំណត់ផងទិញប៉ុន្មានក៏បានដែរ ព្រោះអីដូចជាយើងសំបូរវិញហើយ ។ កាលពីមុនលក់មួយការ៉ុង ១២ដុល្លារ ឥឡូវឡើងប្រហែលមួយជាពីរ ។ មនុស្សម្នាក់ៗឥឡូវគេចង់ទិញប៉ុន្មានក៏បានដែរ ប៉ុន្តែកាលពីពីរអាទិត្យមុន គេទិញបាន ១០បាវម្នាក់ ឥឡូវគេចង់ទិញប៉ុន្មានក៏បានដែរឲ្យតែគេមានប្រាក់ទិញ» ៕