ជាមុនី​សុំ​ឲ្យ​ស្ដេច​ថៃ​លើកលែង​ទោស​អ្នក​ទោស​ខ្មែរ​នៅ​ថៃ

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ស្តេច​ថៃ​ដើម្បី​សុំ​ឲ្យ​លើកលែង​ទោស​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​គុក​នៅ​ប្រទេស​ថៃ​រាប់រយ​នាក់ ដូច​ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​លើកលែង​ទោស​ដល់​បុរស​ជនជាតិ​ថៃ​ដែរ។

0:00 / 0:00

សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លិខិត​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​ថៃ សម្តេច ភូមិបុល អាឌុលយ៉ាដេ (Bhumibol Adulyadej) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ធ្នូ​នេះ តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ដោយ​ស្នើ​ឲ្យ​ព្រះអង្គ​ព្រះរាជ​តម្រិះ​ក្នុង​ការ​ជួយ​លើកលែង​ទោស​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ប្រទេស​ថៃ​ដើម្បី​ឲ្យ​ពួក​គេ​មាន​សេរីភាព​វិល​មក​ជួបជុំ​គ្រួសារ​វិញ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដាក់​លិខិត​នេះ​លោក​ចង់​បង្ហាញ​ពី​ភាព​លំបាក​វេទនា និង​ភាព​អយុត្តិធម៌​ចំពោះ​ប្រជាពលករដ្ឋ​ក្រីក្រ​ដែល​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ​ដើម្បី​ឲ្យ​មហាក្សត្រ​ថៃ​បាន​ជ្រាប និង​មាន​ព្រះរាជ​តម្រិះ​ប្រកប​ដោយ​ទសពិធរាជធម៌។

លោក ជា មុនី បាន​បញ្ជាក់​ថា ៖ «ដូច្នេះ​អ្វី​ដែល​យើង​លើក​សេចក្ដី​នេះ​ដល់​ស្ដេច​ថៃ យើង​គិត​ថា ស្ដេច​ថៃ​នឹង​មាន​ការ​យល់​អំពី​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ពលរដ្ឋ​ក្រីក្រ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​ទៅ​កាត់​ទោស អ្នក​ខ្លះ​កាត់​ទោស​រហូត​ដល់​៧​-​៨​ឆ្នាំ រហូត​ដល់​៧០​ឆ្នាំ​ក៏​មាន​ដែរ»

លិខិត​ស្នើសុំ​អន្តរាគមន៍​ពី​ស្តេច​ថៃ​នេះ​របស់​សហជីព​សេរី​កម្មករ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ លើកលែង​ទោស​ដល់​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពង់ (Siwarak Chothipong) ឲ្យ​រួច​ទោស​ទាំង​ស្រុង ​ក្រោយ​ពី​តុលាការ​ខ្មែរ​បាន​សម្រេច​ដាក់​គុក​ជន​នោះ ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល​ពី​បទ​ប្រព្រឹត្ត​ចារកម្ម​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​លិខិត​ស្នើសុំ​របស់​សហជីព​បាន​បង្ហាញ​ដោយ​យោង​ហេតុផល​ខាង​លើ​នេះ ជាមួយ​នឹង​សំណូមពរ​ដល់​សម្តេច ភូមិបុល អាឌុលយ៉ាដេ មេត្តា​ព្រះអង្គ​បង្ហាញ​នូវ​ព្រះរាជ​ហឫទ័យ​លើកលែង​ទោស​ដល់​ពលករ ពលការិនី​ខ្មែរ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ប្រទេស​ថៃ​ទាំង​នោះ ដូច​ដែល​ព្រះ​មហាក្សត្រ​ខ្មែរ​ធ្លាប់​បាន​ព្រះ​សន្តោស​ប្រណី​លើកលែង​ទោស​ដល់​ពិរុទ្ធជន​ថៃ ឈ្មោះ ស៊ីវ៉ារ៉ាក់ ដែល​ធ្លាប់​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ប្រទេស​កម្ពុជា​នោះ​ផង។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ថា កម្ពុជា​ធ្លាប់​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នក​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​នាយក​រដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ហើយ​កម្ពុជា​បាន​អនុវត្ត​មុន​ប្រទេស​ថៃ ប៉ុន្តែ​ប្រទេស​ថៃ​មិន​បាន​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ឡើយ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ថៃ​គាត់​បាន​សន្យា​ថា នឹង​ជួយ​ដោះ​នារី ២​នាក់​ដែល​កំពុង​ជាប់​ទោស​នៅ​ហ្នឹង​ដែរ ប៉ុន្តែ​យើង​ឃើញ​ថា ថៃ​លេប​សម្ដី​ខ្លួន​ឯង​រហូត»

ជា​ញឹកញយ​តែងតែ​មាន​សេចក្តី​រាយ​ការណ៍​ពី​តំបន់​ព្រំដែន​កម្ពុជា​ថៃ​មក​ថា ទាហាន​ថៃ​បាន​បាញ់​សម្លាប់ និង​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់​គុក​ជា​បន្ត​បន្ទាប់ ដោយ​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​រក​ហេតុផល​ប្រកប​ដោយ​យុត្តិធម៌​នោះ​ឡើយ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​ពិត​ប្រាកដ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ​នោះ​ទេ៕