ឆាំង យុ ជំទាស់​នឹង​ការ​​វិនិយោគ​សារមន្ទីរ​​ជើងឯក

សារមន្ទីរ​វាល​ពិឃាដ​ជើង​ឯក ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​ធ្វើ​ជា​តំបន់​ទេសចរណ៍។

0:00 / 0:00

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឈប់​វិនិយោគ​សារមន្ទីរ​វាល​ពិឃាដ​បឹង​ជើង​ឯក ឲ្យ​ទៅ​ក្រុមហ៊ុន​ជប៉ុន​គ្រប់​គ្រង​ជា​បន្ត​ទៅ​ទៀត ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ផ្ទាល់​វិញ ព្រោះ​ការ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​គ្រប់គ្រង​នោះ វា​ហាក់​បី​ដូច​ជា​ការ​លក់​ព្រលឹង​របស់​ខ្មែរ។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​គ្រប់​គ្រង​វាល​ពិឃាដ​ដោយ​ខ្លួន​ឯង​វិញ នៅ​ពេល​ដែល​សាលា​ក្រុង និង​ក្រុមហ៊ុន​ជប៉ុន ត្រូវ​ធ្វើ​កុងត្រា​ជា​មួយ​គ្នា​ម្ដង​ទៀត ក្រោយ​ពេល​កុងត្រា​ចាស់​សម្រាប់​រយៈ​ពេល ៥​ឆ្នាំ បាន​ចប់​ទៅ​ហើយ សុំ​កុំ​បន្ត​កុងត្រា​នេះ​ជា​ថ្មី​ទៀត ៖ «ជីវិត​ប្រជាជន​យើង ចាំ​បាច់​ឲ្យ​អ្នក​ផ្សេង​មក​រៀបចំ​ឲ្យ​យើង ជើង​ឯង​បន្តិច​មួយ​ហ្នឹង? តែ​វា​ទាក់​ទង​ស្នឹង​អត្តសញ្ញាណ​របស់​យើង យើង​សុខ​ចិត្ត​យក​លុយ ១​ឆ្នាំ ១​ម៉ឺន ៥​ពាន់ យក​មក​ធ្វើ​អី យើង​ប្រគល់​ឲ្យ​សាលា ឲ្យ​កូន​សិស្ស​សាលា​វិចិត្រ​សិល្បៈ​មើល​ក៏​បាន​ដែរ»

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក នួន សុមេធ ទទួល​បន្ទុក​ខាង​វិនិយោគ មិន​បំភ្លឺ​អំពី​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​២១ កក្កដា នេះ​ដោយ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​បាន​ល្អ​ទេ ព្រោះ​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​ភាគ​ច្រើន គ្រប់​គ្រង​មិន​សូវ​ហ្មត់ចត់ ដូច្នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​គ្រប់គ្រង​ល្អ​ជាង ៖ «គឺ​សំបូរ​ឯកជន​គេ​ធ្វើ​បាន​ល្អ​ជាង ការ​រៀបចំ​ល្អ ចំណូល​បាន រដ្ឋ​យើង​ធ្វើ​ខ្ជះខ្ជាយ​ណាស់ មិន​មែន​ជា​ការ​មើល​ងាយ​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ​ភាគ​ច្រើន​រដ្ឋ​ធ្វើ​ហ្នឹង​ចំណូល​មិន​បាន ហើយ​ការ​ថែ​រក្សា​ការ​លម្អ​ហ្នឹង គឺ​វា​មិន​មាន​ទៀត»

វាល​ពិឃាដ​មនុស្ស​ជើង​ឯក​ស្ថិត​នៅ​ប្រមាណ ១៥​គីឡូម៉ែត្រ ប៉ែក​និរតី នៃ​ទីក្រុង​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​រលួស សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ។

ប្រធាន​សារមន្ទីរ​វាល​ពិឃាដ​បឹង​ជើង​ឯក លោក​ស្រី រស់ សុភារ៉ាវី បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​វិនិយោគ​សម្បទាន​វាល​ពិឃាដ​បឹង​ជើង​ឯក​ឲ្យ​ក្រុមហ៊ុន Janpan Cambodia Royal (JCR) មាន​រយៈ​ពេល ៣០​ឆ្នាំ ដែល​គិត​ចាប់​ពី​ឆ្នាំ​២០០៥ មក ក្នុង​មួយ​ឆ្នាំ ១​ម៉ឺន ៥​ពាន់​ដុល្លារ ប៉ុន្តែ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ធ្វើ​កុងត្រា​ឡើង​វិញ​ម្ដង ត្រូវ​ដំឡើង​ថ្លៃ​ចំនួន ១៥​%​ទៀត។

លោក​ស្រី រស់ សុភារ៉ាវី បញ្ជាក់​ថា ក្រុមហ៊ុន​លោក​ស្រី​មិន​សំដៅ​លើ​ការ​រក​ប្រាក់​ចំណេញ​នោះ​ទេ ចំណូល​ថវិកា​ពី​ភ្ញៀវ​ទេសចរណ៍ គឺ​យក​ទៅ​ជួយ​និស្សិត​ឲ្យ​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​បាន​ចំនួន ៣៥៥​នាក់​រួច​ហើយ ដែល​ជួយ​តាម​រយៈ​មូលនិធិ​ព្រះអាទិត្យ ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​អភិវឌ្ឍ​បឹង​ជើង​ឯក​ជា​ច្រើន​ទៀត ដូច​ជា​ការ​ទិញ​ដី​បន្ថែម​នៅ​ជុំវិញ​នោះ និង​ការ​សាង​សង់​អគារ​ផ្សេង​ៗ​ទៀត ៖ «ខ្ញុំ​មិន​ទាមទារ​ថា ត្រូវ​តែ​រដ្ឋ​គ្រប់គ្រង ឬ​ឯកជន​គ្រប់​គ្រង​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ការ​ងារ​នេះ ខ្ញុំ​ប្រមូល​លុយ​ពី​បរទេស​មក​ហ្នឹង ខ្ញុំ​ជួយ​ខ្មែរ​ដែរ មិន​មែន​ខ្ញុំ​ជួយ​បរទេស​នោះ​ទេ»

លោក ស្រី រស់ សុភារ៉ាវី បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​ដែល​ចូល​ទៅ​ទស្សនា​វាល​ពិឃាដ​បឹង​ជើង​ឯង ត្រូវ​បង់​លុយ​ម្នាក់​ចំនួន ២​ដុល្លារ ហើយ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទៅ​ទស្សនា​នា​ពេល​បច្ចុប្បន្ន​ពី ​៣៥០​នាក់ ទៅ​ ៤០០​នាក់។

ទោះ​ជា​យ៉ាង​ណា ប្រធាន​មជ្ឈមណ្ឌល​យុត្តិធម៌ និង​ការ​បង្រួប​បង្រួម កញ្ញា សេង ធារី បាន​ចាត់​ទុក​ការ​វិនិយោគ​បឹង​ជើង​ឯក​នេះ ថា​ជា​ការ​លក់​ដួង​ព្រលឹង​មនុស្ស ដែល​មាន​ជីវិត និង​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួល​រង​គ្រោះ​ម្ដង​​ទៀត ៖ «វា​ហួស​ហេតុ​ពេក ដែល​អាជ្ញាធរ​លក់​ទី​កន្លែង​ដែល​មាន​សារ​សំខាន់​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស ហើយ​ពិសេស​ជា​ក្រុមហ៊ុន​អ្នក​ជួយ​ដូរ​លុយ​កាក់»

ឯកសារ​នានា​ដែល​និយាយ​អំពី​របប​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា តំបន់​វាល​ពិឃាដ​នេះ​ជា​កន្លែង​ទទួល​សម្លាប់​មនុស្ស​ដែល​គេ​បញ្ជូន​មក​ពី​គុក​ទួល​ស្លែង ឬ​មន្ទីរ​ស​២១ ក្នុង​របប​ខ្មែរ​ក្រហម ជា​កន្លែង​សម្រេច​ផែន​ការ​សម្លាប់​មនុស្ស ដែល​ពួក​ខ្មែរ​ក្រហម​ចោទ​ថា​ជា​ខ្មាំង​ប្រឆាំង​នឹង​អង្គការ៕