តើមូលហេតុអ្វី បានជាអាណាព្យាបាលកុមារទាំងនោះ នៅតែប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងរបរនេសាទបែបនេះ?
ក្រុមចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមារ រួមជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត នៅខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ទី២៣ សីហា បានបើកសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពីការស្វែងរកយុទ្ធសាស្ត្របញ្ឈប់កុមារពីការងារនេសាទ។
មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកោះកុង មានប្រសាសន៍ថា សិក្ខាសាលានេះមានការចូលរួមភាគីពាក់ព័ន្ធ មានក្រុមកុមារដែលងាយរងគ្រោះ ឪពុកម្តាយ ឬអាណាព្យាបាល អាជ្ញាធរមូលដ្ឋាន សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ កិច្ចពិគ្រោះយោបល់នេះ ចង់បង្ហាញឲ្យអ្នកចូលរួមយល់ដឹងពីការងារនេសាទ ដែលប្រើប្រាស់ពលកម្មកុមារ ផលប៉ះពាល់ និងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។
តំណាងគណៈកម្មការប្រតិបត្តិ នៃចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមារ លោក សូត្រ ស៊ីថា លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតំបន់នោះភាគច្រើនមិនទាន់យល់អំពីអ្វីទៅ ដែលហៅថាពលកម្មកុមារ និងមិនទាន់យល់ពីផលប៉ះពាល់លើកុមារ ដែលចុះទូកនេសាទយ៉ាងដូចម្តេចនោះទេ។
ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ ស៊ុំ ម៉ៃមូណា អាយុប្រមាណជាង៥០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ លោកស្រីមានមុខរបរនេសាទនេះជាច្រើនឆ្នាំមកហើយ។ គ្រួសារគាត់មានកូន៥នាក់ក្នុងបន្ទុក មានវ័យចាប់ពីអាយុ១០ឆ្នាំ ដល់ជាង២០ឆ្នាំ ហើយពួកគេមិនបានរៀនសូត្រជាប់លាប់ ឬបានរៀនចប់ចុងចប់ដើមនោះទេ គឺរៀនបានខ្ពស់បំផុតត្រឹមថ្នាក់ទី៧។
លោកស្រីដឹងខ្លះដែរថា ការបង្ខំកូនឲ្យចុះទូកនេសាទ ដោយមិនបានរៀនសូត្រត្រឹមត្រូវ វាអាចប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេ ប៉ុន្តែវាមានកត្តាមួយចំនួន ដែលជំរុញឲ្យគ្រួសារគាត់ និងអ្នកភូមិភាគច្រើនត្រូវធ្វើបែបនេះ។
ប្រធានភូមិ៤ លោក វណ្ណ សាលី បានឲ្យដឹងថា នៅភូមិរបស់លោកមានកុមារចាប់ពីអាយុ១០ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មានប្រមាណជាង១ពាន់នាក់ ក្នុងនោះមានប្រមាណជាង៣០% ដែលបានបោះបង់ចោលការសិក្សា ឬទៅរៀនមិនទៀងទាត់ ដោយរវល់ចុះទូកនេសាទជួយរកលុយ ដើម្បីជីវភាពគ្រួសារប្រចាំថ្ងៃ។
លោក សូត្រ ស៊ីថា នឹងជំរុញឪពុកម្តាយ ឬអាណាព្យាបាល អាជ្ញាធរ បើកចំហក្នុងការពិភាក្សារឿងនេះ ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាដកហូតកុមារចេញពីការងារចុះទូកនេសាទ ហើយឲ្យពួកគេបានចូលរៀននៅសាលាវិញ។
មន្ត្រីនៃនាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដែលមានតួលេខតិចតួចទេ កាលពីឆ្នាំ២០០៨ មានកុមារប្រមាណជាង២០ម៉ឺននាក់ ដែលស្ថិតនៅក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ ហើយមកដល់ឆ្នាំ២០១១ អាចកាត់បន្ថយបានប្រហែលជា ២ទៅ៣ម៉ឺននាក់។ រដ្ឋាភិបាលក៏កំពុងចាប់ផ្ដើមដំណាក់កាលទី២ នៃផែនការសកម្មភាពចាប់ពីឆ្នាំ២០១០ ដល់ ២០១២ និងគ្រោងនឹងកាត់បន្ថយឲ្យនៅប្រហែលជាង១ម៉ឺននាក់ទៀត តាមយន្តការប្រទេសពាក់ព័ន្ធនីមួយៗ។
ការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កាលពីឆ្នាំ២០០១ ឲ្យដឹងដែរថា កុមារសរុបទូទាំងប្រទេសកម្ពុជា មានចំនួន៤លាន៣សែននាក់។ ស្ថិតិរបស់ក្រសួងការងារ បានបង្ហាញដែរថា នៅឆ្នាំ២០០៨ កុមារជិត៣ម៉ឺននាក់ ត្រូវបានរំដោះចេញពីពលកម្មកុមារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។