សេចក្តីរាយការណ៍បានសរសេរថា នៅក្នុងឆ្នាំ២០០៧ ចិនបានជួយកម្ពុជាចំនួន ៦៨៩លានដុល្លារនៅជាមួយនឹងការសន្យាថា នឹងផ្តល់ប្រាក់កម្ចីចំនួន១ពាន់លានដុល្លារទៀតសម្រាប់ឆ្នាំ២០០៨ ដល់កម្ពុជា ទៅលើការធ្វើគម្រោងអគ្គិសនីធំៗ២ដើម្បីជួយផ្គត់ផ្គង់សេវាអគ្គិសនីដល់ទីជនបទដែលមិនទាន់មានភ្លើងប្រើប្រាស់នោះ។
សេចក្តីរាយការណ៍ដដែលបាននិយាយប្រៀបធៀបថា បើមើលចំពោះការជួយសហរដ្ឋអាមេរិកទៅកាន់កម្ពុជាវិញ គឺនៅឆ្នាំ២០០៧នោះ រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន បានជួយដល់កម្ពុជា មានតែចំនួន ៥៥លានដុល្លារតែប៉ុណ្ណោះ ហើយជំនួយអាមេរិកនោះភាគច្រើន ត្រូវបានបែងចែកតាមរយៈក្រុមអង្គការក្រៅរដ្ឋាភិបាលនោះទៀត។
សេចក្តីរាយការណ៍អាមេរិកដដែល បាននិយាយទៀតថា នៅគ្រាដែលរដ្ឋាភិបាលភ្នំពេញបានប្រឈមនឹងការខ្វះថវិកាអភិវឌ្ឍន៍ចំនួន ១ពាន់លានដុល្លារដោយសារតែដំណើរការយឺតយ៉ាវសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក វ៉ិន យ៉ាបាវ កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០០៨ កន្លងមកនេះ ក្នុងសម័យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅប្រទេសចិន ហើយពេលនោះ ចិនបានសន្យាផ្តល់ប្រាក់ឲ្យកម្ពុជាខ្ចីចំនួន ២៨០លាននោះថែមទៀត។
ចំពោះប្រទេសលាវនោះវិញ ចិនក៏បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លានោះផងដែរ។ នៅឆ្នាំ២០០៦ លាវបានទទួលជំនួយពីប្រទេសចិនចំនួន១៧៨លានដុល្លារលើវិស័យអភិវឌ្ឍន៍ដឹកជញ្ជូននិងឋាមពលវារីអគ្គិសនី និងចិនបានជួយបន្ថែមចំនួន ៤៥លានដុល្លារទៀតចំពោះវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិននិងប្រទេសឡាវ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បើប្រៀបធៀបជាមួយនឹងជំនួយសហរដ្ឋអាមេរិកចំពោះប្រទេសលាវវិញ គឺរវាងឆ្នាំ២០០៥ និង២០០៧ ប្រទេសលាវបានទទួលជំនួយពីរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោនតែប្រមាណ ៤លាន៥សែនដុល្លារតែប៉ុណ្ណោះ។
រីឯចំណែកប្រទេសភូមា របាយការណ៍របស់អាមេរិកដដែលបានឲ្យដឹងថា ចាប់តាំងពីរបបគ្រប់គ្រងយោធាភូមា បានឡើងកាន់កាប់តាំងពីឆ្នាំ១៩៨៨នោះមក ចិនបានឲ្យប្រទេសភូមាខ្ចីប្រាក់អស់ចំនួនប្រមាណ ៥ពាន់លានដុល្លារអាមេរិកនោះហើយ ហើយជំនួយរបស់ចិននោះ បានធ្វើឲ្យរបបគ្រប់គ្រងយោធាភូមាកាន់តែមានឥទ្ធិពលគាបសង្កត់ខ្លាំងឡើងនៅក្នុងប្រទេស។
ប៉ុន្តែបើប្រៀបធៀបនឹងការជួយរបស់អាមេរិកចំពោះប្រទេសភូមានោះវិញ គឺនៅឆ្នាំ២០០៧ ជំនួយសហរដ្ឋអាមេរិកទៅឲ្យប្រជាជនភូមាមានប្រមាណ ១២លានដុល្លារ ហើយការជួយនោះ គឺនៅក្នុងតែគម្រោងជនភៀសខ្លួនភូមាតាមព្រំប្រទល់ដែនភូមានិងថៃ ដែលគ្មានប្រយោជន៍ដល់រដ្ឋាភិបាលក្រុងរ៉ង់ហ្គូននោះឡើយ។
ទាំងកម្ពុជា ទាំងលាវ និងភូមា អ្វីដែលប្រទេសទាំង៣នេះ បានធ្វើចំពោះចិនដើម្បីទទួលជំនួយគឺការទទួលស្គាល់នយោបាយចិនតែមួយប៉ុណ្ណោះរហូតដែលបានឃើញមកទល់នឹងពេលនេះ។
នយោបាយទទួលស្គាល់ចិនតែមួយនេះ ចំពោះប្រទេសចិនគឺជានយោបាយសំខាន់បំផុតដែលគេបានឃើញថា ចិនកំពុងត្រូវការជាខ្លាំង ហើយដោយសារតែនយោបាយនេះហើយនៅពេលដែលវៀតណាមបានអញ្ជើញចិនតៃវ៉ាន់មកចូលរួមក្នុងកិច្ចប្រជុំ APECកាលពីឆ្នាំ២០០៦ ចិនបានខឹងនឹងវៀតណាមដោយបានបញ្ឈប់ជំនួយចំនួន ២០០លានដុល្លារចំពោះវៀតណាម។
ជំនួយរបស់ចិនចំពោះបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បើទោះបីជាឃើញថា ហាក់ដូចជាមិនមានការភ្ជាប់លក្ខខណ្ឌធំដុំណាមួយដូចជំនួយរបស់លោកខាងលិចក៏ដោយអ្នកវិភាគខ្លះ បានប្រមើលថា គឺកំពុងតែផ្តល់ប្រយោជន៍នាអនាគតដល់ប្រទេសចិន។
ព្រឹត្តិបត្រ World Politics Review ចុះផ្សាយនៅចុងខែតុលាកន្លងមកនេះ បានសរសេរថា ជំនួយរបស់ចិនក្រៅពីការផ្តល់ប្រាក់កម្ចី គឺផលប្រយោជន៍ធំរបស់ចិន បានជាប់ទាក់ទងនឹងការរកវត្ថុធាតុដើមពីប្រទេសដទៃ ដូចជាឧស្ម័នប្រេងកាត រ៉ែដែក និងបំណងរកការបន្សល់ទុកឥទ្ធិពលចិនដល់យុវវ័យជំនាន់ក្រោយនោះទៀត។
ព្រឹត្តិបត្រដដែលលើកឧទាហរណ៍បង្ហាញខ្លះៗនៅក្នុងប្រទេសលាវដែលចិនបានផ្តល់គម្រោងអាហារូបត្ថម្ភដល់និស្សិតលាវទៅរៀននៅប្រទេសចិននិងឧទាហរណ៍ចំពោះប្រទេសភូមានោះវិញ គឺចិនបានផ្តោតការយកចិត្តទុកដាក់ទៅលើឧស្ម័នរ៉ែធម្មជាតិ ប្រេងកាត។ល។
ចំពោះនៅកម្ពុជាវិញ ឥទ្ធិពលដែលគេធ្លាប់បានឃើញនិងកើតឡើងចំពោះប្រទេសលាវនិងភូមា ឥឡូវនេះ កំពុងតែកើតមានស្រដៀងគ្នានៅក្នុងប្រទេសកម្ពុជានោះដែរ។
ក្នុងដំណើរទស្សនកិច្ចថ្មីៗនេះរបស់មេដឹកនាំជាន់ខ្ពស់ចិនមួយរូបដែលជាប្រធានគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយនៃប្រជាជនចិន លោក ជា ឈីងលីន មន្ត្រីខ្មែរបានថ្លែងឲ្យដឹងពីបំណងរបស់ចិនក្រោយពីចិនបានសន្យាជួយជំនួយជាច្រើននោះមក។
មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ខៀវ កាញារីទ្ធ បានថ្លែងថា ចិនបានលើកជុំវិញរឿងបញ្ហារ៉ែដែក រ៉ែប្រេងកាត និងចំណងភ្ជាប់ទំនាក់ទំនងរវាងយុវជននិងយុវជន ៖ «ភាគីចិនបានមានបំណងចង់ឲ្យប្រទេសកម្ពុជាជួយជំរុញអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅលើការរុករកប្រេងកាត ហើយនិងរ៉ែដែក។ ឯកឧត្ដមបានមានសំណូមពរគឺការបង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ»។
ចំណងទំនាក់ទំនងរវាងកម្ពុជានិងចិន ត្រូវគេឃើញថា បានឈានឡើងកាន់តែខ្ពស់ទៅៗក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ។ ចំណងទំនាក់ទំនងរវាងកម្ពុជានិងចិន ទោះយ៉ាងណាក្តី បានធ្វើឲ្យពលរដ្ឋខ្មែរខ្លះនៅក្រៅស្រុក បានសម្តែងភាពព្រួយបារម្ភ។
អតីតនិស្សិតមហាវិទ្យាល័យ Bryant and Stratton ក្នុងក្រុង Cleveland រដ្ឋ OHIO លោក សួនស៊ី វណ្ណារិទ្ធ បានថ្លែងថា ជំនួយរបស់ចិនមិនដែលថា គ្មានចំណងនោះទេ ហើយចំណងរបស់ចិននោះគឺបានកំណត់រួចទៅហើយ គឺត្រូវតែគាំទ្រនយោបាយចិនតែមួយ។
លោក សួនស៊ី វណ្ណារិទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «សម័យប៉ុលពត ជាឧទាហរណ៍លេចធ្លោបំផុត ចិនចង់បានប្រទេសយើង ហើយនិងប្រទេសវៀតណាម ក្រោមអាណានិគមរបស់ចិន ប៉ុន្តែនៅពេលដែលឆ្នាំ៧៥ហ្នឹង វៀតណាមបានងាករេចេញពីចិន អ៊ីចឹងវៀតណាមក៏បានទាត់ចេញនៅសល់តែប្រទេសកម្ពុជាដែលដើរនៅក្រោមប្រទេសចិន គឺថា នៅពេលនោះ យើងមានការខូចខាតយ៉ាងដំណំ ស្លាប់ទាំងប្រជាជន ស្លាប់ទាំងអ្វីទាំងអស់។ ហើយចិនមានបំណងចង់ដាក់ប្រជាជនរបស់ខ្លួន ចូលទៅក្នុងប្រទេសកម្ពុជាយើង ដើម្បីគេចង់យកប្រទេសកម្ពុជាយើង ក្លាយទៅជាអាណាខេត្តមួយរបស់ចិន ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នជាបំផុតចំពោះជំនួយគ្មានបំណងរបស់ចិននេះ ពីព្រោះបើសិនជាយើងបណ្ដោយឲ្យចិន...»។
គួរកត់សម្គាល់ទៀតដែរថា នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់មន្រ្តីជាន់ខ្ពស់ចិន លោក ជា ឈីងលីន ទំនាក់ទំនងកម្ពុជានិងចិនត្រូវគេកត់សម្គាល់ថា បានឈានទៅរកកម្រិតកាន់តែខ្ពស់ ក្នុងនោះក្រៅពីកិច្ចសន្យាផ្តល់ជំនួយការពង្រឹងសហប្រតិបត្តិការលើវិស័យមួយចំនួនរវាងចិននិងកម្ពុជា កម្ពុជាបានផ្តល់ហ្រ្វេកង់ផ្សាយវិទ្យុមួយឲ្យប្រទេសចិនវិញដើម្បីធ្វើការផ្សាយព័ត៌មាននៅក្នុងប្រទេស៕