ប៉ុន្តែថា អាជ្ញាធរនៅព្រួយបារម្ភអំពីភាពក្រីក្រ ដែលនាំឲ្យនៅមានការជួញដូរពលកម្មកុមារ ការលក់ពលកម្មដោយស្ម័គ្រចិត្ត និងការនាំកុមារចេញពីផ្ទះបណ្តាលឲ្យបាត់បង់ការសិក្សា ។
នាយិកាមជ្ឈមណ្ឌលសំចតប៉ោយប៉ែតរបស់ក្រសួងសង្គមកិច្ច អ្នកស្រី ឈា មានិត បានមានប្រសាសន៍ថា តួលេខនេះគឺផ្អែកលើចំនួនកុមារដែលអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ។
អ្នកស្រីបង្ហាញតួលេខថា កុមារអាយុក្រោម១៨ឆ្នាំចំនួន ២២នាក់ ដែលក្នុងនោះមានកុមារី ៦០% បានត្រូវអាជ្ញាធរថៃបញ្ជូនមក គិតចាប់តាំងពីខែមករារហូតទល់ខែឧសភា ឆ្នាំ២០០៨នេះ ។ អ្នកស្រីបន្តថា ចំនួននេះបានធ្លាក់ចុះពី៥០នាក់ ក្នុងរយៈពេលដូចគ្នានាឆ្នាំ២០០៧ ។
អ្នកស្រី ឈា មានិត បានមានប្រសាសន៍ថា ៖ «ទើបបានជាង ២០នាក់ ២២នាក់ គិតពីអាយុ ១០ឆ្នាំ ដល់១៨ ។ ក្មេងខ្លះសុំទាន ខ្លះគាត់ទៅធ្វើសំណង់ ខ្លះទៅរោងការ ភាគច្រើនគាត់ទៅស៊ីឈ្នួលច្រកនំគេ នៅបាងកក ។ ទៅហ្នឹងគេយកថ្លៃផ្លូវ ៣ពាន់ ហើយមិនទាន់បានរកស៊ីគ្រប់ចំនួនផ្លូវផង ក៏ត្រូវតម្រួតគេចាប់ត្រឡប់មកវិញក៏មាន» ។
សមាជិកក្រុមប្រឹក្សាឃុំប៉ោយប៉ែត ទទួលបន្ទុកកិច្ចការសង្គមកិច្ច កុមារ និងស្រ្តី អ្នកស្រី ប៊ុត ស៊ីលន បានមានប្រសាសន៍ថា ការថយចុះនេះគឺដោយសារកិច្ចសហការពីអង្គការដៃគូក្រៅរដ្ឋាភិបាល ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអប់រំប្រជាពលរដ្ឋអំពីផលវិបាកដែលកើតចេញការបញ្ជូនកុមារឲ្យទៅលក់កម្លាំងពលកម្ម និងអំពីល្បិចកលរបស់មេខ្យល់ រួមទាំងការបង្រ្កាបសកម្មភាពជួញដូររបស់មេខ្យល់ដោយសមត្ថកិច្ចប៉ូលិស ។
តំណាងសង្គមកិច្ចឃុំប៉ោយប៉ែតដដែលបានបន្តថា កត្តាជីវភាពក្រីក្រនិងល្បិចកលខ្ពស់របស់ឈ្មួញឬមេខ្យល់ អាចនឹងនាំឲ្យកុមារធ្លាក់ចូលទៅក្នុងការជួញដូរ ឬបាត់បង់ការសិក្សា ដោយសារការធ្វើចំណាកស្រុកទៅរកការងារធ្វើរបស់ឪពុកម្តាយនៅប្រទេសថៃ ។
អ្នកស្រី ប៊ុត ស៊ីលន បានឲ្យដឹងថា ៖ «ដូចថាឪពុកម្ដាយត្រូវទៅធ្វើការនៅប្រទេសថៃទៅ ក្មេងវានៅតូចៗ ៥-៦-៧ឆ្នាំ គាត់យកទៅតាម ព្រោះអត់មានអ្នកណាថែ គាត់ត្រូវយកទៅតាម បណ្ដាលឲ្យក្មេងនោះ អត់បានចូលសាលារៀន ។ មេខ្យល់គេយកទៅអ៊ីចឹង ដោយឲ្យកម្រៃ ឪពុកម្ដាយ មួយខែ ២ពាន់បាតអីអ៊ីចឹង អាហ្នឹងវាមានចំនួនតិចទេ មិនសូវជាច្រើនប៉ុន្មានទេ» ។
ក្រៅពីនោះកុមារពលកម្មស្ម័គ្រចិត្តដោយសារភាពក្រីក្រខ្លះទៀតបានចូលទៅស៊ីឈ្នួលអូសរទេះអីវ៉ាន់ បាំងឆ័ត្រ រើសវត្ថុកាកសំណល់ និងសុំទានក្នុងផ្សារថៃឈ្មោះ រុងក្លឿ ស្រុកអារញ្ញ ស្ថិតនៅជាប់ព្រំដែនឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
កុមារី វ៉ាន់ ធីនីន អាយុ១២ឆ្នាំ និងបងប្អូនប្រុស២នាក់របស់នាងអាយុ ១៥ឆ្នាំ និង ៩ឆ្នាំ មកពីភូមិដីថ្មី ឃុំប៉ោយប៉ែត បានបោះបង់ការសិក្សានៅថ្នាក់ទី២ កាលពី៣ឆ្នាំមុន ហើយបានចូលមកផ្សាររុងក្លឿ ដើម្បីស៊ីឈ្នួលបាំងឆ័ត្រឲ្យភ្ញៀវ អូសរទេះ និងសុំទានយកប្រាក់ចិញ្ចឹមម្តាយដែលកំពុងមានជំងឺ និងប្អូនពីរនាក់ផេ្សងទៀតនៅក្នុងបន្ទុក ។
កុមារី វ៉ាន់ ធីនីន ឲ្យដឹងថា ៖ «បាំងឆ័ត្រ ដើរសុំលុយ ទិញបាយ ទិញម្ហូបហូប ម៉ែខ្ញុំដើរអត់រួច ឪពុកខ្ញុំស្លាប់ ។ ធ្លាប់រៀន ថ្នាក់ទី២ តែឈប់រៀនហើយ ។ គ្រួសារខ្ញុំអត់មានលុយ» ។
យោងតាមស្ថិតិរបស់សង្គមកិច្ចឃុំប៉ោយប៉ែត ស្ថិតិសម្រាប់ឆ្នាំ២០០៨ កុមារពលកម្មទៅកាន់ប្រទេសថៃមានចំនួនជាង១០០០នាក់ហើយ ៕