សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការ​សហការ​គ្នា​ប្រឆាំង​​អំពើ​​រំលោភ​សិទ្ធិ​មនុស្ស

សហភាព​អឺរ៉ុប និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើការ​សហការ​ដោយ​បើក​ចំហ និង​ដោះស្រាយ​រួម​គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពិសេស​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី។
ដោយ ទីន ហ្សាការីយ៉ា
2010-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣១-សីហា-២០១០: សិក្ខាសាលា​សង្គម​ស៊ីវិល​សហភាព​អឺរ៉ុប-​កម្ពុជា ស្ដី​ពី​សិទ្ធិ​មនុស្ស តួនាទី​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ឯ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) ក្នុង​​រាជធានី​ភ្នំពេញ
៣១-សីហា-២០១០: សិក្ខាសាលា​សង្គម​ស៊ីវិល​សហភាព​អឺរ៉ុប-​កម្ពុជា ស្ដី​ពី​សិទ្ធិ​មនុស្ស តួនាទី​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ឯ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) ក្នុង​​រាជធានី​ភ្នំពេញ
RFA/Tin Zakariya

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ការពារ​សិទ្ធិ​មនុស្ស ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​មិន​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេដ្ឋកិច្ច និង​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ ស្រប​ទៅ​តាម​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៩២។

ការ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សិក្ខាសាលា​សង្គម​ស៊ីវិល​សហភាព​អឺរ៉ុប-​កម្ពុជា ស្ដី​ពី​សិទ្ធិ​មនុស្ស តួនាទី​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា នៅ​ឯ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) នៅ​រាជធានី​ភ្នំពេញ។

ប្រធាន​សម្របសម្រួល​នៃ​គណៈកម្មាធិការ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ហង្ស ឆាយា បាន​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​អ្នក​ចូល​រួម​ចំនួន​ទាំង ២០០​នាក់​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន ព្រោះ​កន្លង​មក​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ព្យាយាម​លើក​ឡើង​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ពី​រដ្ឋាភិបាល​ទៅ​វិញ។

លោក ហង្ស ឆាយា បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ដូច្នេះ ៖ "ហើយ​អ្វី​ដែល​គួរ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​ឥទ្ធិពល​មិន​សមរម្យ ហើយ​ទៅ​ជា​និយាយ​ថា ការ​ពង្រីក​សិទ្ធិ​មនុស្ស​នេះ​មាន​ភាព​ទន់ខ្សោយ​ដល់​សិទ្ធិ​នយោបាយ និង​ស៊ីវិល​ទៅ​វិញ"

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ជា​រដ្ឋ​ភាគី​កតិកា​សញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​ទេ ដោយសារ​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​រដ្ឋាភិបាល មិន​មាន​សមធម៌។

លោក យ៉េង វីរៈ មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្រប់​គ្នា​អាច​ទទួល​ផលប្រយោជន៍​ប្រកប​ដោយ​សមធម៌​អំពី​ការ​អភិវឌ្ឍ។ យើង​មិន​ត្រូវ​ឲ្យ​ការ​អភិវឌ្ឍ​ដែល​ក្រ​ស្រាប់​នោះ កាន់​តែ​ខាត​បង់​នោះ​ទេ»

មន្ត្រី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពេញ​លេញ ដោយ​លោក​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​វា​តែង​តែ​មាន​ការ​ប៉ះពាល់ ប៉ុន្តែ​រដ្ឋាភិបាល​មាន​គោលការណ៍​ផ្ដល់​ជា​សំណង​ច្បាស់​លាស់​ដល់​ប្រជាពលរដ្ឋ។

លោក ទិត សុធា មាន​ប្រសាសន៍​ថា ៖ «រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ដោះស្រាយ​សំណង​ជួន​ប្រជាពលរដ្ឋ​ជា​ការងារ​មនុស្ស​ធម៌...»

ភារធារី​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក រ៉ាហ្វាអែល ដូឆាវ ម៉ូរ៉េណូ (Rafael Dochao Moreno) បាន​ពន្យល់​ថា បេសកកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោត​លើ​បញ្ហា​សំខាន់​បី ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​អភិបាលកិច្ច​ល្អ និង​បញ្ហា​ប្រជាធិបតេយ្យ ហើយ​បញ្ហា​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​នៅ​កម្ពុជា រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ​បាន​ល្អ​នៅ​ឡើយ​ទេ។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១០ រដ្ឋាភិបាល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​មាន ៩​ក្រុមហ៊ុន ដែល​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ ហើយ​បញ្ហា​វិវាទ​ដីធ្លី​នៅ ១២​ខែត្រ​ក្រុង គិត​ត្រឹម​ខែ​មិថុនា កន្លែង​ទៅ​មាន ៥៣​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ មាន​ការ​កើន​ឡើង​ករណី​ជម្លោះ​ដីធ្លី​នេះ​ជាង ១០​ករណី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល