ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការការពារសិទ្ធិមនុស្ស ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍ដោយមិនប៉ះពាល់ដល់សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ស្របទៅតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលប្រទេសកម្ពុជា បានអនុម័តកាលពីឆ្នាំ១៩៩២។
ការលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាសង្គមស៊ីវិលសហភាពអឺរ៉ុប-កម្ពុជា ស្ដីពីសិទ្ធិមនុស្ស តួនាទីសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស នៅថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅឯសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) នៅរាជធានីភ្នំពេញ។
ប្រធានសម្របសម្រួលនៃគណៈកម្មាធិការនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក ហង្ស ឆាយា បានមានប្រសាសន៍ជាភាសាអង់គ្លេសទៅកាន់អ្នកចូលរួមចំនួនទាំង ២០០នាក់ថា បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តកើតមាន ព្រោះកន្លងមកក្រុមអ្នកការពារសិទ្ធិមនុស្សបានព្យាយាមលើកឡើងអំពីករណីរំលោភសិទ្ធិមនុស្សទៅរដ្ឋាភិបាល ប៉ុន្តែត្រូវបានបដិសេធពីរដ្ឋាភិបាលទៅវិញ។
លោក ហង្ស ឆាយា បានមានប្រសាសន៍តាមរយៈអ្នកបកប្រែដូច្នេះ ៖ "ហើយអ្វីដែលគួរកត់សម្គាល់ជាងនេះទៅទៀត បុគ្គលមួយចំនួនបានប្រើប្រាស់ឥទ្ធិពលមិនសមរម្យ ហើយទៅជានិយាយថា ការពង្រីកសិទ្ធិមនុស្សនេះមានភាពទន់ខ្សោយដល់សិទ្ធិនយោបាយ និងស៊ីវិលទៅវិញ"។
នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលជារដ្ឋភាគីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ទេ ដោយសារការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល មិនមានសមធម៌។
លោក យ៉េង វីរៈ មានប្រសាសន៍ដូច្នេះ ៖ «គ្រប់គ្នាអាចទទួលផលប្រយោជន៍ប្រកបដោយសមធម៌អំពីការអភិវឌ្ឍ។ យើងមិនត្រូវឲ្យការអភិវឌ្ឍដែលក្រស្រាប់នោះ កាន់តែខាតបង់នោះទេ»។
មន្ត្រីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានលើកឡើងថា ប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ ដោយលោកបានបញ្ជាក់ថា ការអភិវឌ្ឍវាតែងតែមានការប៉ះពាល់ ប៉ុន្តែរដ្ឋាភិបាលមានគោលការណ៍ផ្ដល់ជាសំណងច្បាស់លាស់ដល់ប្រជាពលរដ្ឋ។
លោក ទិត សុធា មានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលមានគោលនយោបាយដោះស្រាយសំណងជួនប្រជាពលរដ្ឋជាការងារមនុស្សធម៌...»។
ភារធារីប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក រ៉ាហ្វាអែល ដូឆាវ ម៉ូរ៉េណូ (Rafael Dochao Moreno) បានពន្យល់ថា បេសកកម្មរបស់សហភាពអឺរ៉ុប គឺផ្ដោតលើបញ្ហាសំខាន់បី ដូចជាបញ្ហាសិទ្ធិមនុស្ស បញ្ហាអភិបាលកិច្ចល្អ និងបញ្ហាប្រជាធិបតេយ្យ ហើយបញ្ហាបណ្ដេញចេញប្រជាពលរដ្ឋពីលំនៅឋាននៅកម្ពុជា រដ្ឋាភិបាលមិនទាន់បានដោះស្រាយបានល្អនៅឡើយទេ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ បានបង្ហាញថា នៅក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបានសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនមាន ៩ក្រុមហ៊ុន ដែលប៉ះពាល់លើដីប្រជាពលរដ្ឋ ហើយបញ្ហាវិវាទដីធ្លីនៅ ១២ខែត្រក្រុង គិតត្រឹមខែមិថុនា កន្លែងទៅមាន ៥៣ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ មានការកើនឡើងករណីជម្លោះដីធ្លីនេះជាង ១០ករណី៕