ពលរដ្ឋ​នៅ​កោះកុង​ខ្វះ​ទឹក​ប្រើ ខណៈ​លី​យ៉ុងផាត់​យក​ទឹក​ទៅ​ផ្គត់ផ្គង់​សណ្ឋាគារ

ពលរដ្ឋ​នៅ​ទូទាំង​ទី​រួម​ខេត្ត​កោះកុង​កំពុង​ជួប​ការ​លំបាក ដោយ​បញ្ហា​ខ្វះ​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ នៅ​គ្រា​ដែល​លោក លី យ៉ុងផាត់ ម្ចាស់​អាង​ស្តុក​ទឹក បាន​យក​ទឹក​ទៅ​ផ្គត់ផ្គង់​សណ្ឋាគារ និង​រមណីយដ្ឋាន​របស់​លោក ខណៈ​ដែល​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់​តាម​រដូវ​កាល ហើយ​អាង​ស្តុក​ទឹក​នោះ​ស្ទើរតែ​រីង​ស្ងួត​អស់ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ។

អ្នក​ស្រី ម៉ាត់ ហិល ពលរដ្ឋ​រស់​នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ឧសភា​នេះ ថា ក្នុង​ពេល​រាំង​ស្ងួត​នេះ ប្រជា​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​នូវ​ការ​អត់​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​ប្រមាណ​ជិត ១០​ថ្ងៃ​មក​ហើយ។ បញ្ហា​នេះ​ដោយសារ​តែ​អាង​ស្តុក​ទឹក​ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​នោះ កំពុង​ប្រឈម​មុខ​នឹង​ការ​រីង​ស្ងួត​បណ្ដាល​មក​ពី​ពុំ​មាន​ភ្លៀង ហើយ​លោក លី យ៉ុងផាត់ បាន​យក​ទឹក​នោះ​ទៅ​ផ្គត់ផ្គង់​សណ្ឋាគារ និង​រមណីយដ្ឋាន​របស់​លោក។

អ្នក​ស្រី ម៉ាត់ ហិល បាន​អះអាង​ថា ៖ «ការ​ពិត​ទឹក​ហ្នឹង លី យ៉ុងផាត់ គាត់​អ្នក​ធ្វើ អ៊ីចឹង​កន្លែង​សួន​សត្វ​គេ​ហ្នឹង គេ​អត់​មាន បាន​ន័យ​ថា ទឹក​រីង! អ៊ីចឹង​គេ​បិទ​អត់​ឲ្យ​យើង​ប្រើ​សិន! ប្រជាជន​ទៅ​មើល​ថា អាង​ដែល​គេ​ស្តុក​ទឹក​ហ្នឹង គេ​ថា​រីង​ដែរ​អ៊ីចឹង​ណា៎!»

ទាក់ទង​នឹង​បញ្ហា​នេះ លោក លី យ៉ុងផាត់ ពុំ​បាន​បក​ស្រាយ​អំពី​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ ដែល​ថា លោក​ផ្គត់ផ្គង់​ទឹក​ទៅ​សណ្ឋាគារ និង​រមណីយដ្ឋាន​របស់​លោក​នៅ​ខេត្ត​កោះកុង ថា​យ៉ាង​ណា​នោះ​ទេ។

លោក​បាន​ថ្លែង​ដូច្នេះ ៖ «គេ​ចេះ​ធ្វើ​ទេ! គេ​វិនិយោគ​ដល់​ថ្នាក់​ហ្នឹង គេ​ចេះ​គិត! រឿង​អ៊ីចឹង​មិន​បាច់​បារម្ភ​ទេ​អ្នក​កាសែត! ក្នុង​១​ថ្ងៃ ២​ថ្ងៃ មាន​ទឹក​ប្រើ​ហើយ។ ប្រជាធិបតេយ្យ គេ​និយាយ​ម៉េច​ក៏​បាន​ដែរ ថា​ខ្ញុំ​ចោរ​ក៏​បាន ថា​ខ្ញុំ​សេដ្ឋី​ក៏​បាន​ដែរ អត់​អី​ទេ! សំខាន់​ខ្ញុំ​ធ្វើ​ឲ្យ​ល្អ​ទៅ​បាន​ហើយ!»

ទន្ទឹម​នឹង​គ្នា​នេះ អភិបាល​ខេត្ត​កោះកុង លោក ប៊ុន ល៉ើត មាន​ប្រសាសន៍​ថា លោក​ក៏​មិន​ដឹង​ថា តើ​ត្រូវ​រក​វិធី​ដោះស្រាយ​យ៉ាង​ណា​ដែរ ដោយសារ​ប្រភព​ទឹក​ស្ទើរ​តែ​រីង​ស្ងួត​អស់។ ក៏​ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​អ្នក​គ្រប់គ្រង​អាង​ស្តុក​ទឹក​រក​ដំណោះស្រាយ និង​បើក​ទឹក​ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​កោះកុង លោក ជិន សុផល មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​បាន​ស្វែងរក​ទឹក​ដើម្បី​បរិភោគ និង​ប្រើប្រាស់​នៅ​តាម​ស្រះ​នៅ​ក្នុង​វត្ត ឬ​ស្រះ​នៅ​ក្នុង​តំបន់​មួយ​ចំនួន ដើម្បី​ប្រើ​មួយ​រយៈ​សិន ប៉ុន្តែ​លោក​ក៏​បារម្ភ​ដែរ​ថា ទឹក​អាច​នឹង​រីង​ស្ងួត​អស់ ប្រសិន​បើ​មេឃ​មិន​បង្អុរ​ភ្លៀង។

តាម​ការ​អះអាង​របស់​អភិបាល​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ដែល​កំពុង​អត់​ទឹក​ប្រើប្រាស់​នោះ​មាន​ចំនួន ៣​សង្កាត់ គឺ​សង្កាត់​ដងទង់ សង្កាត់​ស្មាច់មានជ័យ និង​សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ។ ជា​ទូទៅ​ប្រជាជន​រស់​នៅ​ខេត្ត​កោះកុង​មិន​មាន​ទឹក​សាប​ប្រើប្រាស់ ដូច​ខេត្ត​នានា​ដែល​នៅ​ដែន​គោក​នោះ​ទេ ហើយ​នៅ​តាម​ផ្ទះ​គេ​ជីក​អណ្ដូង​ប្រើប្រាស់ តែ​មិន​មាន​អនាម័យ និង​មិន​គ្រប់​គ្រាន់​ទេ៕