ទិវា​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​បឹង​ជើងឯក

គណបក្ស​ប្រជាជន​ដែល​កំពុង​តែ​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ប្រមាណ ២​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

0:00 / 0:00

ប្រជាពលរដ្ឋ ពុទ្ធ​បរិស័ទ សិស្ស និស្សិត និង​មន្ត្រីរាជការ​ប្រហែល​ជាង ៣.០០០​នាក់ ព្រមទាំង​ព្រះសង្ឃ​ប្រមាណ ៣០០​អង្គ​ផង បាន​និមន្ត និង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ឯ​អតីត​ទី​ពិឃាដ​មនុស្ស​បឹង​ជើងឯក ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សិល្បករ​សិល្បការិនី​បាន​សម្ដែង​នូវ​ឈុត​ឆាក​មួយ​​ចំនួន​ស្ដី​ពី​ការ​សម្លាប់​រង្គាល​ជន​កម្ពុជា​ដោយ​ក្រុម​ខ្មែរ​ក្រហម និង​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

ក្រោយ​ពី​បាន​ទស្សនា​ការ​សម្ដែង គួបផ្សំ​នឹង​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ការ​សិក្សា និង​ពី​ឪពុក​ម្ដាយ និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កញ្ញា ខឹម ស្រីពៅ បាន​បង្ហាញ​នូវ​ជំនឿ​ទាំង​ស្រុង​ថា របប​ខ្មែរក្រហម​ពិត​ជា​បាន​បង្ក​មហន្តរាយ​ដល់​ជាតិ និង​ប្រជាជន​កម្ពុជា​ប្រាកដ​មែន ៖ «មើល​ទៅ​វា​សាហាវ​មែន​ទែន! ព្រោះ​ពីមុន​មក​ខ្ញុំ​អត់​ដែល​ធ្លាប់​ឃើញ​ទេ ឮ​តែ​ចាស់ៗ​និយាយ​ថា ជំនាន់ ប៉ុល ពត សាហាវ​បំផុត។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ការ​សម្ដែង ធ្វើ​ឲ្យ​អារម្មណ៍​ញាប់ញ័រ»

អតីត​អ្នក​ទោស​គុក​ទួលស្លែង​នៃ​របប​ខ្មែរក្រហម ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ លោក ជុំ ម៉ី មាន​ប្រសាសន៍​ថា ការ​សម្ដែង​របស់​សិល្បករ សិល្បការិនី បង្ហាញ​នូវ​ការ​ពិត​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក ជុំ ម៉ី បញ្ជាក់​ថា លោក​មាន​ការ​ឈឺ​ចាប់ លោក​ចង់​បាន​យុត្តិធម៌​ពី​ការ​កាត់ក្ដី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក​គាំទ្រ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ តែ​លោក​ក៏​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ដែរ ៖ «ជួន​កាល​ជន​ដៃ​ដល់​តូចតាច​យើង​នៅ​ចង​កំហឹង​គេ​ក៏​អត់​កើត​ដែរ យើង​សំខាន់​តែ​អ្នក​ប៉ុន្មាន​នាក់​ទេ។ ចំពោះ​ខ្ញុំ​សំខាន់​តែ ៥​នាក់​ទេ...»

និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក កែវ សាស្ត្រា សម្ដែង​ការ​គាំទ្រ​នូវ​ទិវា​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ៖ «យើង​គួរ​រំឭក​រៀង​រាល់​ឆ្នាំ ព្រោះ​ភាព​ឈឺ​ផ្សា​ក្នុង​បេះដូង​ខ្មែរ​នៅ​តែ​មាន មិន​អាច​បំភ្លេច​បាន...»

ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង លោក សុន ឆ័យ អះអាង​ថា គណបក្ស សម រង្ស៊ី ក៏​បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​ជើង​ឯក​ដែរ តែ​ធ្វើ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ​ដូច​ជា​ភ្ជុំបិណ្ឌ​ជា​ដើម។

ទិវា​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នៅ​អតីត​វាលពិឃាត​ជើងឯក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា បាន​បញ្ចប់​ដោយ​ការ​ដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ​ប្រមាណ ៣០០​អង្គ។

ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចូល​រួម​មាន​ការ​ថយ​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន៕