ក្រុមប្រឹក្សា ២ស្រុកនៅខេត្តកំពត មកពីគណបក្ស សម រង្ស៊ី ផ្ញើលិខិតបំភ្លឺទៅអង្គភាពប្រឆាំងអំពើពុករលួយថា លោក ជា ប៉ូច តំណាងរាស្ត្រមណ្ឌលព្រៃវែង មិនបានរារាំងពួកគាត់ ៤នាក់មិនឲ្យទៅបំភ្លឺរឿងពុករលួយរបស់មន្ត្រីរដ្ឋបាលសាលាស្រុកដែលសុំថវិកាម្នាក់ ១ម៉ឺនរៀល ដើម្បីទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការ ដែលកើតមាននៅខេត្តកំពត ទេ។
ក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា បានបំភ្លឺតបទៅនឹងលិខិតរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ បានចេញលិខិតព្រមានទៅលោក ជា ប៉ូច តំណាងរាស្ត្រមណ្ឌលព្រៃវែង ថាបានជាប់ពាក់ព័ន្ធនឹងការរារាំងសកម្មជនគណបក្ស សម រង្ស៊ី ៤រូប នៅខេត្តកំពត មិនឲ្យចូលបំភ្លឺបញ្ហាកើតឡើងនោះ។
លោក ប៉ែន ស៊ុយរីតា ពន្យល់ទៀតថា ពួកគាត់មិនចូលខ្លួនបំភ្លឺ ព្រោះអ្នកអញ្ជើញពួកគាត់ទៅបំភ្លឺ គឺហៅតាមទូរស័ព្ទ ដែលគាត់មិនអាចដឹងថាអ្នកហៅមកនោះ ពិតជាមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយពិត ឬអត់នោះទេ៖ «បើសិនជាអត់មានលិខិតអញ្ជើញ ខ្ញុំមិនអាចទៅបានទេ ពីព្រោះខ្ញុំអត់ដឹងថាជានរណា ឬអង្គភាពណា។ ខ្ញុំអត់ស្គាល់»។
លោក ស៊ីន ទុន ក្រុមប្រឹក្សាស្រុកជុំគីរី ថ្លែងថា បន្ទាប់ពីពួកគាត់ប្រាប់ទៅបណ្ដាញសារព័ត៌មានអំពីការទារយកលុយ ១ម៉ឺនរៀល ថ្លៃឯកសារប្រកាសទ្រព្យសម្បត្តិដែលអង្គភាពប្រឆាំងអំពើពុករលួយតម្រូវឲ្យមន្ត្រីរាជការឡើងកាន់តំណែង ចាំបាច់ត្រូវតែប្រកាសនោះមក គាត់ត្រូវបានគេទាក់ទងច្រើន ខ្លះសាកសួរ ខ្លះស្តីបន្ទោស ខ្លះកោះហៅទៅបំភ្លឺផ្សេងៗ ដែលគាត់មិនអាចកំណត់បានថា អ្នកហៅមកនោះ ពិតជាមន្ត្រីអង្គភាពណាពិតប្រាកដទេ។ ស្រាប់តែឃើញលិខិតព្រមានអ្នកតំណាងរាស្ត្រ ទើបគាត់នាំគ្នាសរសេរលិខិតផ្ញើតបទៅវិញ។
លោក ស៊ីន ទុន៖ «ខ្ញុំដាក់លិខិតបដិសេធន៍ថា លោក ជា ប៉ូច អត់មានបានរារាំងមិនឲ្យពួកខ្ញុំទាំង ៤នាក់ហ្នឹង ទៅចូលឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយទេ គឺដោយសារអង្គភាពប្រឆាំងអំពើពុករលួយ អត់មានចេញលិខិតពីអង្គភាពប្រឆាំងអំពើពុករលួយមកឲ្យយើងខ្ញុំទាំងអស់គ្នាទៅបំភ្លឺនៅថ្ងៃទី២១ ខែមករា នោះ»។
មន្ត្រីការិយាល័យរដ្ឋបាលស្រុកជុំគីរី លោក សៅ សំអាត បានឲ្យដឹងថា ថវិកាសុំពីមន្ត្រីស្រុក និងឃុំចំនួនម្នាក់ ១ម៉ឺនរៀលនោះ គឺអ្នកត្រូវប្រកាសទ្រព្យសម្បត្តិសម្រាប់ឆ្នាំ២០១៣ ក្នុងស្រុកជុំគីរី មាន ៤៣នាក់។ ក្នុងនោះ អ្នកមិនទាន់បានបង់ប្រាក់នៅសល់ ៤នាក់ទៀត។ លោកបានពន្យល់ថា ប្រាក់ម្នាក់ ១ម៉ឺនរៀល ប្រហែល ២,៥០ដុល្លារ ដែលប្រមូលពីមន្ត្រីត្រូវប្រកាសទ្រព្យសម្បត្តិនោះ គឺបង់ទៅឲ្យរោងពុម្ពដែលជួយព្រីនឯកសារចេញពីគេហទំព័រ របស់អង្គភាពប្រឆាំងអំពើពុករលួយ៖ «ខ្ញុំមិនមែនទារទេ ឯកសារនោះខ្ញុំទិញពីរោងពុម្ពមក ហើយគាត់ទាំងអស់គ្នាស្ម័គ្រចិត្តនឹងទិញតវិញ ទទួលពីខ្ញុំ»។
ក្រុមប្រឹក្សាស្រុកឈូក លោក សំ សុខុន ថ្លែងថា នៅក្នុងស្រុកឈូក វិញ ថវិកា ១ម៉ឺនរៀលដែលរដ្ឋបាលសាលាស្រុកឈូក ប្រមូលយកនោះ បានប្រគល់ឲ្យទៅមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិនោះវិញហើយ ក្រោយពីមានការផ្សព្វផ្សាយជាសាធារណៈ៖ «អីចឹងគេដោះស្រាយវិញថា លុយហ្នឹងគេបង្វិលឲ្យវិញ ហើយគេយកលុយជាថវិការបស់រដ្ឋបាល របស់ឃុំ ហើយនិងស្រុកប្រើប្រាស់វិញ»។
វិទ្យុអាស៊ីសេរី បានសុំការបំភ្លឺពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែគ្រប់មន្ត្រីទាំងអស់ បានប្រគល់ការបំភ្លឺជូនទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពនោះ តែលោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ជាប់រវល់ លោកមិនអាចឆ្លើយតបក្នុងបញ្ហានោះបានទេ។
ពាក់ព័ន្ធការទារយកប្រាក់ពីមន្ត្រីនៅខេត្តកំពត ត្រូវប្រកាសទ្រព្យសម្បត្តិនោះ ដែលមានរដ្ឋបាលសាលាស្រុកខ្លះបានប្រគល់ថវិកាម្នាក់ ១ម៉ឺន មកសាមីខ្លួនវិញ ហើយរដ្ឋបាលសាលាស្រុកខ្លះ រក្សាទុក ត្រូវមន្ត្រីក្រុមប្រឹក្សាខេត្តកំពត ឲ្យដឹងថា ថវិកាពីសាលាខេត្ត និងសាលាស្រុក មានចំណូលពីសារពើពន្ធនានានៅក្នុងស្រុក និងខេត្ត និងពីក្រសួងមហាផ្ទៃ បានផ្តល់ឲ្យចាត់ចែងចំណាយក្នុងការងាររដ្ឋបាល ដែលមិនគួររដ្ឋបាលតាមស្រុកនីមួយៗប្រមូលពីមន្ត្រីម្នាក់ៗនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។