រដ្ឋលេខាធិការក្រសួងកិច្ចការនារីទទួលបន្ទុកអប់រំ លោកស្រី ស៊ីវណ្ណ បុទម មានប្រសាសន៍ប្រាប់ឲ្យវិទ្យុអាស៊ីសេរីដឹងថា ដើម្បីបញ្ចៀសនូវការភាន់ច្រឡំនៃពិធីបុណ្យនៃក្តីស្រឡាញ់ ក្រសួងបានផលិតស្បតធ្វើការអប់រំយុវវ័យកម្ពុជាកុំឲ្យភ្លើតភ្លើននៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ និងឲ្យយល់ពីអត្ថន័យពិតប្រាកដនៃទិវានេះ ដោយជំរុញឲ្យយុវជន យុវនារីបង្ហាញការស្រឡាញ់ដល់ក្រុមគ្រួសារ គ្រូបង្រៀន និងមិត្តភ័ក្តិវិញ។
លោកស្រី ស៊ីវណ្ណ បទុម បានបន្តទៀតថា ក្រសួងកិច្ចការនារីបានធ្វើការកត់សម្គាល់ឃើញថា ស្រ្តី យុវនារីមួយចំនួនបានលះបង់ភាពបរិសុទ្ធទៅឲ្យដៃគូរបស់ខ្លួនដោយគ្មានការពិចារណា។ មិនត្រឹមតែប៉ុណ្ណោះ យុវជន យុវនារីបានកក់ ឬជួលបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារទុករួចជាស្រេចថែមទៀតផង។ ក៏ប៉ុន្តែក្រសួងនៅពុំទាន់មានទិន្នន័យណាមួយច្បាស់លាស់នៅឡើយទេ។
លោកស្រី ស៊ីវណ្ណ បទុម បានបញ្ជាក់ថា ៖ «បានធ្វើការស្រាវជ្រាវស៊ើបអង្កេតថា មួយចំនួនគឺខូចចិត្ត ធ្វើឲ្យយើងខាតបង់ធនធានមនុស្ស សំខាន់ណាស់!»។
ប្រធានសមាគមយុវជនខ្មែរ អ្នកស្រី ស៊ុន ចាន់សែន មានមតិថា អ្នកស្រីមើលឃើញមានសន្ទុះនៃការយកចិត្តទុកដាក់ជាមួយយុវវ័យអំពីបញ្ហានេះ ដូចជាការធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងធ្វើការផ្ញើសារអប់រំតាមទូរស័ព្ទជាដើម។ ការធ្វើបែបនេះអាចជួយកាត់បន្ថយនូវការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ យុវវ័យមានអនាគតល្អ ឲ្យតម្លៃកិត្តិយសគ្រួសារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីខែ្មរ។
អ្នកស្រី ស៊ុន ចាន់សែន បានមានប្រសាសន៍ថា ៖ «ស្ត្រីដែលបានចូលរួមប្រឡូកនៅក្នុងរឿងហ្នឹង គឺចង់មិនចង់ក៏ដោយ ព្រោះសង្គមយើងអត់អាចវិវត្តន៍ទៅដល់ដូចអឺរ៉ុប គេយល់ថា រឿងហ្នឹងវាធម្មតា!»។
អ្នកស្រី លឹម មុន្នី អនុប្រធានផ្នែកស្រ្តីនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងដោយសម្ដែងការព្រួយបារម្ភថា គួរឲ្យសោកស្តាយដែលយុវជន យុវនារីមានការយល់ច្រឡំនូវអត្ថន័យរបស់ទិវានេះ។
អ្នកស្រីបន្តថា នៅរាល់ឆ្នាំនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ សមាគមអាដហុកតែងតែទទួលបាននូវពាក្យបណ្តឹងពីឪពុកម្តាយ ឬអាណាព្យាបាល ពីករណីរំលោភសេពសន្ថវៈ និងបាត់កូនជាដើម។
អ្នកស្រី លឹម មុន្នី បានថ្លែងថា ៖ «អង្គការអាដហុកយើងខ្ញុំជារៀងរាល់ឆ្នាំ បន្ទាប់ពីថ្ងៃនេះតែងតែមានមាតា បិតា ឬអាណាព្យាបាលរបស់ក្មេងស្រីមួយចំនួនហ្នឹង តែងតែមកប្ដឹងញឹកញាប់ស្ដីពីបញ្ហាថា កូនគេហ្នឹងបានជ្រុលជ្រួសខ្លួនប្រាណ»។
ក្រុមអង្គការសង្គមស៊ីវិល រួមទាំងមន្រ្តីរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីនិងយុវជន បានផ្តល់អនុសាសន៍ថា សុំឲ្យយុវវ័យខ្លួនឯងចេះស្វែងយល់ពីបញ្ហាទាំងអស់នេះ ក្រុមគ្រួសារក៏ត្រូវតែចូលរួមទូន្មានប្រៀនប្រដៅកូនឲ្យដើរតាមកន្លងធម៌ផងដែរ។ នេះគឺជាការជំរុញឲ្យយុវជន យុវនារី ក្លាយទៅជាសរសរទ្រូងនៃប្រទេសជាតិ។
ពិតមែនតែមានការព្រួយបារម្ភចំពោះភាពភ្លើតភ្លើនរបស់យុវវ័យនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ក៏ដោយ ក៏នៅតែមិនមានស្ថាបន័ណាមួយមានតួលេខជាក់លាក់ថា ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះមានបុរសឬនារីប៉ុន្មាននាក់ដែលបានបាត់បង់ភាពបរិសុទ្ធនោះនៅឡើយ៕