គុណភាព​សាលារដ្ឋ​ថយ​ចុះ ខណៈ​ដែល​សាលា​ឯកជន​កើត​មាន​កាន់​តែ​ច្រើន

«ខ្ញុំ​គិត​ថា ប្រហែល​ជា​ក្នុង ១០ មាន​យ៉ាង​ច្រើន​ពីរ សាលារដ្ឋ ១០ មាន ២ហ្នឹង ពិសេស​ទៀត ពីរ​ហ្នឹង..»។ នេះ​គឺ​ជា​ការ​ពិពណ៌នា​របស់​លោក សំណាង អាយុ ៣០​ឆ្នាំ អ្នក​ទីក្រុង​ភ្នំពេញ ដែល​សម្ដែង​អំពី​ការ​អស់​សង្ឃឹម​សម្រាប់​អនាគត​ក្មេងៗ ដែល​កំពុង​តែ​រៀន​នៅ​សាលា​រដ្ឋ​នា​ពេល​បច្ចុប្បន្ន​ថា ភាគ​ច្រើន​នឹង​មិន​អាច​ក្លាយ​ទៅ​ជា​សសរ​ទ្រូង​របស់​ប្រទេស​នៅ​ថ្ងៃ​មុខ​បាន​ឡើយ។

0:00 / 0:00

នៅ​ក្នុង​ថ្នាក់​រៀន​មួយ​នៃ​វិទ្យាល័យ សន្ធរម៉ុក ជញ្ជាំង​រខេក​រខាក មាន​កូន​សិស្ស​ជាង ១០០​នាក់ គេ​មិន​ទាន់​ឃើញ​គ្រូ​បង្រៀន​បាន​មក​ដល់​នៅ​ឡើយ​ទេ នៅ​ពេល​ម៉ោង​ចូល​រៀន​ទៅ​ហើយ។

នៅ​ខាង​ក្រៅ​របង​សាលា​ឯណោះ​វិញ ក្រុម​សិស្ស​សាលា​ខ្លះ​នៅ​ជជែក​គ្នា​អ៊ូអែ ហើយ​ខ្លះ​ទៀត ក៏​ជិះ​ម៉ូតូ​តាម​គ្នា​ទាំង​ហ្វូងៗ ហើយ​បែក​ផ្លូវគ្នា​តាម​ទិសដៅ​រៀងៗ​ខ្លួន ដោយ​មិន​រវល់​អំពី​ថ្នាក់រៀន​ឡើយ។

សំណាង បាន​និយាយ​ថា ក្មេងៗ​បាន​ឲ្យ​លុយ​កាក់​គ្រូ​បង្រៀន​ដើម្បី​ជួយ​ឲ្យ​ដាក់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​វត្តមាន ហើយ​នេះ​គឺ​ជា​បញ្ហា​នៅ​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ ដែល​នាំ​ពលរដ្ឋ​កំពុង​ចាប់​ផ្តើម លែង​មាន​ជំនឿ ហើយ​ម្នាក់ៗ​កំពុង​តែ​បារម្ភ​អំពី​វាសនា​កូនចៅ​របស់​ខ្លួន​រៀងៗ​ខ្លួន។

លោក សំណាង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ធូរ​រលុង ដូច​ខ្ញុំ​ចង់​និយាយ​ថា ភាគច្រើន សិស្ស​អត់​ចូល​រៀន ម៉ោង​ចូល​រៀន​វា​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភក្ដិ មាន​មិត្ត​ភក្ដិ​ស្រី មិត្ត​ភក្ដិ​ប្រុស ខារ៉ាអូខេ អ៊ីចឹង​ទៅ វា​ទៅ​តាម​ហ្នឹង​ឯង ដូច្នេះ ឥឡូវ​ភាគ​ច្រើន​អ្នក​ដែល​មាន​សមត្ថភាព គេ​ឲ្យ​កូន​ចៅ​រៀន​នៅ​សាលា​ឯកជន។ សាលារដ្ឋ បើ​សិន​ជា​សិស្ស​អត់​ចូល​រៀន​អ៊ីចឹង​ទៅ យក​លុយ​ទៅ​សូក​លុប​អវត្តមាន​បាន សាលា​ឯកជន សិស្ស​អត់​ចូល​រៀន គេ​មាន​កម្មវិធី​មួយ ដូច​ថា គេ​ទូរស័ព្ទ​ទៅ​សួរ​ម៉ែ​ឪ​អ៊ីចឹង​ទៅ»

ប្រភព​ពី​សមាគមន៍​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា ឲ្យ​ដឹង​ថា រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ សាលា​រៀន​ឯកជន​ផ្នែក​ចំណេះ​ទូទៅ​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ បាន​ចាប់​ផ្តើម​រីក​ដុះដាល​នៅ​ក្នុង​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ មាន​ប្រហែល ១០​សាលា។

មនុស្ស​ជា​ច្រើន បាន​ចាប់​ផ្តើម​បញ្ជូន​កូន​ចៅ​ទៅ​រៀន​សាលា​ឯកជន បើ​ទោះ​បី​ជា​កម្មវិធី​សិក្សា​ដូចគ្នា​ក៏​ដោយ។ អ្នក​ខ្លះ​ទៀត​ដែល​មាន​លទ្ធភាព​ខ្ពស់ បាន​បញ្ជូន​កូន​ចៅ​ទៅ​រៀន​នៅ​សាលា​ចិន សាលា​អង់គ្លេស សាលា​បារាំង និង​សាលា​អន្តរជាតិ​នានា ដែល​មាន​ការ​បង់​ប្រាក់​យ៉ាង​ខ្ពស់។

នៅ​មុខ​សាលារៀន​បារាំង លីសេ រ៉េណេ ដេកាត លោក សុខុន អាយុ ៤៥​ឆ្នាំ អ្នក​រត់​ម៉ូឌុប​មក​ពី​ខេត្ត​តាកែវ អង្គុយ​ក្រោម​ម្លប់​ឈើ សម្លឹង​មើល​ក្មេងៗ​ខ្មែរ ដែល​រៀន​នៅ​សាលា​អន្តរជាតិ​មួយ​នេះ។

លោក​បាន​នឹក​ទៅ​ដល់​កូន​របស់​គាត់​ដែល​កំពុង​រៀន​នៅ​ស្រុក​ស្រែ​ថា ៖ «សាលា​មាន​លុយ ដូច​យើង​ទៅ​ពេទ្យ​អ៊ីចឹង ពេទ្យ​អត់​លុយ ហើយ​ពេទ្យ​មាន​លុយ ខុស​គ្នា។ កាលណា​គេ​មាន គេ​ចេះ​តែ​បណ្ដុះ​បណ្ដាល​កូន​គេ​ឲ្យ​បាន​ជ្រៅជ្រះ យើង​ក្រ​រៀន​មួយ​ចេះៗ​ចប់»

អ្នកស្រី ផល្លា អាយុ ៣៥​ឆ្នាំ បាន​បញ្ជូន​កូន​ឲ្យ​រៀន​នៅ​សាលា​បារាំង អ្នកស្រី​ថ្លែង​ថា ការ​បញ្ជូន​កូន​មក​ទី​នេះ ដោយសារ​តែ​អ្នកស្រី​មិន​សូវ​មាន​ពេល​តាម​ដាន​កូន ដូច្នេះ​ការ​ដាក់​កូន​ឲ្យ​រៀន​នៅ​សាលា​រដ្ឋ​ជា​ការប្រថុយ​ប្រថាន​សម្រាប់​អ្នកស្រី ៖ «ជួន​កាល​យើង​អត់​អាច​មើល​កូន​យើង​គ្រប់ ១០​បាន នៅ​ឯណេះ​មាន​ម៉ោង​គេ យើង​មក​ដល់​ម៉ោង ១២​-១​អី អត់​អាច​ទៅ​ណា​បាន​ទេ»

ស្រី្ត​ម្នាក់​ទៀត​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា កូន​អ្នក​ស្រី​ម្នាក់​រៀន​នៅ​សាលា​ឯកជន និង ២​នាក់​ទៀត រៀន​នៅ​សាលារដ្ឋ។ អ្នកស្រី​និយាយ​អំពី​ការខុស​គ្នា​យ៉ាង​ដូច្នេះ ៖ «ដូច​ជា​មិន​អី​ទេ អាហ្នឹង​ទាល់​តែ​យើង​យក​ចិត្ត​ទុក​ដាក់​ទៀត ម៉ែ​ឪ។ តាម​ដាន​រហូត​កូន​ខ្ញុំ សាលា​បឹង​កេងកង។ មាន​អី​ទេ គ្រាន់​តែ​គ្រូ​គាត់​លក់​ក្រដាស​អី ក្រដាស​មេ​រៀន​ដូច​ថា យើង​ខ្ជិល​សរសេរ កត់​អី»

គ្រូ​បឋម​សិក្សា​នៅ​វិទ្យាល័យ​វត្ត​ភ្នំ លោក ឡុង រិន មាន​ប្រសាសន៍​ថា ក្នុង​ថ្នាក់​រៀន​របស់​លោក មួយ​រយៈ​ចុង​ក្រោយ​នេះ កូន​សិស្ស​ជា​ច្រើន​នាក់​បាន​ផ្លាស់​ចេញ​ទៅ​រៀន​នៅ​សាលា​ឯកជន។

លោក​បន្ត​ទៀត​ថា ប្រាក់​ខែ​គ្រូ​ទាប​ចាយ​មិន​គ្រប់គ្រាន់ បាន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ ៖ «គួរ​ឲ្យ​ស្ដាយ​ដែរ ដោយសារ​តែ​យើង​មាន​សាលារដ្ឋ​ហើយ តែ​រដ្ឋ​យើង​អត់​សូវ​ឲ្យ​តម្លៃ​ខាង​គ្រូ​បង្រៀន​ហ្នឹង អ៊ីចឹង​ហើយ​បណ្ដាល​ឲ្យ​គាត់​ធ្វើ​នេះ ធ្វើ​នោះ បណ្ដាល​ឲ្យ​ក្មេង​បាក់​ទឹក​ចិត្ត ឬ​ក៏​អាច​ថា ដុះ​ជា​គំនិត​មួយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អី​អ៊ីចឹង​ទៅ។ ចូល​រៀន​ឃើញ​អំពើ​មិន​ល្អ​បាត់ យើង​អាច​ថា ឥឡូវ​យើង​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​រដ្ឋាភិបាល​យើង​ជួយ​លើក​កម្ពស់​បញ្ហា​គ្រូ​បង្រៀន ធ្វើ​ម៉េច ឥឡូវ​យើង​គិត​មើល​ប្រាក់​ខែ​ប៉ុណ្ណឹងៗ»

ការ​ស្ដី​បន្ទោស​ទៅ​លើ​ការ​អប់រំ​ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា​ឡើង​ទៅ មាន​ភាព​ធូរ​រលុង​រយីក​រយាក ធ្វើ​ឲ្យ​កូន​សិស្ស​មិន​មាន​គុណភាព បាន​ចោទ​ទៅ​លើ​ប្រាក់​បៀវត្សរ៍​គ្រូ​មាន​កម្រិត​ទាប​ពេក​ជា​ចម្បង។

ប៉ុន្តែ​មន្ត្រី​ក្រសួង​អប់រំ លោក កើ ណៃលាង អគ្គនាយក​នាយកដ្ឋាន​អប់រំ បដិសេធ​ថា បញ្ហា​មិន​ស្ថិត​នៅ​ត្រង់​នោះ​ឡើយ។ លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ការអប់រំ​នៅ​គ្រឹះស្ថាន​សាធារណៈ​មាន​ភាព​រយីក​រយាក​ខ្លះ ដោយសារ​តែ​សិស្ស​មាន​ចំនួន​ច្រើន​ពេក ពុំ​មាន​ថ្នាក់​រៀន​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ថា ក្រសួង​អប់រំ​កំពុង​តែ​គិតគូរ​អំពី​បញ្ហា​នេះ​ដែរ។

លោក កើ ណៃលាង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សាលារដ្ឋ​ធម្មតា​ទេ ក្មេង​វា​ច្រើន សិស្ស​មួយ​ថ្នាក់ៗ​មាន​ច្រើន វា​មិន​ដូច​សាលា​ឯកជន​ទេ គេ​មាន​ចំនួន​របស់​គេ​តិច​ជាង​ចំនួន​របស់​រដ្ឋ ហើយ​គ្រូ​បង្រៀន​គេ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​សាលា​រដ្ឋ អ៊ីចឹង​ទៅ​វា​ធម្មតា​ទេ គេ​ត្រូវ​រឹត​ត្បិត​វិន័យ​អី ប៉ុន្តែ​សាលារដ្ឋ​ក៏​រឹត​ត្បិត​ដែរ គ្រាន់​តែ​ថា ក្មេង​វា​ច្រើន​ពេក។ កែ​លម្អ​មាន​ហើយ យើង​មាន​គោល​នយោបាយ​របស់​យើង​ហើយ​តើ!»

យ៉ាង​ណា​ក៏​ដោយ មេដឹកនាំ​សមាគម​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា លោក រ៉ុង ឈុន បាន​សម្ដែង​ការ​បារម្ភ​ថា ក្មេងៗ​ខ្មែរ​នៅ​ពេល​ជាង ១០​ឆ្នាំ ទៅ​មុខ​ទៀត ក្នុង ១០០​នាក់ ប្រហែល​មាន​ត្រឹម ២០​នាក់​ប៉ុណ្ណោះ ដែល​មាន​ចំណេះដឹង​ក្នុង​ខ្លួន​ពិត​ប្រាកដ បើ​សិន​ជា​វិស័យ​អប់រំ​នៅ​កម្ពុជា ចេះ​តែ​បន្ត​របៀប​នេះ​ត​ទៅ​ទៀត។

លោក រ៉ុង ឈុន បាន​ដាក់​ជា​សំណួរ​ថា តើ​នៅ​ពេល​ដែល​ក្មេងៗ​ទាំង​នោះ​ធំ​ឡើង​មិន​មាន​ចំណេះដឹង​ក្នុង​ខ្លួន មិន​មាន​សមត្ថភាព ពីព្រោះ​តែ​ការ​អប់រំ​ធូរ​រលុង តើ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អត់​ការងារ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ទៀត នៅ​ពេល​អនាគត?