មន្ត្រី​ជំនាញ​បារម្ភ​ពី​កម្រិត​ទឹក​ទន្លេ​មេគង្គ​ទាប​អាច​ធ្វើ​ឲ្យ​ផល​ត្រី​ថយ​ចុះ

មន្ត្រី​ជំនាញ​ខាង​ជលផល​បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ថា ការ​ថយ​ចុះ​នៃ​កម្រិត​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេ​សាប អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​ត្រី​ពង​កូន​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ។
ដោយ សេក បណ្ឌិត
2010-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ត្រី​នៅ​ក្នុង​ស្ថានីយ​ចិញ្ចឹម​ត្រី​មួយ​កន្លែង​ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល
ត្រី​នៅ​ក្នុង​ស្ថានីយ​ចិញ្ចឹម​ត្រី​មួយ​កន្លែង​ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល
RFA/Kim Peou

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ជលផល បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា ផល​នេសាទ​ត្រី​ទឹក​សាប​នៅ​ឆ្នាំ​នេះ អាច​នឹង​ថយ​ចុះ​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​រដូវ​នេសាទ​ខាង​មុខ​នេះ។

ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជលផល លោក ណៅ ធួក មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ​ទី​១៦ ខែ​កក្កដា​ថា មក​ដល់​ពេល​នេះ កម្រិត​ទឹក​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេ​សាប​នៅ​មាន​កម្រិត​ទាប​ខុស​ប្រក្រតី ហើយ​កម្រិត​ទឹក​នោះ​មិន​គ្រប់គ្រាន់​អាច​ឲ្យ​ត្រី​ធ្វើ​ចរាចរណ៍​បន្លាស់​ទី​រក​កន្លែង​ពង​កូន​បាន​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ឡើយ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កម្រិត​ទឹក​នៅ​ស្ថានីយ​ស្ទង់​ទឹក​ទន្លេ​ចតុមុខ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ មាន​កម្ពស់​ជិត ៦​ម៉ែត្រ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១០​នេះ ទឹក​មាន​កម្ពស់​តែ ២,៨០​ម៉ែត្រ។

លោក ណៅ ធួក មាន​ប្រសាសន៍​ដូច្នេះ ៖ «គិត​មក​ដល់​ថ្ងៃ​ហ្នឹង​ដូច​គ្នា ទាប​ជាង​ឆ្នាំ​ទៅ​ជិត ៣​ម៉ែត្រ​ឯ​ណោះ បឹង​ទន្លេ​សាប។ គិត​មើល បឹង​ទន្លេ​សាប​ទាំង​មូល​ទាប​ជាង ៣ម៉ែត្រ វា​រាប់​លាន​ម៉ែត្រ​គូប។ ទី​២ នៅ​ស្ថានីយ​ចតុមុខ ក៏​ទាប​ជាង​ប្រហែល ២​ម៉ែត្រ ជិត ៣​ម៉ែត្រ​ដែរ ហើយ​នៅ​ក្រចេះ​ក៏​ដូច​គ្នា ទាប​ជាង​ប្រហែល​ជា ២​ម៉ែត្រ​អី​ដែរ។ អ៊ីចឹង​ជា​រួម​ទឹក​ឆ្នាំ​នេះ​ទាប​ជាង​ឆ្នាំ​ទៅ​ខ្លាំង​មែន​ទែន ដែល​ជា​ការ​ព្រួយ​បារម្ភ»

លោក​បន្ត​ថា បើ​សិន​ជា​ទឹក​ចាប់​ផ្ដើម​ឡើង​ខ្លាំង ដោយ​អូស​បន្លាយ​ទៅ​ដល់​អំឡុង​ខែ​សីហា ខាង​មុខ​នោះ ក៏​ហួស​ពេល​ត្រី​អាច​បន្ត​ពូជ​បាន​ដែរ ដូច្នេះ​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា អាច​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ត្រី​លើ​ទីផ្សារ។

លោក ណៅ ធួក មាន​ប្រសាសន៍​បន្ត​ដូច្នេះ​ថា ៖ «ខ្ញុំ​ចាំ ជា​រៀង​រាល់​ឆ្នាំ​មុន​ដំណាច់​ខែ​៦​ហ្នឹង មាន​កូន​ត្រី​ហូរ​មក​មួយ​លើក​ហើយ ឥឡូវ​ឆ្នាំ​នេះ​អត់ ​ហើយ​ជា​ពិសេស​ទៅ​ទៀត បើ​សិន​ជា​អូស​បន្លាយ​រហូត​ដល់​ទៅ​ដាច់​ខែ​ហ្នឹង ឬ​ក៏​ដល់​ពាក់​កណ្ដាល​ខែ​៨​អី​បាន​ឡើង គឺ​វា​ហួស​ពេល​ត្រី​ពង។ ត្រី​មាន​ពង​ក​ក្នុង​ពោះ​រួច​ហើយ ប៉ុន្តែ​អត់​មាន​ទឹក​ជំនន់​មក វា​​អត់​អាច​ពង​បាន​ទេ​នៅ​ខាង​លើ​ហ្នឹង។ ត្រី​មួយ​ចំនួន ដូច​ពួក​ត្រី​ប្រា ត្រី​ព្រួល​អី​នេះ ទាល់​តែ​មាន​ទឹក​ជំនន់ និង​ទឹក​ហូរ​ខ្លាំង​បាន​វា​ពង​មក»

ប្រធាន​មជ្ឈមណ្ឌល​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ លោក ទេព ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ដែរ​ថា ទឹក​ទន្លេ​មេគង្គ​ភាគ​ខាង​លើ ដូច​ជា​នៅ​ខេត្ត​ស្ទឹងត្រែង លោក​ពិនិត្យ​ឃើញ​ទឹក​ទើប​ចាប់​ផ្ដើម​ឡើង​ក្នុង​កម្រិត​មួយ​យឺត​បំផុត​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​រំពឹង​ទុក​ដែរ​ថា ផល​ត្រី​ឆ្នាំ​ក្រោយ​នេះ​អាច​នឹង​ថយ​ចុះ​ក្នុង​កម្រិត​មួយ​ខ្ពស់។

លោក ទេព ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា ៖ «បើ​សិន​ជា​ទឹក​នៅ​អត់​ឡើង​អ៊ីចឹង ឆ្នាំ​ក្រោយ ដល់​ពេល​រដូវ​បិទ​នេសាទ អ៊ីចឹង​មាន​បញ្ហា​ខ្វះ​ត្រី​ហើយ»

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល បាន​បង្ហាញ​ហេតុផល​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ថយ​ចុះ​នៃ​កម្រិត​ទឹក​នៅ​អាង​ទន្លេ​មេគង្គ​នេះ បណ្ដាល​មក​ពី​ហេតុផល​ចំនួន​ពីរ។ ទី​មួយ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​តិច​នៅ​ភាគ​ខាង​លើ​នៃ​តំបន់​ទន្លេ​មេគង្គ ហើយ​ម្យ៉ាង​ទៀត អាច​មក​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ភាគ​ខាង​លើ​នៃ​តំបន់​ទន្លេ​មេគង្គ​នោះ​ដែរ។

គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ទីស្នាក់ការ​បច្ចុប្បន្ន​នៅ​ប្រទេស​លាវ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​ទាប​ជាង​ធម្មតា​បើ​ប្រៀប​ធៀប​ខែ​កុម្ភៈ ឆ្នាំ​មុន គឺ​កម្ពស់​ទឹក​ទាប​ជាង​ពាក់​កណ្ដាល។

លោក ណៅ ធួក បាន​ប្រកាស​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ធ្វើ​វារីវប្បកម្ម គឺ​ការ​ចិញ្ចឹម​ត្រី​តាម​ស្រះ និង​តាម​ស្រែ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ឲ្យ​បាន​ច្រើន ហើយ​រដ្ឋាភិបាល​កំពុង​មាន​ផែនការ​អនុវត្ត​ជា​បណ្តើរៗ ក្នុង​ជួញ​ជំរុញ​លើ​បញ្ហា​នេះ ដើម្បី​ទប់​ទល់​នឹង​ការ​ចុះ​ថយ​ផល​ត្រី​ពី​ធម្មជាតិ។
ទោះ​យ៉ាង​នេះ​ក្តី លោក ទេព ប៊ុនរិទ្ធ បាន​បង្ហាញ​ថា ការ​បង្កើន​អាជីវកម្ម​ចិញ្ចឹម​ត្រី​ក្នុង​រយៈ​ពេល​នេះ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​ចំពោះ​តម្រូវ​ការ​ទី​ផ្សារ​នោះ​ទេ។

កាល​ពី​ឆ្នាំ​កន្លង​ទៅ កម្ពុជា​ប្រមូល​បាន​ផល​នេសាទ​ទាំង​ទឹក​សាប និង​ទឹក​ប្រៃ បាន​ប្រហែល​ជាង ៥១៥​ពាន់​តោន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល