មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជលផល បានប្រកាសឲ្យដឹងនៅពេលថ្មីៗនេះថា ផលនេសាទត្រីទឹកសាបនៅឆ្នាំនេះ អាចនឹងថយចុះក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភនៅរដូវនេសាទខាងមុខនេះ។
ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជលផល លោក ណៅ ធួក មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រទី១៦ ខែកក្កដាថា មកដល់ពេលនេះ កម្រិតទឹកនៅក្នុងអាងទន្លេមេគង្គ និងទន្លេសាបនៅមានកម្រិតទាបខុសប្រក្រតី ហើយកម្រិតទឹកនោះមិនគ្រប់គ្រាន់អាចឲ្យត្រីធ្វើចរាចរណ៍បន្លាស់ទីរកកន្លែងពងកូនបានដូចបណ្ដាឆ្នាំមុនៗឡើយ។
លោកបានឲ្យដឹងទៀតថា កម្រិតទឹកនៅស្ថានីយស្ទង់ទឹកទន្លេចតុមុខកាលពីខែកក្កដា ឆ្នាំ២០០៩ មានកម្ពស់ជិត ៦ម៉ែត្រ ប៉ុន្តែក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១០នេះ ទឹកមានកម្ពស់តែ ២,៨០ម៉ែត្រ។
លោក ណៅ ធួក មានប្រសាសន៍ដូច្នេះ ៖ «គិតមកដល់ថ្ងៃហ្នឹងដូចគ្នា ទាបជាងឆ្នាំទៅជិត ៣ម៉ែត្រឯណោះ បឹងទន្លេសាប។ គិតមើល បឹងទន្លេសាបទាំងមូលទាបជាង ៣ម៉ែត្រ វារាប់លានម៉ែត្រគូប។ ទី២ នៅស្ថានីយចតុមុខ ក៏ទាបជាងប្រហែល ២ម៉ែត្រ ជិត ៣ម៉ែត្រដែរ ហើយនៅក្រចេះក៏ដូចគ្នា ទាបជាងប្រហែលជា ២ម៉ែត្រអីដែរ។ អ៊ីចឹងជារួមទឹកឆ្នាំនេះទាបជាងឆ្នាំទៅខ្លាំងមែនទែន ដែលជាការព្រួយបារម្ភ»។
លោកបន្តថា បើសិនជាទឹកចាប់ផ្ដើមឡើងខ្លាំង ដោយអូសបន្លាយទៅដល់អំឡុងខែសីហា ខាងមុខនោះ ក៏ហួសពេលត្រីអាចបន្តពូជបានដែរ ដូច្នេះឆ្នាំនេះប្រទេសកម្ពុជា អាចប្រឈមមុខនឹងការខ្វះត្រីលើទីផ្សារ។
លោក ណៅ ធួក មានប្រសាសន៍បន្តដូច្នេះថា ៖ «ខ្ញុំចាំ ជារៀងរាល់ឆ្នាំមុនដំណាច់ខែ៦ហ្នឹង មានកូនត្រីហូរមកមួយលើកហើយ ឥឡូវឆ្នាំនេះអត់ ហើយជាពិសេសទៅទៀត បើសិនជាអូសបន្លាយរហូតដល់ទៅដាច់ខែហ្នឹង ឬក៏ដល់ពាក់កណ្ដាលខែ៨អីបានឡើង គឺវាហួសពេលត្រីពង។ ត្រីមានពងកក្នុងពោះរួចហើយ ប៉ុន្តែអត់មានទឹកជំនន់មក វាអត់អាចពងបានទេនៅខាងលើហ្នឹង។ ត្រីមួយចំនួន ដូចពួកត្រីប្រា ត្រីព្រួលអីនេះ ទាល់តែមានទឹកជំនន់ និងទឹកហូរខ្លាំងបានវាពងមក»។
ប្រធានមជ្ឈមណ្ឌលថែរក្សាបរិស្ថាន និងវប្បធម៌ លោក ទេព ប៊ុនរិទ្ធ បានឲ្យដឹងដែរថា ទឹកទន្លេមេគង្គភាគខាងលើ ដូចជានៅខេត្តស្ទឹងត្រែង លោកពិនិត្យឃើញទឹកទើបចាប់ផ្ដើមឡើងក្នុងកម្រិតមួយយឺតបំផុតបើប្រៀបធៀបនឹងឆ្នាំទៅ។ ប្រការនេះបានធ្វើឲ្យលោកមានការរំពឹងទុកដែរថា ផលត្រីឆ្នាំក្រោយនេះអាចនឹងថយចុះក្នុងកម្រិតមួយខ្ពស់។
លោក ទេព ប៊ុនរិទ្ធ មានប្រសាសន៍ថា ៖ «បើសិនជាទឹកនៅអត់ឡើងអ៊ីចឹង ឆ្នាំក្រោយ ដល់ពេលរដូវបិទនេសាទ អ៊ីចឹងមានបញ្ហាខ្វះត្រីហើយ»។
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិល បានបង្ហាញហេតុផលប្រហាក់ប្រហែលគ្នាថា ការថយចុះនៃកម្រិតទឹកនៅអាងទន្លេមេគង្គនេះ បណ្ដាលមកពីហេតុផលចំនួនពីរ។ ទីមួយ ការប្រែប្រួលអាកាសធាតុធ្វើឲ្យភ្លៀងធ្លាក់តិចនៅភាគខាងលើនៃតំបន់ទន្លេមេគង្គ ហើយម្យ៉ាងទៀត អាចមកពីការសាងសង់ទំនប់វារីអគ្គិសនីនៅភាគខាងលើនៃតំបន់ទន្លេមេគង្គនោះដែរ។
គណៈកម្មការទន្លេមេគង្គដែលមានទីស្នាក់ការបច្ចុប្បន្ននៅប្រទេសលាវ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៦ ខែកុម្ភៈ បានឲ្យដឹងដែរថា កម្ពស់ទឹកទន្លេមេគង្គទាបជាងធម្មតាបើប្រៀបធៀបខែកុម្ភៈ ឆ្នាំមុន គឺកម្ពស់ទឹកទាបជាងពាក់កណ្ដាល។
លោក ណៅ ធួក បានប្រកាសសូមឲ្យប្រជាពលរដ្ឋចូលរួមធ្វើវារីវប្បកម្ម គឺការចិញ្ចឹមត្រីតាមស្រះ និងតាមស្រែ ឬតាមមធ្យោបាយផ្សេងៗឲ្យបានច្រើន ហើយរដ្ឋាភិបាលកំពុងមានផែនការអនុវត្តជាបណ្តើរៗ ក្នុងជួញជំរុញលើបញ្ហានេះ ដើម្បីទប់ទល់នឹងការចុះថយផលត្រីពីធម្មជាតិ។
ទោះយ៉ាងនេះក្តី លោក ទេព ប៊ុនរិទ្ធ បានបង្ហាញថា ការបង្កើនអាជីវកម្មចិញ្ចឹមត្រីក្នុងរយៈពេលនេះ មិនទាន់អាចឆ្លើយតបបានចំពោះតម្រូវការទីផ្សារនោះទេ។
កាលពីឆ្នាំកន្លងទៅ កម្ពុជាប្រមូលបានផលនេសាទទាំងទឹកសាប និងទឹកប្រៃ បានប្រហែលជាង ៥១៥ពាន់តោន៕