ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមានកាសែតក្នុងស្រុក ជាច្រើនចុះផ្សាយពាណិជ្ជកម្ម លក់ផ្ទះល្វែង ខុនដូ និងវិឡាជាបន្តបន្ទាប់។
ក្រុមហ៊ុនដែលចុះផ្សាយពាណិជ្ជកម្មលក់អចលនទ្រព្យទាំងនោះ មានជាអាទិ៍ក្រុមហ៊ុន បូរីលឹមឈាងហាក់ បូរីពិភពថ្មី បូរីចម្ការដូង បូរីម៉េងលី និងក្រុមហ៊ុន ឡាយ គង់ ជាដើម។
មន្ត្រីដំណាងក្រុមហ៊ុននីមួយបានអះអាងថា សំណង់រីកលូតលាស់ដូច្នេះគឺដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅពេលនេះ បានកើនឡើងគ្រាន់បើជាងមុន។
លោក ទេព រតនា មន្ត្រីផ្នែកទីផ្សារក្រុមហ៊ុនមានជ័យដែលកំពុងសាងសង់ផ្ទះល្វែងនិងវីឡា ដាក់ស្លាកយីហោលេខ៩៩៩ បន្ទរថា បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យល្អជាងឆ្នាំមុនៗ៖ «និយាយរួមទៅនេះដោយសារចរន្តសេដ្ឋកិច្ចយើងមានសន្ទុះឡើង។ ទោះបីវាឡើងតិចតួច ក៏ប៉ុន្តែបើយើងវិភាគចំពោះជីវភាពប្រជាពលរដ្ឋយើងទៅគាត់មានលទ្ធភាពទិញអចលនទ្រព្យណា»។
លោកបន្ថែមថាក្រុមហ៊ុនមានជ័យមានគម្រោងសាងសង់សំណង់ ៨កន្លែង ក្នុងមួយកន្លែងៗចំណាយប្រាក់ទន់វិនិយោគចាប់ពីចំនួន ២ លាន ទៅ៥លានដុល្លារ ក្នុងនោះមានវិនិយោគិនបរទេសចូលហ៊ុនដែរ។
រីឯអាជីវករម្នាក់ទៀតដែលប្រកបរបរអចលនទ្រព្យខ្នាតតូចអះអាងថា ស្របពេលដែលតម្រូវការទីផ្សារអចលនទ្រព្យកំពុងកើនឡើងដូច្នេះ បញ្ហាតម្លៃផ្ទះក៏នឹងអាចឡើងខ្ពស់ដែរ ដែលអាចធ្វើឲ្យអ្នកទិញអាចមិនពេញចិត្តហើយពួកគេឈប់ឬផ្អាកទិញ បណ្ដាលឲ្យទីផ្សារអចលនទ្រព្យអាចនៅទ្រឹង ឬនឹងអាចធ្លាក់ចុះដូចដើមទៅវិញ ដោយសារក្រុមហ៊ុននាំគ្នាដំឡើងថ្លៃតាមចិត្តខ្លួនឯងដូចសព្វថ្ងៃនេះ។
ដំណាងក្រុមហ៊ុននានាឲ្យដឹងថា តម្លៃអចលនទ្រព្យមានតម្លៃទាបចាប់ត្រឹមជាង៣ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺន អាស្រ័យលើ សណ្ឋានសំណង់ ដូចជាផ្ទះល្វែងតម្លៃទាប ជាង ខុនដូ និងវិឡា។
ដំណាងក្រុមហ៊ុនភាគច្រើន មានជំនឿថា កំណើនផ្នែកសំណង់នេះគឺដោយសារសេដ្ឋកិច្ចកម្ពុជាបានកើនឡើងដែរ ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋខ្លះអាចមានប្រាក់ទិញផ្ទះស្នាក់នៅបាន។ មិនត្រឹមតែប៉ុណ្ណោះអ្នកទិញអាចបង់ប្រាក់រំលស់បានក្នុងរយៈពេល២០ឆ្នាំ បើសិនជាអ្នកទិញមិនមានលទ្ធភាព បង់ប្រាក់រយៈពេលខ្លី។
របាយការណ៍របស់រដ្ឋាភិបាលកម្ពុជា បង្ហាញថា ផលិតផលក្នុងស្រុកសរុបឆ្នាំ២០១០ មានជាង១១ពាន់លានដុល្លារ ហើយសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១១ បានកើនឡើងប្រហែល ៦,៥ ភាគរយ។
លោក សឹង ប៊ុណ្ណា នាយកក្រុមហ៊ុន អចលនទ្រព្យរៀលធីហ្រ្គប់ (Bunnarealty Group) ។ លោកបានយល់ស្របថា សំណង់អចលនទ្រព្យបានកើនឡើង បញ្ជាក់ថា ស្របពេលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញបន្តិចនៅពេលនេះ ក៏អ្នកវិនិយោគិនបរទេស មួយចំនួនបានមកវិនិយោគលើអចលនទ្រព្យនៅកម្ពុជាបណ្ដើរៗដែរ ដែលធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកនិងប្រជាពលរដ្ឋខ្មែរខ្លះអាចរកបានប្រាក់ចំណូលបានគ្រាន់បើ ៖ «ឥឡូវនេះប្រទេសកម្ពុជាយើងគឺថា ជាគោលដៅចុះចតរបស់គេ អីចឹងវិនិយោគិនហូរចូលមក។ជាពិសេសនៅ១០ខែដើមឆ្នាំនេះ គឺលំហូរអ្នកវិនិយោគចូលមកបណ្ដើរៗ ហើយមានតម្រូវការ ពេលដែលមានតម្រូវការលំហូរសាច់ប្រាក់ និងកំណើនសេដ្ឋកិច្ចដែលពាក់ព័ន្ធលើវិស័យនឹងវាចាប់ផ្ដើមដើរ។ ដល់វាដើរប្រជាពលរដ្ឋយើង ឬអ្នកវិនិយោគក្នុងស្រុកយើងក៏គាត់មានធនធានមានទន់ធ្វើបន្ត»។
ក៏ប៉ុន្តែ ក្រុមហ៊ុនបូរីពិភពថ្មី ដែលកំពុងសាងសង់ផ្ទះល្វែង៨កន្លែង នៅខណ្ឌមួយចំនួនក្នុងនិងជាយទីក្រុងភ្នំពេញ ដូចជាទីតាំងសង់ផ្ទះល្វែងប្រហែល៣ពាន់ល្វែង ស្ថិតនៅក្បែរសាលាចម្ការដូងក្នុងខណ្ឌដង្កោ ចម្ងាយប្រមាណជិត១០គីឡូម៉ែត្ររាជធានីភ្នំពេញយល់ផ្ទុយពីក្រុមហ៊ុនទាំងនោះ។
លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយក ក្រុមហ៊ុនសំណង់បូរីពិភពថ្មី។ លោកបានជំទាស់ថា ការវិនិយោគលើវិស័យសំណង់នេះនៅមានកម្រិតទាបណាស់នៅឆ្នាំ២០១១នេះ បើប្រៀបធៀបទៅឆ្នាំមុនពេលសេដ្ឋកិច្ចពិភពលើកធ្លាក់ចុះអំឡុងឆ្នាំ២០០៨។
ទាក់ទងទៅនឹងការអះអាងអំពីកំណើនសំណង់អចលនទ្រព្យនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីក្រសួងដែនដីនគរោបនីយកម្មនឹងសំណងសុំបញ្ជាក់ទិន្នន័យបានទេនៅថ្ងៃទី៤ធ្នូនេះ។
តែលោក សឹង ប៊ុណ្ណា អះអាងថា ក្រុមហ៊ុនរបស់លោកបានកត់សម្គាល់ដំណើរវិវត្តន៍សំណង់អចលនទ្រព្យនេះ ហើយជាលទ្ធផលបានកើនមែន។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ថ្លែងគាំទ្រលោក សឹង ប៊ុណ្ណា តែលោកបានរំលឹកថា សំណង់ក្រុមហ៊ុនមួយចំនួនមិនមានគុណភាពតាមនិយាមអន្តរជាតិទេ ហើយតម្លៃទៀតសោតក៏ថ្លៃខ្ពស់ហួសលទ្ធភាពប្រជាពលរដ្ឋខ្មែរដែលភាគច្រើនមិនអាចលៃលករកប្រាក់ទិញបានផ្ទះបាននៅនឹងគេ៕