ការក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​និង​អំពើ​ពុករលួយ​នៅ​ច្រក​ប៉ោយប៉ែត

ក្រុម​អ្នកឆ្លងដែន​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បាន​ចោទ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ នៅច្រក​អន្តរជាតិ​ប៉ោយប៉ែត ថា បាន​ក្លែង​ឯកសារ​អត្តសញ្ញាណ​និង​ទីលំនៅ​របស់​ពួកគេ​ដើម្បី​ទារ​យក​ប្រាក់​ថ្លៃ​ចេញ​ប័ណ្ណ​ឆ្លង​ដែន​ឲ្យ​បាន​ខ្ពស់​លើស​ពី​តម្លៃ​កំណត់​របស់​រដ្ឋ ។

0:00 / 0:00

យុវជន សុវណ្ណរី អាយុ​១៧​ឆ្នាំ មកពី​ខេត្ត​កណ្តាល បាន​ថ្លែង​ថា ប៉ូលិស​បាន​កែ​ឈ្មោះ​របស់​ខ្លួន ដោយ​អត្តនោម័ត​ទៅ​ជា និល ពែក អាយុ ១៩​ឆ្នាំ​និង​ដាក់​អាសយដ្ឋាន​ថា នៅភូមិ​ក្បាល​ស្ពាន ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដោយ​យក​កម្រៃ​ពី​ការចេញ​ប័ណ្ណ​នោះ​ចំនួន ១០០០​បាត​ថៃ ប្រហែល​ជាង ១០​ម៉ឺន​រៀល​ប្រាក់​ខ្មែរ ៖ «និល ពែក អាយុ ១៩​ឆ្នាំ ប៉ូលិស​ដាក់​ខ្លួនឯង គេ​អត់​មាន​ប្រាប់​ថា​ម៉េច​ផង គេ​ដាក់​ឈ្មោះ​ហ្នឹង​តែម្ដង រស់​នៅ​ប៉ោយប៉ែត ។ តម្លៃ ១​ពាន់​បាត»

ក្រុម​ពលករ​ផ្សេង​ទៀត បាន​ចោទ​ប៉ូលិស​អន្តោប្រវេសន៍​អំពី​ការចេញ​ប័ណ្ណ​ឆ្លង​ដែន ដែល​មិន​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើ​ឈ្មោះ​ខ្លួន​ឯង ហើយ​ប៉ូលិស​សុទ្ធតែ​បញ្ជាក់​ទីលំនៅ​ថា ពួកគេ​រស់នៅ​ឃុំ​ប៉ោយប៉ែត និង​បាន​យក​ប្រាក់​ពី​ពួកគេ​ក្នុង​ម្នាក់​ពី ៨០០ ទៅ ១៥០០​បាត​ប្រាក់​ថៃ ឬ​ពី ៨​ម៉ឺន ទៅ ១៥​ម៉ឺន​រៀល ៖ «នៅ​ឃុំ​ប៉ោយប៉ែត ឈ្មោះ​គេ​ដាក់​ឲ្យ មិន​ដឹង​ឈ្មោះ​អ្នកណា​ផង ។ ខ្ញុំ​ធ្វើ​អស់ ៨៥០ ។ ឈ្មោះ ផា តែ​យើង​មិន​ឈ្មោះ ផា ទេ យើង​ឈ្មោះ​រ័ត្ន​អី​ទៅ ដល់​ពេល​ហើយ​អត់​មាន​អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ​អី​ទេ ថត​ឲ្យ​យើង​ហើយ សរសេរ​ឲ្យ​យើង​ផ្ដិត​មេដៃ វា​ទារ​ដូច​ថា ១៤៥០​អ៊ីចឹង ថត​រូប​លើ​វា​ទាំង​អស់ ។ នៅ​ផ្នែក​ហ្នឹង​វា​ស៊ី​សំណូក​សូក​ប៉ាន់​គ្នា អាមួយ​អ្នក​យក​ទៅ អាមួយ​នោះ​គេ​អ្នក​បញ្ជូន​យក​ទៅ​ធ្វើ​ឲ្យ វា​ចែក​លុយ​គ្នា​អ៊ីចឹង​ទៅ»

ពលរដ្ឋ​ខ្មែរ​ដែល​ចង់ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ពួកគេ​ត្រូវ​គេ​តម្រូវ​ឲ្យ​ធ្វើ​ប័ណ្ណ​ឆ្លងដែន​ពណ៌​ស ដែល​អាច​ប្រើ​បាន​រយៈ​ពេល ២​ឆ្នាំ​និង​អាច​ចេញ​ចូល​ប្រទេស​ថៃ​ម្តង ១​សប្តាហ៍ ហើយ​ប័ណ្ណ​នេះ ត្រូវ​ចេញ​ដោយ​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​តម្លៃ​កំណត់​ដោយ​អនុក្រឹត្យ​ក្នុង​តម្លៃ​សមស្រប​មួយ ។

ប្រភព​ប៉ូលិស​ថ្នាក់​ខ្ពស់​ម្នាក់ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា តម្លៃ​ពិត​ដែល​ពលរដ្ឋ​ម្នាក់​ៗ​ត្រូវ​បង់​គឺ ចំនួន​២៥០ បាត ឬ ៣​ម៉ឺន​រៀល ។

ប្រធាន​ប៉ូលិស​ផ្នែក​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ប៉ិច សារ៉ន មិន​អាច​ទាក់ទង​បាន​ទេ ប៉ុន្តែ លោក​អនុប្រធាន ឯម ថុន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ៖ «បង​ឯង​សួរ​ទៅ​នាយកដ្ឋាន​ខ្ញុំ​តែម្ដង​ទៅ អន្តោប្រវេសន៍​តែម្ដង​ទៅ ពាក់ព័ន្ធ​រឿង​អ៊ីចឹងៗ សួរ​នាយកដ្ឋាន​ទៅ ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ​សិក្ខាសាលា»

ទាក់ទិន​នឹង​ការបញ្ជាក់​ទីលំនៅ​នៅ​ឃុំ​ប៉ោយប៉ែត​នេះ លោកមេឃុំ សាន ស៊ានហូ បាន​មាន​ប្រសាសន៍​ថា ពុំ​ដែល​ឃើញ​ប៉ូលិស​កាន់​មក​បញ្ជាក់​ទេ ប៉ុន្តែ​ថា ការបញ្ជាក់​ទីលំនៅ​គឺ​ធ្វើ​ឡើង​សម្រាប់​អ្នកស្នាក់នៅ​ប៉ោយប៉ែត​ពិត​ប្រាកដ និង​តាមរយៈ​ការបញ្ជាក់​ពី​មេភូមិ​នីមួយ​ៗ និង​ថា លោក​ពុំ​ដែល​បាន​ទទួល​លុយ​កាក់​ពី​ការបញ្ជាក់​នោះ​ទេ ។

លោក សាន ស៊ានហូ ថ្លែង​ថា ៖ «កន្លង​មក​ខ្លួន​ខ្ញុំ​ផ្ទាល់​នេះ ខ្ញុំ​មិន​ដែល​បាន​ទទួល​ថវិកា​នេះ​សូម្បី​តែ ២០ ឬ ៣០​បាត គឺ​អត់​ទទេ​តែម្ដង ។ ហើយ​មួយ​ទៀត ទាក់ទង​នឹង​រឿង​ប៉ូលិស​ហ្នឹង គាត់​ធ្វើ​របៀប​ម៉េច ខ្ញុំ​អត់​ដឹង​ដែរ ទាក់ទង​នឹង​រឿង​ហ្នឹង ។ កន្លង​មក​ខ្ញុំ​ធ្វើ​មាន​បញ្ជាក់​ពី​ភូមិ ។ ខ្ញុំ​បញ្ជាក់​ជូន​ហើយ​ថា រឿង​ខ្លះ​ខ្ញុំ​អត់​ដឹង​ថា តើ​អ្នក​នោះ ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ ពិតមែន​ក៏​មិន​ដឹង ព្រោះ​ធម្មតា​យើង​មក​ឃុំ យើង​មិន​អាច​ដឹង​បាន​ទេ ប៉ុន្តែ​ភូមិ​គាត់​បញ្ជាក់​ជូនថា ប្រជាពលរដ្ឋ​ពិត​ជា​នៅ​ក្នុង​ភូមិ​គាត់​ពិត​មែន ខ្ញុំ​បញ្ជាក់​បន្ត»

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​លោក សុខ សារ៉េត បញ្ជាក់​ថា ប័ណ្ណ​ឆ្លងដែន​ពណ៌ស​នោះ គឺចេញ​សម្រាប់​តែ​ខេត្ត​បន្ទាយមានជ័យ​តែ​ប៉ុណ្ណោះ ហើយ​លោក​សន្យា​ថា នឹង​ពិនិត្យ​មើល​រឿង​នោះ។

លោក សុខ សារ៉េត មាន​ប្រសាសន៍​ថា ៖ «អ្នក​ទទួល​ព្រំដែន​នោះ ខ្ញុំ​ត្រូវ​តែ​ដឹង​រឿង​ហ្នឹង​ដែរ គាត់​ធ្វើ​អ្វី​ឲ្យ​ខូច​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​យើង អត់​បាន​ទេ បើ​រដ្ឋាភិបាល​កំណត់​យ៉ាងម៉េច​ឲ្យ​យក​ហ្នឹង គឺ​យក​អ៊ីចឹង​ទៅ ហើយ​បើសិនណា​ជា​យក​អត់​មាន​ចែង​ក្នុង​ច្បាប់​ហ្នឹង អាហ្នឹង​ជា​រឿង​បុគ្គល​របស់​គេ ។ បើ​ដឹង​ថា មាន​បុគ្គល​ណា​ប៉ះពាល់ ដូច​ការលើក​ឡើង​របស់​លោក​ហ្នឹង ខ្ញុំ​នឹង​កោះហៅ​ប្រជុំ​ភ្លាម»

ប័ណ្ណ​ឆ្លងដែន​នេះ​ត្រូវ​ចេញ​ដោយ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ នៅច្រក​អន្តរជាតិ​ប៉ោយប៉ែត ហើយ​អ្នកប្រើប្រាស់​ប័ណ្ណ​នេះ ក៏ត្រូវ​បង្ហាញ​ទៅ​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ថៃ នៅពេល​ដែល​ពួកគេ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថារីត ចារុងវ៉ាត់ បាន​ថ្លែង​ថា ខាង​ភាគី​ថៃ​ពុំបាន​យក​ប្រាក់​ពី​ពលករ​កម្ពុជា ដែល​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​នោះ​ទេ ហើយ​ក៏​ពុំមែន​ជា​អ្នកចេញ​ប័ណ្ណ​នោះ​ដែរ ប៉ុន្តែ ភាគី​ថៃ​គោរព​សមត្ថកិច្ច​របស់​ភាគី​កម្ពុជា​ក្នុង​ការចេញ​ប័ណ្ណ​ឆ្លងដែន​ជូន​ពលរដ្ឋ​របស់​ខ្លួន ។

លោកបន្ត​ថា អាជ្ញាធរ​កម្ពុជា​គឺ​ជា​អ្នកចាត់​វិធានការ​លើ​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ណា ដែល​បាន​រកឃើញ​ក្នុង​ការប្រព្រឹត្ត​ដោយ​មន្រ្តី​សមត្ថកិច្ច​របស់​ខ្លួន ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរ​តែពិចារណា​លុប​បំបាត់​បញ្ហា​នេះ ហើយ​ធ្វើ​ការ​ស៊ើបអង្កេត ។ ខ្ញុំ​មិន​បាន​ឮ​ថា មាន​បញ្ហា​នៅ​ខាង​យើង​ទេ ក៏​ប៉ុន្តែ​គោលនយោបាយ​អាជ្ញាធរ​ថៃ ព្យាយាម​មិន​ឲ្យ​មាន​បញ្ហា​បែប​នេះ កើត​ឡើង​ឡើយ ។ ហើយ​មាន​យន្តការ​ត្រួតពិនិត្យ​យ៉ាង​ល្អ​មួយ ដើម្បី​ឲ្យ​រឿង​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ ក្នុង​ផ្លូវ​ត្រឹមត្រូវ​នៅ​ខាង​ភាគី​ថៃ»

ប័ណ្ណ​ឆ្លងដែន​ពណ៌​ស ដែល​ចេញ​ដោយ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​បាន​គេពិនិត្យ​លំដាប់​លេខ​រៀង​នៃ​ប័ណ្ណ​ឃើញ​ឡើង​ដល់​ជិត ៦​ម៉ឺន​នាក់​ហើយ​ៗ ប្រាក់​រាប់​លាន​ដុល្លារ​ត្រូវ​បាន​គេប៉ាន់​ប្រមាណ​ថា រកបាន​ពី​ការចេញ​ប័ណ្ណ​ឆ្លងដែន​ក្នុង​រយៈពេល ៥​ឆ្នាំ កន្លងមក​នេះ ហើយ​ប្រាក់​នេះ​ភាគច្រើន​ពុំ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ជា​ថវិកា​របស់​រដ្ឋទេ ។

ប្រធាន​គម្រោង​ប្រឆាំង​នឹង​អំពើពុករលួយ​របស់​អង្គការ ផែក ខែមបូឌា លោក សេក បរិសុទ្ធ បាន​មាន​ប្រសាសន៍​ថា បើ​ការអះអាង​នោះ​គឺ​ជា​ការពិត​នោះ​គឺ​ជា​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​មន្រ្តី​ប៉ូលិស ហើយ​ការក្លែងបន្លំ​ឯកសារ​គឺ​ជា​ទោស​មួយ​ដោយ​ឡែក​ផ្សេង​ទៀត ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល ។

តាម​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​របស់​អ៊ុនតាក់ ដែល​នៅ​ជា​ធរមាន​នៅឡើយ ត្រង់​មាត្រា​ទី​៥០ ចែង​ថា ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ការក្លែងបន្លំ​លិខិត​ស្នាម​ឯកជន លិខិតស្នាម​ពាណិជ្ជកម្ម​និង​លិខិតស្នាម​សាធារណៈ​ផ្សេង​ៗ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ទៅ ៥​ឆ្នាំ ។

ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុមហ៊ុន​បរទេស​ឯករាជ្យ​មួយ ក្រោម​ជំនួយ​របស់​មូលនិធិ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ប៉ាន់​ប្រមាណ​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ទៅលើ​អំពើ​ពុករលួយ​ចំនួន​ពី ៣០០ ទៅ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ ៕