តុលាការ​ពន្យារ​ពេល​សវនាការ​កាត់​ក្ដី​មន្ត្រី​ពុករលួយ

សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​លើក​ពេល​សវនាការ​សំណុំ​រឿង​អំពើ​ពុករលួយ​​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ម្នាក់ និង​ឈ្មួញ​ដីធ្លី​មាន​ឥទ្ធិពល​ម្នាក់។
ដោយ សុខ សេរី
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-កក្កដា-២០១០: កសិករ​រង​គ្រោះ ​អ្នកស្រី ហួត សារុំ (ជួរ​មុខ ខាង​ស្ដាំ) ​និង​លោក​មេធាវី​ កៅ ទី (​ជួរ​មុខ ខាង​ឆ្វេង) នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
២២-កក្កដា-២០១០: កសិករ​រង​គ្រោះ ​អ្នកស្រី ហួត សារុំ (ជួរ​មុខ ខាង​ស្ដាំ) ​និង​លោក​មេធាវី​ កៅ ទី (​ជួរ​មុខ ខាង​ឆ្វេង) នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
RFA/Sok Serey

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ បាន​បើក​សវនាការ​កាត់​ទោស​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អធិការកិច្ច​ម្នាក់ និង​ឈ្មួញ​ដី​ម្នាក់ ពី​បទ​ក្លែង​លិខិត​ស្នាម ប្រព្រឹត្ត​អំពើ​ពុករលួយ ស៊ី​សំណូក​សូក​ប៉ាន់​ទឹក​ប្រាក់​សរុប ២០​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចៅក្រម​បាន​ប្រកាស​លើក​ពេល​សវនាការ​នេះ​ទៅ​ថ្ងៃ​ក្រោយ​ទៀត ដោយ​មិន​កំណត់​ថ្ងៃ​សវនាការ​ជា​ថ្មី​ភ្លាមៗ​ទេ។

ចៅក្រម​ជម្រះ​ក្តី​លោក ជ័យ សុវណ្ណ នៃ​តុលាការ​រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​បើក​សវនាការ​សួរ​ដេញដោល​គ្នា​រវាង​មេធាវី​មួយ​ចំនួន ដែល​បាន​ចូល​រួម​សវនាការ​នោះ​រយៈ​ពេល​ប្រមាណ ៣០​នាទី លោក​បាន​ប្រកាស​ថា លោក​សម្រេច​លើក​ពេល​សវនាការ​នេះ​ទៅ​ថ្ងៃ​ក្រោយ​ទៀត ដោយសារ​តែ​មាន​សំណើ​សុំ​ពន្យារ​ពេល​ពី​លោក ច័ន្ទ វិចិត្រ ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​ឈ្មួញ​ដីធ្លី​ម្នាក់​ឈ្មោះ ឌី ព្រឹម ភេទ​ស្រី ហើយ​តុលាការ​មិន​អាច​ដំណើរការ​សវនាការ​នេះ​បាន​ទេ ដោយ​អវត្តមាន​ជន​ជាប់​ចោទ។

លោក កៅ ទី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​រង​គ្រោះ​ដែល​បាន​ព្យាយាម​តវ៉ា​មិន​បាន​សម្រេច សុំ​ឲ្យ​តុលាការ​បន្ត​សវនាការ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​ថា ៖ «ខក​ចិត្ត​ចំពោះ​លោក​ចៅក្រម​ពន្យារ​ពេល គឺ​ទុក​ឱកាស​ឲ្យ​ជន​ល្មើស ជន​ជាប់​ចោទ​មាន​ឱកាស​ដើម្បី​មាន​សេរីភាព​ក្នុង​ការ​រត់​ការ​ដើម្បី​ដោះ​លែង​ជន​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក»

លោក ខៀវ សុផល មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ គឺ​លោក សេង យៀន ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អធិការកិច្ច បាន​មាន​ប្រសាសន៍​ថា លោក​ឯកភាព​ជាមួយ​នឹង​ការ​លើក​ពេល​នេះ ដោយសារ​កូន​ក្ដី​របស់​លោក​អវត្តមាន​ផង​ដែរ។

ឈ្មួញ​ដី​ធ្លី​លោកស្រី ឌី ព្រឹម និង​មេធាវី គឺ​លោក ច័ន្ទ វិចិត្រ ទាំង​អស់​គ្នា​បាន​អវត្តមាន​ក្នុង​សវនាការ​នេះ ប៉ុន្តែ​លោក ច័ន្ទ វិចិត្រ បាន​ស្នើ​ទៅ​តុលាការ​សុំ​លើក​ពេល​សវនាការ​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ថ្មីៗ​នេះ។

កសិករ​ខ្មែរ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ ហួត សារុំ អាយុ ៦៥​ឆ្នាំ នៅ​ក្នុង​ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​បណ្ដឹង​ទំនាស់​ដីធ្លី និង​ករណី​ពុករលួយ ក្លែង​លិខិត​ស្នាម​នោះ បាន​ថ្លែង​ប្រាប់​នៅ​ក្រៅ​តុលាការ​ថា ៖ «ដូច្នេះ​ហើយ​ឲ្យ​តុលាការ​នេះ​ធ្វើការ​ឲ្យ​ត្រឹមត្រូវ ឲ្យ​មាន​ភាព​យុត្តិធម៌ កុំ​ធ្វើការ​កាន់​ជើង​ខាង​អ្នក​ជា​ជន​ឧក្រិដ្ឋ​ស្អី​គេ​នោះ អា​ហ្នឹង​វា​មិន​ត្រឹមត្រូវ»

ប្រភព​បាន​ឲ្យ​ដឹង​ថា លោក សេង យៀន ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អធិការកិច្ច ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៣៨ ក្រោម​បទ​ស៊ី​សំណូក​ជា​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​សម័យ​អ៊ុនតាក់ ជា​ថ្នូរ​នឹង​ការ​ធ្វើ​របាយការណ៍​ភូត​កុហក​ក្រសួង​អធិការកិច្ច និង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ ដើម្បី​ឲ្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ចេញ​លិខិត​ស.ជ.ណ រឹប​យក​ដី​ស្រែ​ជាង ៥​ហិកតា ពី​កសិករ ហួត សារុំ នោះ។

ឈ្មួញ​ដីធ្លី​លោកស្រី ឌី ព្រឹម ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៥៨ ក្រោម​បទ​សូក​ប៉ាន់​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​លោក សេង យៀន ធ្វើ​របាយការណ៍​ភូត​កុហក់​រឹប​យក​ដីធ្លី​ជាង ៥​ហិកតា​នោះ នៅ​គ្រា​ដែល​ដី​ស្រែ​ជាង ៥​ហិកតា​របស់​កសិករ​នោះ មាន​គេ​ចង់​ទិញ​ក្នុង​តម្លៃ ៧​លាន​ដុល្លារ​អាមេរិក។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​លោក សេង យៀន និង​លោកស្រី ឌី ព្រឹម បាន​ទេ ប៉ុន្តែ​មេធាវី​បាន​ប្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កូន​ក្ដី​របស់​លោក​គឺ​គ្មាន​ទោស។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថ្មីៗ​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង បាន​ប្រកាស​ថា មុខ​សញ្ញា​មន្ត្រី​រាជការ​ចំនួន​ជាង ១០​ម៉ឺន​នាក់ ដែល​មាន​ឋានៈ​ចាប់​ពី​អនុ​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ នឹង​ត្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ចាប់​ពី​ខែ​វិច្ឆិកា ខាង​មុខ​នេះ​ត​ទៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល