សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដានេះ បានបើកសវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចម្នាក់ និងឈ្មួញដីម្នាក់ ពីបទក្លែងលិខិតស្នាម ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ទឹកប្រាក់សរុប ២០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែចៅក្រមបានប្រកាសលើកពេលសវនាការនេះទៅថ្ងៃក្រោយទៀត ដោយមិនកំណត់ថ្ងៃសវនាការជាថ្មីភ្លាមៗទេ។
ចៅក្រមជម្រះក្តីលោក ជ័យ សុវណ្ណ នៃតុលាការរាជធានីភ្នំពេញ ក្រោយពីបានបើកសវនាការសួរដេញដោលគ្នារវាងមេធាវីមួយចំនួន ដែលបានចូលរួមសវនាការនោះរយៈពេលប្រមាណ ៣០នាទី លោកបានប្រកាសថា លោកសម្រេចលើកពេលសវនាការនេះទៅថ្ងៃក្រោយទៀត ដោយសារតែមានសំណើសុំពន្យារពេលពីលោក ច័ន្ទ វិចិត្រ ជាមេធាវីការពារក្ដីឲ្យឈ្មួញដីធ្លីម្នាក់ឈ្មោះ ឌី ព្រឹម ភេទស្រី ហើយតុលាការមិនអាចដំណើរការសវនាការនេះបានទេ ដោយអវត្តមានជនជាប់ចោទ។
លោក កៅ ទី ជាមេធាវីការពារក្ដីឲ្យជនរងគ្រោះដែលបានព្យាយាមតវ៉ាមិនបានសម្រេច សុំឲ្យតុលាការបន្តសវនាការនេះ បានមានប្រសាសន៍នៅក្រៅតុលាការថា ៖ «ខកចិត្តចំពោះលោកចៅក្រមពន្យារពេល គឺទុកឱកាសឲ្យជនល្មើស ជនជាប់ចោទមានឱកាសដើម្បីមានសេរីភាពក្នុងការរត់ការដើម្បីដោះលែងជនដែលបានប្រព្រឹត្តកន្លងមក»។
លោក ខៀវ សុផល មេធាវីការពារក្ដីឲ្យចុងចោទ គឺលោក សេង យៀន ជាមន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា លោកឯកភាពជាមួយនឹងការលើកពេលនេះ ដោយសារកូនក្ដីរបស់លោកអវត្តមានផងដែរ។
ឈ្មួញដីធ្លីលោកស្រី ឌី ព្រឹម និងមេធាវី គឺលោក ច័ន្ទ វិចិត្រ ទាំងអស់គ្នាបានអវត្តមានក្នុងសវនាការនេះ ប៉ុន្តែលោក ច័ន្ទ វិចិត្រ បានស្នើទៅតុលាការសុំលើកពេលសវនាការនៅក្នុងលិខិតមួយចុះថ្ងៃទី១៩ ខែកក្កដា ថ្មីៗនេះ។
កសិករខ្មែរជាស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ហួត សារុំ អាយុ ៦៥ឆ្នាំ នៅក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ ដែលមានពាក់ព័ន្ធជាមួយបណ្ដឹងទំនាស់ដីធ្លី និងករណីពុករលួយ ក្លែងលិខិតស្នាមនោះ បានថ្លែងប្រាប់នៅក្រៅតុលាការថា ៖ «ដូច្នេះហើយឲ្យតុលាការនេះធ្វើការឲ្យត្រឹមត្រូវ ឲ្យមានភាពយុត្តិធម៌ កុំធ្វើការកាន់ជើងខាងអ្នកជាជនឧក្រិដ្ឋស្អីគេនោះ អាហ្នឹងវាមិនត្រឹមត្រូវ»។
ប្រភពបានឲ្យដឹងថា លោក សេង យៀន ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ច ក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា ត្រូវបានតុលាការរាជធានីភ្នំពេញ បានចោទប្រកាន់តាមមាត្រាទី៣៨ ក្រោមបទស៊ីសំណូកជាប្រាក់ ២០ម៉ឺនដុល្លារអាមេរិកនៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់ ជាថ្នូរនឹងការធ្វើរបាយការណ៍ភូតកុហកក្រសួងអធិការកិច្ច និងនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ កន្លងទៅ ដើម្បីឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីចេញលិខិតស.ជ.ណ រឹបយកដីស្រែជាង ៥ហិកតា ពីកសិករ ហួត សារុំ នោះ។
ឈ្មួញដីធ្លីលោកស្រី ឌី ព្រឹម ត្រូវបានតុលាការរាជធានីភ្នំពេញ បានចោទប្រកាន់តាមមាត្រាទី៥៨ ក្រោមបទសូកប៉ាន់ប្រាក់ ២០ម៉ឺនដុល្លារអាមេរិកឲ្យលោក សេង យៀន ធ្វើរបាយការណ៍ភូតកុហក់រឹបយកដីធ្លីជាង ៥ហិកតានោះ នៅគ្រាដែលដីស្រែជាង ៥ហិកតារបស់កសិករនោះ មានគេចង់ទិញក្នុងតម្លៃ ៧លានដុល្លារអាមេរិក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការពន្យល់ពីលោក សេង យៀន និងលោកស្រី ឌី ព្រឹម បានទេ ប៉ុន្តែមេធាវីបានប្រាប់កាលពីពេលថ្មីៗនេះថា កូនក្ដីរបស់លោកគឺគ្មានទោស។
កាលពីថ្ងៃទី១៤ ខែកក្កដា ថ្មីៗនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានប្រកាសថា មុខសញ្ញាមន្ត្រីរាជការចំនួនជាង ១០ម៉ឺននាក់ ដែលមានឋានៈចាប់ពីអនុប្រធាននាយកដ្ឋានឡើងទៅ នឹងត្រូវឲ្យប្រកាសទ្រព្យសម្បត្តិចាប់ពីខែវិច្ឆិកា ខាងមុខនេះតទៅ៕