បក្ស​កាន់​អំណាច​ប្រកាស​ជ័យជំនះ ខណៈ​ដែល​បក្ស​ខ្លះ​ទៀត​តវ៉ា​ចំពោះ​លទ្ធផល

ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ចប់​រួច​រាល់ កាលពី​ថ្ងៃ​អាទិត្យ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​បញ្ចេញ​ឲ្យ​ដឹង​លទ្ធផល​បណ្តោះអាសន្ន​ពី​ខេត្ត​នីមួយ​ៗ ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ឈ្នះ​ដាច់​គេ​នៅ​គ្រប់​ទីកន្លែង ។

សេចក្តីប្រកាស​ឲ្យ​ដឹង​ជា​បឋម​ពី​គ.ជ.ប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ថ្លែង​ប្រាប់​កាសែត​ប៉ុន្មាន​ម៉ោង​ក្រោយពី​បិទ​ការិយាល័យ​បោះឆ្នោត​ថា បក្ស​របស់​លោក អាច​ប្រកាស​ជ័យជំនះ​ទាំងស្រុង​ហើយ គឺ​ច្បាស់​ក្រឡែត​តែ​ម្តង ។

លោក ខៀវ កាញារីទ្ធ ប្រកាស​មុន​ទៀត​ថា បក្ស​ប្រជាជន​កម្ពុជា ឥឡូវ​នេះ បាន​ក្លាយ​ជា​បក្ស​ភាគ​ច្រើន​លើស​ពី​២​ភាគ​៣ ហើយ​ឈ្នះ ៩១​កៅអី​រួច​ទៅ​ហើយ ។

ទន្ទឹម​នឹង​ការប្រកាស​ពី​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន គណបក្ស​នយោបាយ​មិន​កាន់​អំណាច ដែល​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ២៧ កក្កដា កន្លង​ទៅ​នេះ មើល​ឃើញ​ផ្សេង គឺ​មាន​ភាព​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត ដែល​អន្តរជាតិ​អាច​ចាត់ទុក​ថា​ជាការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ពិត​ប្រាកដ​នោះ ។

យ៉ាងតិច មាន​មេដឹកនាំ​និង​មន្រ្តី​គណបក្ស​ជំទាស់ ៣​រូប ដែល​មើល​ឃើញ​ដូចគ្នា ។

បក្ស​នរោត្ដម រណឫទ្ធិ៖ លទ្ធផល​មិន​អាច​ទទួល​យក​បាន

លោក មុត ចន្ថា អ្នក​នាំពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា បក្ស​លោក​ទទួល​យក​មិន​បាន​ទេ ៖ «លទ្ធផល​បោះឆ្នោត​នេះ យើង​មិន​អាច​ទទួល​ស្គាល់​បាន​ទេ មិន​អាច​ទទួល​យក​បាន ពីព្រោះ​វា​មាន​មូលហេតុ​៧​យ៉ាង ទី​១ គឺ​អវត្តមាន​របស់​សម្ដេច​ក្រុមព្រះ ទី​២ គឺ​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​ជា​ខ្មែរ​ម្ចាស់​ស្រុក ជាង ៦៥​ម៉ឺន​នាក់​ក្នុង​បញ្ជី​បោះឆ្នោត ទី​៣ យើង​បាន​ពិនិត្យ​ឃើញ​ថា តួលេខ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ជាង ៨​លាន​នាក់ គឺ​ជា​ការបំប៉ោង ជា​តួលេខ​បំប៉ោង​ក្នុង​ចេតនា​ផ្ដល់​អត្ថប្រយោជន៍ ផល​ចំណេញ​ផ្នែក​នយោបាយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ទី​៤ យើង​ពិនិត្យ​ឃើញ​ថា អត្រា​នៃ​អ្នក​ដែល​ចេញ​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​បំផុត ទី​៥ យើង​ពិនិត្យ​ឃើញ​ថា ការផ្ដល់​សិទ្ធិ​ដល់​ជនជាតិ​យួន​ខុស​ច្បាប់​មាន​សិទ្ធិ​បោះឆ្នោត​ជា​ច្រើន​សែន​នាក់ ពី​សំណាក់ គ.ជ.ប. គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ។ ចំណុច​ទី​៦ ដែល​យើង​ពិនិត្យ​ឃើញ​គឺ​មាន​ការគំរាម​កំហែង ការបំភិត​បំភ័យ និង​ការទិញ​សន្លឹក​ឆ្នោត»

លោក​ថា បក្ស​លោក​នឹង​តវ៉ា​តាម​ច្បាប់​គ្រប់គ្រង​ការបោះឆ្នោត​ជាតិ ៖ «គណបក្ស​នរោត្តម​រណឫទ្ធិ គឺ​ទី​មួយ យើង​នឹង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​បញ្ហា​ទាំងអស់​នេះ ហើយ​យើង​ប្រកាស​ជា​សាធារណៈ ជា​ផ្លូវការ គឺ​ថា យើង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ទេ ដោយ​ផ្អែក​លើ​ហេតុផល​[ខាង​លើ​នេះ] ហើយ​ជាមួយ​គ្នា​នេះ យើង​អំពាវនាវ​ដល់​គណបក្ស​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ទាំងអស់ ពិចារណា​ថា​តើ​គួរ​ទទួលស្គាល់​លទ្ធផល​មួយ​ដែល​ចេញ​ពី​ការបន្លំ កើត​ចេញ​ពី​ការកេង​ចំណេញ កើត​ចេញ​ពី​ការទិញ​សន្លឹក​ឆ្នោត ហើយ​កើត​ចេញ​ពី​ការបោះឆ្នោត​មួយ​ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ ដែរ​ឬ​យ៉ាង​ណា?»

សម​រង្ស៊ី​គ្រោង​ដឹកនាំ​អ្នក​បាត់​ឈ្មោះ​ធ្វើ​បាតុកម្ម​

ចំណែក​លោក សម រង្ស៊ី លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី បន្ទាប់ពី​បោះឆ្នោត​ថា អ្វី​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នោះ គឺ​ដូច​ដែល​មនុស្ស​ម្នា​មួយ​ចំនួន​បាន​ព្យាករណ៍​ទុក​មុន​ថា វា​នឹង​កើត​មាន​ដូច្នោះ​មែន ៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន មាន​អ្នក​ដែល​បាត់​ឈ្មោះ អ្នក​ដែល​ត្រូវ​គេ​លុប​ឈ្មោះ គឺ​បាត់បង់​សិទ្ធិ​បោះឆ្នោត​ច្រើន​ណាស់ គឺ​រាប់​ម៉ឺន​នៅ​ភ្នំពេញ ចូល​ដល់​សែន ហើយ​ទូទាំង​ប្រទេស​មនុស្ស​ច្រើន​ណាស់​បាត់​បង់​ឈ្មោះ ហ្នឹង​ទី​មួយ ។ ទី​ពីរ អ្នក​ដែល​អត់​មាន​សិទ្ធិ​បោះឆ្នោត ដូចជា​ជន​បរទេស ដូចជា​អ្នក​ដែល​អត់​បាន​ចុះ​ឈ្មោះ​មែនទែន គេ​បាន​នាំ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ដោយ​គេ​ផ្ដល់​នូវ​ឯកសារ ១០១៨ ដោយ​គេ​យក​ឈ្មោះ​ខ្មោច​យក​ទៅ​ប្រើ ដូច្នេះ​គណបក្ស​ប្រឆាំង​គឺ​បាត់​សំឡេង​ច្រើន ដោយ​គេ​បាន​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​គណបក្ស​កាន់​អំណាច​បាន​ទទួល​សំឡេង​ឆ្នោត​ដែល​ត្រូវ​គេ​បំប៉ោង​ដោយ​យក​ឈ្មោះ​ខ្មោច​មក​ប្រើ»

លោក សម រង្ស៊ី បន្ត​ថា លោក​នឹង​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ បាន​បោះឆ្នោត​ដូច​ៗ​គ្នា ដោយ​គ្មាន​បែង​ចែក​វណ្ណៈ ៖ «យើង​នឹង​ជួយ​បង​ប្អូន​ទាំងអស់​នោះ ដូច្នេះ​យើង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​មួយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឲ្យ​អ្នក​ដែល​មិន​បាន​បោះឆ្នោត បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ផង ។ ឲ្យ​គ្នា​បោះឆ្នោត​បន្ថែម​លើ​អ្នក​ដែល​បាន​បោះឆ្នោត​ហើយ​ទៅ គេ​មិន​អាច​បែង​ចែក​ប្រជាពលរដ្ឋ​ជា​ពីរ​ប្រភេទ​អ៊ីចឹង​ទេ ។ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​មាន​សិទ្ធិ​ដូច​គ្នា ស្មើ​គ្នា គ្រប់​គ្នា ក្នុង​ការសម្រេច​វាសនា​របស់​ប្រទេស​ជាតិ​របស់​យើង​ទាំងអស់​គ្នា»

បក្ស​ហ្វ៊ុនស៊ិនប៉ិច៖ លទ្ធផល​គឺ​ស្មាន​មិន​ដល់

លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​ថា លោក​ក៏​ភ្ញាក់​ដែរ គឺ​ស្មាន​មិន​ដល់ ៖ «ពិបាក​នឹង​យល់​ដែរ ព្រោះ​ថា ចំពោះ​គណបក្ស​យើង​ខ្ញុំ​ចំនួន​សមាជិក​ដែល​យើង​បាន​ចងក្រង​ទាំងអស់​ហ្នឹង​គឺ​ថា យើង​សង្ឃឹម​ថា ក្នុង​លក្ខណៈ​ដែល​ការបោះឆ្នោត​ត្រឹមត្រូវ សេរី យុត្តិធម៌ យើង​សង្ឃឹម​ថា បាន​លទ្ធផល​ច្រើន​ជាង​ហ្នឹង ប៉ុន្តែ​ដល់​ទៅ​មាន​លទ្ធផល​យ៉ាង​នេះ ខ្ញុំ​ក៏​មាន​ការភ្ញាក់​ផ្អើល​ដែរ ... ខ្ញុំ​មិន​យល់​ដែរ ... ប៉ុន្តែ​ដោយ​បាន​ស្ដាប់​ការវិភាគ​នៃ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដែល​គេ​បាន​លើក​ពី​បញ្ហា​ថា ទី​១ មាន​មនុស្ស ២​លាន​នាក់ ដែល​មិន​បាន​ទៅ​បោះឆ្នោត ហើយ​នៅ​ក្នុង​នោះ​ទៀត មាន​២០% ស្ទើរ​តែ​នៅ​គ្រប់​ទីកន្លែង​ដែល​បាត់​ឈ្មោះ»

លោក​ថា លោក​នឹង​ជួប​ពិភាក្សា​គ្នា ស្វែងរក​ការពិត ហើយ​ស្វែងរក​យុត្តិធម៌​ចំពោះ​សមាជិក​បក្ស ៖ «ថ្ងៃ​ស្អែក​ហ្នឹង យើង​នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​យើង​ខ្ញុំ ថា​តើ​ត្រូវ​ប្ដឹង ឬ​យ៉ាង​ម៉េច បើ​ប្ដឹង​ទាល់​តែ​យើង​មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​មាន​ភស្តុតាង​ច្បាស់​លាស់ គ្រប់​សព្វ​ដែរ ។ ដូច្នេះ យើង​មិន​ចេះ​តែ​ធ្វើ​អី ទៅ​តាម​កំហឹង តាម​ការអន់ចិត្ត​របស់​យើង​ទេ យើង​ត្រូវ​រក​មើល​មូលហេតុ​ច្បាស់លាស់ ពីព្រោះ​ពិបាក​រក​ដែរ​មូលហេតុ​អស់​ហ្នឹង ព្រោះ​វា​អត់​ដឹង​ថា​ប៉ះចំ​មក​លើ​យើង​ប៉ុន្មាន គ្រាន់​តែ​ដឹង​ថា មាន​ពលរដ្ឋ​ត្អូញ​ត្អែរ»