សមាជិក​សភា​បក្ស​ប្រជាជន​បដិសេធ​សំណើ​គណបក្ស​សមរង្ស៊ី

សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​សំណើ​ថ្មី​មួយ​របស់​គណបក្ស​សមរង្ស៊ី ដែល​ស្វែងរក​ប្រយោជន៍​ជូន​គណបក្ស​នយោបាយ​ខ្មែរ​ទាំងអស់​ទោះ​នៅ​ឬ​មិន​នៅ​ក្នុង​រដ្ឋាភិបាល​ក្តី។

សេចក្តី​បដិសេធ​នោះ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា ដែល​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ គឺ​ច្រានចោល​សំណើ​ដែល​គណបក្ស​សមរង្ស៊ី​បាន​ស្នើ​ឲ្យ​មាន​ការទទួល​ស្គាល់​សិទ្ធិ​របស់​គណបក្ស​ប្រឆាំង​ទាំងអស់​នៅ​កម្ពុជា​ជា​ផ្លូវការ។

លោក ជាម យៀប សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា​និង​ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​កម្ពុជា​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ការស្នើ​ឲ្យ​រដ្ឋសភា​ទទួល​បក្ស​ប្រឆាំង​នានា​ជា​ផ្លូវការ​នោះ វា​ខុស​ពី​នីតិវិធី​ច្បាប់​ត្រង់​មាត្រា​៨២​ថ្មី​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ដែល​បាន​ចែង​ថា ការស្នើ​វិសោធនកម្ម ត្រូវ​មាន​សំឡេង​១​ភាគ​៤ នៃ​សមាជិក​សភា​ទាំងអស់ ដែល​មាន​១២៣​រូប​នោះ។

ប៉ុន្តែ លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ ថា ការ​មិន​ទទួល​ស្គាល់​តួនាទី​របស់​គណបក្ស​ប្រឆាំង​ទាំងឡាយ​នោះ នឹង​មិន​ចំណេញ​ដល់​ប្រទេស​កម្ពុជា​ទេ និង​មិន​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​១៩៩១។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​សុំ​ឲ្យ​គេ​យក​យោបល់​អ្នក​ឯកទេស ជំនួយការ​បរទេស​នៅ​រដ្ឋសភា ព្រោះ​ខាង​បរទេស​ដែល​គេ​ជួយ​ផ្ដល់​យោបល់​បច្ចេកទេស​នៅ​រដ្ឋសភា​ហ្នឹង គឺ​គេ​ឲ្យ​យោបល់​រួច​ទៅ​ហើយ ថា វា​ត្រូវតែ​មាន​ការរៀបចំ​រដ្ឋសភា​មួយ​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​លទ្ធភាព​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ការទទួល​ស្គាល់​ជា​ផ្លូវការ​មេ​បក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា ផ្ដល់​ថវិកា​ផ្សេងៗ​ដល់​បក្ស​ប្រឆាំង​ឬ​គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល បង្កើត​ជា​ក្រុម​ស្រាវជ្រាវ​ឯកទេស​ក្នុង​ការតាមដាន​ការងារ​របស់​ក្រសួង​ទាំងឡាយ​របស់​រដ្ឋាភិបាល ហើយ​និង​មាន​ការជំរុញ​ឲ្យ​មាន​ការបែងចែក​តួនាទី​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ជាដើម។ នេះ​ជា​ការណែនាំ​របស់​គេ ហើយ​គេ​អនុវត្ត​ទូទៅ​ក្នុង​ពិភពលោក»

លោក សុន ឆ័យ បញ្ជាក់​បន្ថែម​ថា ៖ «ពី​មុន​យើង​ធ្លាប់​មាន​ការបែងចែក​រហូត​មក តាំង​ពី​៩៣​មក មិន​ដែល​មាន​គណបក្ស​ប្រជាជន​គ្រប់គ្រង​តែ​ឯង​ទេ ៩៣ ក៏​ដូច ៩៨ ក៏​ដូច ២០០៣ ប៉ុន្តែ​លើក​នេះ​យើង​ត្រឡប់​ទៅ​របៀប​ចាត់ចែង​ដូច​សម័យ​ឆ្នាំ​៨០ ក្នុង​របប​កម្ពុជា​ប្រជាមានិត​ទៅ​វិញ ដូច្នេះ​វា​ខុស ផ្ទុយ​អំពី​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ​យើង​ទាំងស្រុង។ គណបក្ស​ប្រជាជន​បំពារ​ចំពោះ​មុខ​ប្រជាជាតិ​ហើយ​និង​ប្រវត្តិសាស្ត្រ អា​ហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ»