ហ៊ុន សែន៖ មន្ត្រី​បក្ស​ប្រជាជន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​សម្រាប់​អាណត្តិ​ទី​៤

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​លើស​លុប គឺ​មាន​ន័យ​ថា ក្នុង​អាណត្តិ​ទី​៤​នេះ មាន​តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ទាំង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​និង​បញ្ហា​នានា​របស់​ប្រទេស ដែល​រួមមាន​ទាំង​អំពើ​អសកម្ម​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ នា​ឱកាស​ប្រកាស​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២ របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី នា​ថ្ងៃ​ទី​២៦ កញ្ញា កន្លង​ទៅ​នេះ ៖ «អ៊ីចឹង​សារ​របស់​គាត់ ផ្ដល់​ឲ្យ​យើង ត្រូវ​ធ្វើ​សេដ្ឋកិច្ច សង្គម​ឲ្យ​ល្អ ហើយ​បើ​ចង់​ធ្វើ​សេដ្ឋកិច្ច​សង្គម​ឲ្យ​ល្អ កំណែ​ទម្រង់​ទាំង​ប៉ុន្មាន ដែល​លើក​ឡើង ជា​ពិសេស សេវា​សាធារណៈ​ហ្នឹង​ហើយ។ ឯ​សារ​ទី​២ គាត់​បាន​ប្រាប់​យើង​ច្បាស់​ថែម​ទៀត​ផង ពេល​នេះ គណបក្ស​ប្រជាជន អត់​មាន​ត្រូវ​ស្ដី​បន្ទោស​ឲ្យ​នរណា​ទាំង​អស់។ មុន​នេះ​មាន​ដៃ​គូ ពិបាក​អ៊ីចេះ ពិបាក​អ៊ីចុះ បង្កើត​រដ្ឋាភិបាល​ក៏​ពិបាក រាជ​រដ្ឋាភិបាល​ក៏​ពិបាក ធ្វើ​ស្អី​ក៏​ពិបាក តែលើក​នេះ​គឺ​ប្រជាជន​បោះ​ឲ្យ​គណបក្ស​ប្រជាជន លើស​ពី ២​ភាគ​៣ ចង់​ធ្វើ​អី​ក៏​បាន​ដែរ ចង់​កែ​រដ្ឋធម្មនុញ្ញ​មិន​ចាំបាច់​ទៅ​ចរចា​ជាមួយ​បក្ស​ណា​ទេ កែ​បាន​ទាំង​អស់។ អ៊ីចឹង​មាន​ន័យ​ថា គាត់​បាន​ប្រាប់​ថា ខ្ញុំ​ប្រគល់​អំណាច​ឲ្យ​អ្នក​ឯង​ទាំង​អស់​ហើយ អ្នក​ឯង​មិន​ធ្វើ ធ្វើ​មិន​កើត អាហ្នឹង​អ្នក​ឯង​ទទួល​ខុស​ត្រូវ​ម្នាក់​ឯង គ្មាន​ចែក​រំលែក​ឲ្យ​អ្នក​ណា​ទទួល​ខុស»

សូម​ជម្រាប​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៩០​អាសនៈ ក្នុង​ចំណោម ១២៣​អាសនៈ ហើយ​គណបក្ស​នេះ បាន​កាន់កាប់​ទាំង​រដ្ឋាភិបាល​និង​រដ្ឋសភា។

មន្ត្រី​ហ៊្វុនស៊ិនប៉ិច ដែល​គណបក្ស​នេះ​ទទួល​បាន ២​អាសនៈ​ដែរ​នោះ គឺ​មួយ​ចំនួន​តូច​ត្រូវ​បាន​ដាក់​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ដែរ ក៏​ប៉ុន្តែ​មិន​មាន​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​លើ​ក្រសួង​ណា​មួយ​នោះ​ឡើយ។

កាល​ពី​អាណត្តិ​ទី​៣ កន្លង​ទៅ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ថា កំហុស​រដ្ឋបាល រួម​ទាំង​បញ្ហា​អំពើ​ពុករលួយ​នៅ​តាម​មន្ទីរ​ខេត្ត​ឬ​ក្រសួង គឺ​ភាគច្រើន​មាន​តែ​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ផ្តន្ទា​ទោស ឬ​ដាក់​ពន្ធនាគារ​ជា​ដើម៕