នៅលើស្ពានកោះពេជ្រ ដែលមានតែងតាំងដោយភ្លើងពណ៌នៅមិនទាន់ដោះចេញនៅឡើយ មនុស្សរាប់រយនាក់នៅឈរស្ងៀមទ្រឹងសម្លឹងមើលទៅស្ពាន លាយជាមួយនឹងសំឡេងជជែកគ្នាអ៊ូអែអំពីព្រឹត្តិការណ៍ដ៏រន្ធត់នៅលើស្ពាននេះ ដែលបានឆក់យកជីវិតមនុស្សរាប់រយនាក់ដែលមកកម្សាន្តនៅក្នុងថ្ងៃបុណ្យអុំទូក កាលពីពេលថ្មីៗកន្លងមកនេះ។
អ្នកដែលបានព្យាយាមចូលសង្គ្រោះនៅក្នុងហេតុការណ៍នោះ បាននិយាយប្រាប់វិទ្យុអាស៊ីសេរីថា ការស្លាប់ដ៏ច្រើនបែបនេះ ដោយសារតែការធ្វេសប្រហែសរបស់អាជ្ញាធរ ខ្លះថា ដោយសារតែអាជ្ញាធរគ្មានវិធានការសង្គ្រោះ គ្មានសមត្ថភាពក្នុងការសង្គ្រោះ និងការមើលងាយស្ថានការណ៍។
លោក ចាន់ សុវ៉េត មន្ត្រីផ្នែកសិទ្ធិមនុស្សអាដហុក ដែលបានព្យាយាមចូលសង្គ្រោះនៅពេលដែលមានឧបទ្ទវហេតុបានថ្លែងរៀបរាប់ថា អាជ្ញាធរខ្មែរអសមត្ថភាពនៅក្នុងការសង្គ្រោះ គ្មានជំនាញ អត់មានសម្ភារៈសង្គ្រោះ រួមជាមួយការមើលងាយស្ថានការណ៍ និងការមិនបានត្រៀមទុកជាមុន បានញ៉ាំងឲ្យស្ថានការណ៍អាសន្ននេះធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។
លោក ចាន់ សុវ៉េត បន្ថែមថា ៖ «កោះពេជ្រនេះជាកន្លែងមួយដែលធំ ប៉ុន្តែកន្លែងហ្នឹងហាក់ដូចជាពុំមានកន្លែងការពារសុវត្ថិភាពដែរ គេធ្វើឲ្យតែរួចពីដៃ...។ រយៈពេលប្រហែល ៣ម៉ោង គឺគ្មានលទ្ធភាពក្នុងការដោះស្រាយតែម្ដង គឺនៅតែរុញទៅរុញមក មានការបាញ់ទឹកបាញ់អីដែរ ប៉ុន្តែនៅតែអត់មានសមត្ថភាពទៅជួយសង្គ្រោះឲ្យទាន់ពេលវេលា ហេតុអីហើយកន្លែងទីតាំងមានប៉ូលិសដែរ តែបែរជាអត់ ហើយហេតុអ្វីបានជាអ៊ីចឹង? ទីតាំងខាងមុខមានច្រវាក់ គឺសមត្ថភាពរបស់ប៉ូលិសដែលជួយហ្នឹងខ្សោយមែនទែន»។
បុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា នៅពេលដែលមនុស្សកំពុងជាប់គាំងលោកមិនបានឃើញក្រុមប៉ូលិសនៅក្បែរស្ពាននោះឡើយ មិនឃើញមានរថយន្តសង្គ្រោះចូលមកទេ តែក្រោយមកទើបគេយករថយន្តទាហានធំៗមកដល់។ លោកបន្ទោសថា ការសង្គ្រោះនេះបានធ្វើឡើងយឺតយ៉ាវ គ្មានបច្ចេកទេស គ្មានការបិទច្រកផ្អាកចរាចរណ៍ភ្លាមៗនោះទេ គ្មានរថយន្តពន្លត់អគ្គិភ័យ គ្មានយន្តហោះ គ្មានសម្ភារៈអ្វីជាដុំកំភួន ដើម្បីសង្គ្រោះមនុស្សនោះទេ ហើយវាជាប្រការមួយដ៏គួរឲ្យរន្ធត់នៅពេលដែលឃើញនៅមនុស្សនៅលើគោកសុំជំនួយតែជួយមិនបានទៅវិញ។
បុរសសុំមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថា ៖ «ខ្ញុំព្យាយាមចូលទៅ ចង់ជួយណាស់ ប៉ុន្តែអាជ្ញាធរអត់ឲ្យខ្ញុំចូលទៅជួយ។ ខ្ញុំឃើញច្បាស់បំផុតពេលដែលមនុស្សដេកដួល ឃើញថា អ្នកខ្លះបោយដៃសុំជំនួយ ប៉ុន្តែអាជ្ញាធរឃើញតែឈរច្រងេងច្រងាងៗ អត់មានបានការអីទេ។ ប៉េអឹមមួយនោះ ជនរងគ្រោះម្នាក់សែងគ្នា ៤នាក់។ ខ្ញុំទទួលយកមិនបានទេ ខ្ញុំរន្ធត់ណាស់»។
បុរសម្នាក់ទៀតឈ្មោះ សុធិន ដែលបានចូលខ្លួននៅក្នុងការសង្គ្រោះបានសម្ដែងដោយក្ដុកក្ដួលថា អាជ្ញាធរបានប្រកាសថា មានកម្លាំងសមត្ថកិច្ចប្រហែល ៥ពាន់នាក់ ចូលរួមក្នុងការថែរក្សាសុន្តិសុខ និងសុវត្ថិភាពពលរដ្ឋ ប៉ុន្តែនៅពេលមានអាសន្ន លោកឃើញបានឃើញកម្លាំងសមត្ថកិច្ចតិចតួចបំផុតក្នុងការចូលទៅសង្គ្រោះនោះ។
សុធិន បញ្ជាក់ថា នៅពេលដែលមនុស្សកំពុងជាប់គាំងប្រហែល ២ ឫ ៣ម៉ោងក្រោយ ទើបមានសមត្ថកិច្ចមកដល់ ហើយពេលដែលមកដល់ទៀត សមត្ថកិច្ចមកតែដៃទទេ ខ្លះឈរត្រេងត្រាង ខ្លះកាន់អាយកូម។
លោកសម្ដែងទៀតថា បើសិនជាការសង្គ្រោះទាន់ពេល មានបច្ចេកទេសសង្គ្រោះត្រឹមត្រូវ មានសមត្ថភាព ប្រហែលជាមិនបណ្ដាលឲ្យមនុស្សស្លាប់ដ៏សន្ធឹកសន្ធាប់ដូច្នេះឡើយ ៖ «ទាំងការធ្វេសប្រហែស ទាំងការអសមត្ថភាព ត្រង់ថា កន្លែងដែលកម្សាន្តសប្បាយម៉េចក៏មិនដាក់សមត្ថកិច្ចឲ្យវាច្រើនយាមគល់ស្ពានសងខាង កុំឲ្យមនុស្សចេញចូល។ ឲ្យមានផ្លូវចេញផ្សេងផ្លូវចូលផ្សេង ហើយពេលដែលមនុស្សគាំង ម៉េចក៏មិនដាក់មីក្រូប្រកាសឲ្យមនុស្សចេញ អានេះអត់ផង ហើយនៅពេលដែលជាន់គ្នាស្លាប់បណ្តើរៗ ក៏មានកម្លាំងសមត្ថកិច្ចទៅ ទៅហើយអត់មានអីជួយបានទៀត»។
លោកបន្ថែមដូច្នេះ ៖ «អើយបងអើយ! យើងគ្រោះថ្នាក់នៅលើគោកយើងជួយអត់បាន គេគ្រោះថ្នាក់ដល់ក្នុងអគារគេជួយបាន ហើយមានមុខអី វាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើង គេគិតថា រដ្ឋាភិបាលយើងអសមត្ថភាព គ្រាន់តែជួយប៉ុណ្ណឹងជួយអត់បាន អាជ្ញាធរខ្មែរមើលទៅខ្មាសគេ។ ជនរងគ្រោះត្រូវការទឹក ត្រូវការខ្យល់ ហើយកប៉ាល់ហោះទៅណាអស់?»។
យុវជនម្នាក់ទៀតឈ្មោះ បូរ៉ា អាយុ ២០ឆ្នាំ ពិពណ៌នាថា ពេលនោះសូម្បីតែប្រង់កាសម្រាប់សែងអ្នករងគ្រោះគ្មានផង។ អ្នករងគ្រោះខ្លះត្រូវគេទាញចេញពីគំនរមនុស្សបានហើយក៏ត្រូវដាក់ចោលទៅវិញ ដោយសារអត់មានរថយន្តសង្គ្រោះ។ អ្នកខ្លះទៀតគ្រាន់តែត្រូវគេស្ទះដង្ហើមដោយរហ័សបំផុត ហើយក៏ត្រូវគេទម្លាក់នៅក្នុងរថយន្តទាហានធំៗ ដោយគិតថា ជាសាកសពទៅហើយ។
បូរ៉ា បញ្ជាក់ថា ខ្វះទាំងអ្នកសង្គ្រោះ ខ្វះទាំងជំនាញ បាននាំឲ្យមានការស្លាប់មនុស្សដេរដាសបែបនេះ ៖ «ខ្ញុំគិតថា ជាកត្តារួមចំណែកធំណាស់ដែរ ដោយសារតែកត្តាធ្វេសប្រហែស។ បើសិនជាយើងត្រៀមហើយបានយកចិត្តទុកដាក់ យើងត្រៀមកម្លាំងឲ្យបានច្រើនពេលនោះ ដូចដែលយើងដឹងហើយ ពេលហ្នឹងមនុស្សច្រើន ដឹងតែមានបញ្ហា អ៊ីចឹងឡានពេទ្យអីត្រូវមានញឹកៗ។ បើនិយាយពីប្រង់កាគ្មានផង។ ហ្នឹងយើងអាចនិយាយថា ខ្វះសម្ភារៈពេទ្យដែរ»។
បុរសម្នាក់ទៀតឈ្មោះ លោក ញ៉ែម ចាន់ថន ថ្លែងថា លោករន្ធត់ ហើយមានការទើសចិត្តខ្លាំងណាស់ ពេលដែលលោកសុំសមត្ថកិច្ចចូលជួយហើយគេមិនព្រមឲ្យលោកចូល ប៉ុន្តែផ្ទុយទៅវិញការងារសមត្ថកិច្ចខ្មែរធ្វើឡើងដោយគ្មានជំនាញ ហើយពេលនោះហាក់ដូចយល់ថា ស្ថានការណ៍នេះមិនអី។
លោក ញ៉ែម ចាន់ថន មានប្រសាសន៍ទៀតថា ៖ «អាការជួយហ្នឹង ខ្ញុំមើលទៅដូចថា ទើសមែនទែន! ខ្ញុំចង់ទៅជួយគេណាស់ ប៉ុន្តែមិនអាចជួយបាន ហើយខ្ញុំចង់ឲ្យបងៗប៉ូលិសហ្នឹងជួយជនរងគ្រោះចេញមកខាងៗហ្នឹង។ យើងបិទច្រកមិនឲ្យចេញចូល តែគាត់យកជនរងគ្រោះចេញពីកណ្ដាលមកវិញ ហើយគាត់មិនឲ្យពួកយើងចូល។ ខ្ញុំគិតថា ពេលហ្នឹងបើយើងយកយន្តហោះ ហើយយកឡានទឹកអីមកបាញ់ឲ្យបានត្រឹមត្រូវ ខ្ញុំគិតថា ប្រហែលជាកន្លះម៉ោង ប្រហែលជាអាចយកមនុស្សចេញប្រហែលជាមិនអាចស្លាប់ដល់ប៉ុណ្ណឹងទេ»។
បណ្ដាមនុស្សដែលបានផ្ដល់បទសម្ភាសន៍ទាំងនេះ សុទ្ធសឹងតែជាអ្នកនៅទីកន្លែងកើតហេតុនៅថ្ងៃសង្គ្រោះមនុស្សនៅពេលនោះ។ ពួកគេម្នាក់ៗបានសម្ដែងការសោកស្ដាយ និងបានដាក់បន្ទុកការទទួលខុសត្រូវទៅលើអាជ្ញាធរ ដោយចាត់ទុកថា វាជាចំណែកមួយធ្ងន់ធ្ងរ ដែលនាំឲ្យមានអ្នកស្លាប់ច្រើន។
រឿងរ៉ាវដ៏រន្ធត់នេះត្រូវបានគេឲ្យយោបល់ថា អាជ្ញាធរខ្មែរគួរតែយកបទពិសោធន៍ទាំងនោះ ដើម្បីហ្វឹកហាត់ពង្រឹងការសង្គ្រោះបន្ទាន់របស់ខ្លួន និងហ្វឹកហាត់សមត្ថភាពក្នុងការរៀបចំពិធីបុណ្យ ដែលមានមនុស្សច្រើនចូលរួម ជៀសវាងសោកនាដកម្មដូចលើកនេះ ដែលនាំឲ្យប្រជាពលរដ្ឋរាប់រយនាក់បាត់បង់ជីវិត៕