អាជ្ញាធរ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​នៅ​សៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​អញ្ជើញ​ក្រុម​កសិករ​ដែល​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​ប្រមាណ​ជាង ៣៤០​គ្រួសារ នៅ​ក្នុង​ខេត្ត​នេះ មក​ជួប​ប្រជុំ​គ្នា​នៅ​ចំពោះ​មុខ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ឱ្យ​បាន​ប្រសើរ។

ដំណោះ​ស្រាយ​នោះ​គឺ ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​កសិករ​ទាំង​នោះ ឱ្យ​អាច​ដំណើរ​ការ​ដឹក​ជញ្ជូន​កូន​ក្រពើ​យក​ទៅ​លក់​ដូរ​នៅ​ទីផ្សារ​នានា​បាន​ងាយ​ស្រួល។

អាជ្ញាធរ​ដែល​ចេញ​មុខ​ជួយ​សម្រួល​កិច្ច​ការ​ជំនួញ​របស់​ប្រជា​ពល​រដ្ឋ​នា​ពេល​នេះ គឺ​នៅ​ពេល​ដែល​កសិករ​ជា​ច្រើន​បាន​អះអាង​ថា មន្ត្រី​ជលផល​ថ្នាក់​កណ្ដាល​នៅ​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​អនុញ្ញាត​ច្បាប់​ឱ្យ​ពួក​គេ​លក់​ដូរ និង​នាំ​ចេញ​កូន​ក្រពើ​នៅ​ឡើយ​នោះ។

លោក ក្រូច សារឿន ជា​កសិករ​ចិញ្ចឹម​ក្រពើ​ម្នាក់ ក្នុង​ចំណោម​អ្នក​ចិញ្ចឹម​ក្រពើ​រាប់​រយ​គ្រួសារ​ទៀត បាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ថា ការ​ចិញ្ចឹម​ក្រពើ​បច្ចុប្បន្ន​នេះ​គឺ​ពិបាក​ចំពោះ​ការ​សុំ​អាជ្ញាប័ណ្ណ​ដឹក​ជញ្ជូន​ពី​មន្ត្រី​ជលផល​ថ្នាក់​កណ្ដាល ដោយ​មន្ត្រី​ជលផល​ថ្នាក់​កណ្ដាល​នោះ ហាក់​ដូច​ជា​មិន​ចង់​ផ្ដល់​អាជ្ញាប័ណ្ណ​ដឹក​ជញ្ជូន​កូន​ក្រពើ​ទៅ​ឱ្យ​កសិករ​ណា​ផ្សេង ក្រៅ​តែ​ពី​ចង់​ឱ្យ​សមាគម​ចិញ្ចឹម​ក្រពើ​មួយ​នៅ​ខេត្ត​សៀមរាប​ដែល​មាន​សមាជិក ៦​នាក់ ដែល​បាន​ក្ដោប​ក្ដាប់​ទីផ្សារ​លក់​កូន​ក្រពើ​នោះ។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា លោក​បាន​យល់​អំពី​សំណូមពរ​របស់​កសិករ​ចិញ្ចឹម​ក្រពើ និង​សមាគម​ចិញ្ចឹម​ក្រពើ​នោះ ដើម្បី​ស្វែង​រក​ទីផ្សារ​លក់​កូន​ក្រពើ​សម្រាប់​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​អាជ្ញាធរ​សូម​ឱ្យ​មាន​ការ​អត់​ធ្មត់ និង​រង់ចាំ​មួយ​រយៈ​ពេល​ខ្លី ដើម្បី​អាជ្ញាធរ​បាន​អញ្ជើញ​មន្ត្រី​ថ្នាក់​ក្រសួង​ដែល​ពាក់ព័ន្ធ​រឿង​នេះ​មក​ជួប​ប្រជុំ​នៅ​ចុង​សប្ដាហ៍​នេះ។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​ទៅ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ព្រមាន​ដល់​សមាគម​ចិញ្ចឹម​ក្រពើ ដែល​មាន​សមាជិក​ចំនួន ៦​នាក់​នៅ​ខេត្ត​សៀមរាប​នោះ ឱ្យ​ដក​ខ្លួន​ចេញ​ពី​ការ​ចង់​ក្ដោប​ក្ដាប់​ទីផ្សារ​កូន​ក្រពើ​សម្រាប់​តែ​បក្ស​ពួក​របស់​ខ្លួន​នោះ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​កសិករ​អ្នក​ចិញ្ចឹម​កូន​ក្រពើ​បាន​លក់​ដូរ​កូន​ក្រពើ​ទៅ​ឱ្យ​អ្នក​ផ្សេង​ក្នុង​លក្ខណៈ​ជា​ទីផ្សារ​សេរី៕