ស្ថានភាព​នៃ​ការ​ជួញដូរ​ទំនិញ​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ

អ្នក​រក​ស៊ី​នៅ​តំបន់​ព្រំដែន​កម្ពុជា-​ថៃ ច្រក​ទ្វា​ចាំយាម ខេត្ត​កោះកុង មន្ត្រី​អាជ្ញាធរ​ខេត្ត និង​សង្គម​ស៊ីវិល​នៅ​ទី​នោះ បាន​អះអាង​ថា ស្ថានភាព​រស់​នៅ ការ​ធ្វើ​អាជីវកម្ម​ដោះ​ដូរ​ទំនិញ​នៅ​តំបន់​នោះ​កំពុង​ស្ថិត​ក្នុង​ភាព​ជា​ធម្មតា បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​កំពុង​មាន​បញ្ហា​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏ដោយ។

0:00 / 0:00

តាំង​ពី​ព្រឹក​ព្រលឹម នៅ​ច្រក​ទ្វារ​ចាំយាម ខេត្ត​កោះកុង ទី​ដែល​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-​ថៃ ភាគ​និរតី ជាប់​តំបន់​ឆ្នេរ​សមុទ្រ គេ​ឃើញ​មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ ភាគ​ច្រើន​ជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ចេញ​ចូល​ទៅ​ផ្សារ​ក្នុង​ទឹក​ដី​ថៃ ជាប់​ព្រំដែន ដើម្បី​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ។

ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឆ្លង​កាត់​ព្រំដែន​នោះ ភាគ​ច្រើន​ជា​កម្មករ​អូស​រទេះ​ដឹក​ទំនិញ និង​ទិញ​បន្លែ​ផ្លែ​ឈើ និង​របស់​របរ​ផ្សេងៗ​ទៀត យក​មក​លក់​នៅ​ទី​រួម​ខេត្ត​កោះកុង និង​បន្ត​យក​មក​ដល់​ភ្នំពេញ​ទៀត។ ចំពោះ​ទំនិញ​ដែល​នាំ​ពី​ខ្មែរ​ចូល​ទឹក​ដី​ថៃ​វិញ ភាគ​ច្រើន​គឺ​ផល​នេសាទ​សមុទ្រ។

ស្ត្រី​វ័យ​ប្រមាណ​ជាង ៤០​ឆ្នាំ មាន​មុខ​របរ​ជា​កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន អ្នកស្រី ហួន សុខលី បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​មាន​ស្រុក​កំណើត នៅ​ខេត្ត​កំពង់ធំ ហើយ​បាន​មក​រក​ស៊ី​នៅ​ខេត្ត​កោះកុង​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទាក់ទង​នឹង​ស្ថានភាព​ទំនាក់​ទំនង​ចេញ​ចូល​រក​ស៊ី​នៅ​ច្រក​ចាំយាម សព្វ​ថ្ងៃ​នេះ គឺ​ពុំ​មាន​អ្វី​ខុស​ប្លែក​ពី​ពេល​មុន ដែល​មេ​ដឹក​នាំ​ខ្មែរ និង​ថៃ មាន​ទំនាស់​នឹង​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ នោះ​ទេ។

អ្នកស្រី ហួន សុខលី ឲ្យ​ដឹង​ដូច្នេះ ៖ «(កម្ពុជា-ថៃ) មាន​បញ្ហា​នឹង​គ្នា ប៉ុន្តែ​ប្រជាជន​ពុំ​មាន​បញ្ហា​នឹង​គ្នា​ទេ អ្នក​រក​ស៊ី រក​ស៊ី​ធម្មតា ប្រជាជន​ធម្មតា​អត់​មាន​អី​ប៉ះ​ពាល់​ដល់​ប្រជាជន​ទេ»

អ្នកស្រី​បន្ត​ថា ក្រៅ​ពី​មុខ​របរ​អូស​រទេះ​ឆ្លង​កាត់​ព្រំដែន គឺ​គាត់​ក៏​ត្រូវ​ឆ្លៀត​ពេល​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​ទៀត ដើម្បី​បំពេញ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​លក់​ដូរ​នាឡិកា ទូរស័ព្ទ គ្រឿង​អលង្ការ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​នៅ​ផ្សារ​ថៃ អ្នកស្រី ពៅ បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកស្រី​មក​ពី​ខេត្ត​តាកែវ បាន​មក​រក​ស៊ី​នៅ​ទឹក​ដី​ថៃ ជាប់​ព្រំដែន​ខេត្ត​កោះកុង​នេះ តាំង​ពី​ឆ្នាំ​១៩៩៧​មក បាន​កត់​សម្គាល់​ឃើញ​ដែរ​ថា ការ​លក់​ដូរ ក៏​ដូច​ជា​ការ​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ នៅ​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ធម្មតា ទោះ​បី​ជា​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​មិន​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ក៏ដោយ។

អ្នកស្រី ពៅ បាន​ប្រាប់​ដូច្នេះ ៖ «ធម្មតា ដូច​អត់​មាន​ផ្អើល​អី​ផង ពួក​ខ្មែរ​ថៃ​នៅ​នេះ​អត់​មាន​បញ្ហា​អី​ផង នៅ​តែ​រាប់​អាន​គ្នា គេ​តែង​និយាយ​ថៃ​ថា ថៃ-​ខ្មែរ​ដូច​បង​ប្អូន​គ្នា មាន​បញ្ហា​តែ​អ្នក​ធំ យើង​អ្នក​តូច​តាច​រក​ស៊ី​នៅ​ធម្មតា នៅ​តែ​លក់​បាន ភ្ញៀវ​ទេសចរណ៍​នៅ​តែ​មក​លេង​ធម្មតា»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ចិត្រ បាន​ទទួល​ស្គាល់​ពី​ស្ថានភាព​នៅ​តំបន់​ព្រំដែន​ខេត្ត​នេះ​ថា មាន​ភាព​ល្អ​ប្រសើរ​ដូច​អ្វី​ដែល​ពលរដ្ឋ​បាន​លើក​ឡើង​ដូច្នេះ​មែន។

លោក អ៊ិន គង់ចិត្រា មាន​ប្រសាសន៍​ដូច្នេះ ៖ «ហើយ​នៅ​ថ្ងៃ​សុក្រ​ឡើង អាជីវករ​ថៃ ខ្មែរ បាន​យក​ទំនិញ​មក​ប្ដូរ​គ្នា ដូច​អត់​មាន​អី​ទេ ស្ថានភាព​ល្អ​ប្រសើរ ល្អ​ជាង​នៅ​បោយប៉ែត អត់​មាន​យក​លុយ​យក​កាក់​ពី​អ្នក​អូស​រទេះ អត់​មាន​គាប​សង្កត់ អត់​មាន​ជំរិត​ទារ​លុយ​អី​ទេ​នៅ​នេះ»

កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) ចេញ​ផ្សាយ​ថា រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ថា ជម្លោះ​រវាង​ខ្មែរ-​ថៃ មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ទេ។ ប៉ុន្តែ​ក្រុម​ពាណិជ្ជករ​ធំៗ មាន​ការ​ព្រួយ​បារម្ភ និង​រារែក​ក្នុង​ការ​បញ្ជា​ទិញ​នូវ​មុខ​ទំនិញ​របស់​ពួកគេ។

ប្រធាន​ច្រក​ទ្វារ​ព្រំដែន​ចាំយាម ខេត្ត​កោះកុង លោក សួសសុខ ដារា បាន​អះអាង​ថា ចំនួន​អ្នក​ចេញ​ចូល​មាន​ការ​ថយ​ចុះ​ខ្លះ ដោយសារ​រដូវ​នេះ​មិន​សូវ​សំបូរ​បន្ថែ ផ្លែ​ឈើ ប៉ុន្តែ​ជា​ទូទៅ​ស្ថានភាព​ការ​ដោះដូរ​ទំនិញ​ចេញ​ចូល​ប្រទេស​ទាំង​ពីរ ពុំ​មាន​អ្វី​ប្រែប្រួល​ខុស​ពី​ពេល​មុនៗ​នោះ​ទេ។

លោក សួសសុខ ដារា មាន​ប្រសាសន៍​ថា ៖ «យើង​អនុវត្ត​តាម​ជំនាញ​អន្តោប្រវេសន៍ មិន​មាន​អ្វី​ខុស​ប្រក្រតី ទោះ​បី​មាន​ការ​អី ខាង​ថៃ​ក្តី ដូច​អត់​មាន​អី​ទេ​នៅ​ព្រំដែន​ខាង​ណេះ»

ទោះ​យ៉ាង​ណា​ក្តី លោក​មិន​បង្ហាញ​ពី​តួលេខ​នៃ​ការ​នាំ​ចេញ​ចូល​ទំនិញ​តាម​ច្រក​នេះ​ថា មាន​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ ឬ​មួយ​ខែ​នោះ​ទេ។

មន្ត្រី​ការ​ទូត​របស់​ប្រទេស​ថៃ ដែល​ទទួល​បន្ទុក​ការងារ​ជំនួញ​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ឱកាស​ពិព័រណ៍​ក្រុមហ៊ុន​ថៃ នៅ​កម្ពុជា កាល​ពី​ខែ​មិថុនា កន្លង​ទៅ​ថា ជំនួញ​ឆ្លង​ដែន​រវាង​កម្ពុជា និង​ថៃ ក្នុង​ឆ្នាំ​២០០៩ កន្លង​ទៅ មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ១.៦០០​លាន​ដុល្លារ​អាមេរិក។

ជម្លោះ​ខ្មែរ​ថៃ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​​ដ៏​ចំណាស់​មួយ​នេះ ត្រូវ​បាន​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ កងទ័ព​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ក្នុង​វត្ត​ខ្មែរ​មួយ​ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​បាន​បង្ក​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕