មជ្ឈមណ្ឌល​អភិឌ្ឍន៍​សង្គម៖ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​បោះឆ្នោត

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិ​ទី​៤ នា​ឆ្នាំ​២០០៨​នេះ។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣០ កក្កដា មជ្ឈមណ្ឌល​អភិឌ្ឍន៍​សង្គម ដែល​បាន​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​អចិន្ត្រៃយ៍ ១០៤​នាក់ ក្នុង ១៥​ខេត្ត​-ក្រុង និង​អ្នក​សង្កេត​ការណ៍​ចល័ត ៦​នាក់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​គ្មាន​មូលហេតុ។

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ថា ក្នុង​ការិយាល័យ​បោះឆ្នោត​នីមួយ​ៗ មាន​អ្នក​បោះ​ឆ្នោត ពី​៤០០ ទៅ ៧០០​នាក់ ហើយ​ថា ក្នុង​នោះ មាន​មនុស្ស​ប្រមាណ ១០០ ទៅ ២០០​នាក់ មិន​បាន​បោះឆ្នោត ហើយ​ថា ការចូលរួម​ការ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៧ កក្កដា កន្លង​មក​នេះ មាន​កម្រិត​ទាប​បំផុត​បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះ​ឆ្នោត​នានា​អាណត្តិ​មុនៗ។

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នក​បោះឆ្នោត​ជាច្រើន​មិន​បាន​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន ហើយ​អ្នក​ដែល​បាន​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​រួច​ហើយ រក​ទីតាំង និង​លេខ​កូដ​ការិយាល័យ​មិន​ឃើញ។

ទោះជា​យ៉ាងណា មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ថា ការបោះឆ្នោត ថ្ងៃ​ទី​២៧ កក្កដា​នោះ មាន​សន្តិសុខ​ល្អ​និង​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​និង​ស្ងប់ស្ងាត់៕