គោលនយោបាយនេះលាតត្រដាងបញ្ហាប្រឈមមួយចំនួនរបស់អ្នកពាក់ព័ន្ធ ដូចជាសកម្មជនការពារសិទ្ធិមនុស្សមូលដ្ឋាន មេធាវី និងអ្នកសារព័ត៌មាន ព្រមទាំងលើកអនុសាសន៍សំខាន់ៗជំរុញឲ្យរាជរដ្ឋាភិបាល និងស្ថាប័នតុលាការអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឲ្យមានការគោរពច្បាប់។
កិច្ចពិភាក្សាតុមូលមួយកាលពីខែធ្នូ ឆ្នាំ២០១២ ផ្ដើមគំនិតបង្កើតឡើយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន មេធាវី កំពុងជួបប្រទះនឹងបញ្ហាជាច្រើនដែលរាំងស្ទះដល់ការអនុវត្តការងាររបស់ពួកគេ ទាំងទិដ្ឋភាពច្បាប់ នយោបាយ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងតុលាការ។
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិ កញ្ញា សន រ៉ាមណា នៅថ្ងៃទី១៣ មករា មានប្រសាសន៍ថា គោលនយោបាយសង្ខេបស្ដីពីអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ចងក្រងឡើងសម្រាប់ឲ្យរាជរដ្ឋាភិបាល និងសាធារណជនយកមកសិក្សាស្វែងយល់ ព្រមទាំងរិះរកវិធីដោះស្រាយបញ្ហា។
កញ្ញាបន្តថា ឆ្លងកាត់កិច្ចពិភាក្សាតុមូលពីរដងរួចមក រកឃើញបញ្ហាជាច្រើនដែលប៉ះពាល់ដល់ការបំពេញការងាររបស់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងមេធាវីដែលការពារក្ដីឲ្យសកម្មជនសិទ្ធិមនុស្ស។
កញ្ញា សន រ៉ាមណា បញ្ជាក់ថា សង្គមស៊ីវិលមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអវត្តមានរបស់តំណាងរដ្ឋាភិបាលក្នុងកិច្ចពិភាក្សាតុមូលកន្លងទៅ៖ «យើងចង់ឲ្យតំណាងរដ្ឋាភិបាល និងសង្គមស៊ីវិលជជែកពិភាក្សាលើបញ្ហាហ្នឹងតែម្ដង ប៉ុន្តែភាគច្រើនយើងមិនអាចអញ្ជើញពួកគាត់បាន អ៊ីចឹងអត់បានជជែកបញ្ហាដែលកើតឡើងបាន។ សង្គមស៊ីវិលលើកឡើងបញ្ហាហ្នឹងមាន ប៉ុន្តែរដ្ឋាភិបាលបដិសេធ យើងនៅកណ្ដាលហ្នឹងពិបាក យើងព្យាយាមឲ្យជួបគ្នាដែរតែពិបាក»។
កញ្ញា សន រ៉ាមណា បញ្ជាក់ថា បើសិនជារដ្ឋាភិបាលយកគោលនយោបាយសង្ខេបនេះយកទៅសិក្សា និងរៀបចំយន្តការសម្រាប់ដោះស្រាយនោះប្រជាធិបតេយ្យនៅកម្ពុជា នឹងត្រូវលើកតម្កើង។
គោលនយោបាយសង្ខេបបង្ហាញថា សកម្មជនសិទ្ធិមនុស្សដែលតស៊ូមតិដើម្បីឲ្យមានការបញ្ចប់ការរឹបអូសដីធ្លី និងបណ្ដេញចេញដោយបង្ខំ ជាទូទៅក្លាយជាមុខសញ្ញារបស់អាជ្ញាធរ និងត្រូវរងការរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយបញ្ហាប្រឈមមានដូចជា អាជ្ញាធរគំរាមកំហែងប្រព័ន្ធតុលាការមិនឯករាជ្យ ការប្រើប្រាស់ហិង្សាពីសំណាក់សមត្ថកិច្ចទៅលើអ្នកតវ៉ា ប្រព័ន្ធផ្សព្វផ្សាយមិនឯករាជ្យ និងការរារាំងសមាគម សហជីពមួយចំនួនមិនឲ្យចុះបញ្ជីជាដើម។
ទន្ទឹមនឹងនេះ ប្រធានផ្នែកបច្ចេកទេសអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យគឺជាការផ្ដល់សេរីភាពពេញលេញក្នុងការបំពេញវិជ្ជាជីវៈរបស់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងមេធាវី។ លោកបន្តថា សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក អំ សំអាត បញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពពេញលេញជូនពលរដ្ឋ ប្រទេសនោះនឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម ហើយក៏មានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិដែរ។
ចំណែកឯគោលនយោបាយសង្ខេបក៏បានបញ្ជាក់ពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា ដូចជាការទទួលបានប្រាក់ឈ្នួលទាប ខ្វះការគាំទ្រនៅពេលដែលត្រូវគេគំរាមកំហែង ប្រាក់សំណូក និងអំពើពុករលួយ ខ្វះលទ្ធភាពទទួលបានព័ត៌មាន និងភ័យខ្លាចថា នឹងកើតមានអំពើហិង្សា ការចាប់ខ្លួន និងឃុំខ្លួនជាដើម។ ក្នុងនោះអ្នកសារព័ត៌មានលើកយកបញ្ហាមួយចំនួនមកពិភាក្សា រួមមានអ្នកសារព័ត៌មានមិនហ៊ានរិះគន់រដ្ឋាភិបាល មិនទាន់មានច្បាប់ទទួលព័ត៌មានដែលនាំឲ្យមន្ត្រីរាជរដ្ឋាភិបាលមិនឆ្លើយសំណួររបស់ពួកគេ តុលាការមិនឯករាជ្យ សាលាបង្រៀនវិជ្ជាជីវៈអ្នកសារព័ត៌មានមានតែ១គត់ ជាពិសេសរាជរដ្ឋាភិបាលមិនឲ្យតម្លៃលើអ្នកសារព័ត៌មាន។
ចំពោះមេធាវីដែលការពារក្តី ឬជាតំណាងផ្នែកច្បាប់ឲ្យអ្នកការពារសិទ្ធិមនុស្ស ក៏តែងតែប្រឈមនឹងបញ្ហាមួយចំនួន ដូចជាពិបាកក្នុងការចំលងឯកសារ ការផ្សព្វផ្សាយនិងវិភាគផ្នែកច្បាប់ឲ្យប្រជាពលរដ្ឋបានដឹងជាដើម។ ចំណុចមួយទៀត មេធាវីដែលមានកូនក្តីជាអ្នករិះគន់រដ្ឋាភិបាលក៏ក្លាយជាមុខសញ្ញាគំរាមកំហែងនិងសម្លុតបំភ័យដែរ។
ទោះយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ឱម យ៉ិនទៀង ធ្លាប់មានប្រសាសន៍ថា អ្នកណាក៏ដោយត្រូវស្ថិតនៅក្រោមច្បាប់។ អ្នកដែលរងគ្រោះដោយការរំលោភបំពានណាមួយ គឺមានសមត្ថកិច្ចរបស់រដ្ឋជាអ្នកទទួលខុសត្រូវ។ លោកបន្តថា ស្ថាប័នរាជរដ្ឋាភិបាលក៏បានទាក់ទងធ្វើការងារជាមួយនឹងសង្គមស៊ីវិលបានរលូនដែរ ក្នុងការជំរុញការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា ការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានទិដ្ឋភាពខុសគ្នា និងពេលខ្លះសង្គមស៊ីវិល និងអ្នកសារព័ត៌មានធ្វើការវាយតម្លៃដោយមានលក្ខណៈលំអៀង៖ «មិនគួរយើងធ្វើអីរំលោភទៅច្បាប់បានទេ។ អ្នកខ្លះយកបញ្ហាសិទ្ធិនេះរារាំងការអនុវត្តច្បាប់ ឬក៏ថា ចង់ឲ្យច្បាប់ហ្នឹងដោះស្រាយតាមគំនិតរបស់ខ្លួន ក៏យើងខ្ញុំធ្វើមិនបាន អ៊ីចឹងវាមិនមែនការប្រឈមមុខដាក់គ្នាដូចរាល់ថ្ងៃទេ ការសហការគ្នាដើម្បីដោះស្រាយបញ្ហា មិនមែនយកបញ្ហាសិទ្ធិមនុស្សមកធ្វើជាការប្រឈមមុខដាក់គ្នា ឬយកទិវាសិទ្ធិមនុស្សមកថ្កោលទោសនោះទេ»។
ទោះយ៉ាងណាក្ដី មានករណីជាច្រើនដែលបង្ហាញថា អាជ្ញាធររាជរដ្ឋាភិបាលធ្វើការងារដោយបំពានច្បាប់ ដូចជាការបង្ក្រាបក្រុមអ្នកតវ៉ាដោយហិង្សា ការចាប់ខ្លួនសកម្មជនតវ៉ាដាក់គុកក្នុងរឿងទំនាស់ដីធ្លីជាដើម។
គោលនយោបាយសង្ខេបរបស់សង្គមស៊ីវិលផ្ដល់អនុសាសន៍ទៅកាន់រាជរដ្ឋាភិបាលឲ្យទប់ស្កាត់មិនឲ្យមានការតាមដាន និងរារាំងសកម្មភាពដែលរៀបចំដោយអ្នកការពារសិទ្ធិមនុស្ស។ បញ្ឈប់ការប្រើប្រាស់ហិង្សាទៅលើអ្នកតវ៉ា បញ្ឈប់ការប្រើប្រព័ន្ធតុលាការគាបសង្កត់ និងសម្លុតបំភ័យអ្នកតវ៉ា ធានាការគោរពច្បាប់។ ចូលរួមជំរុញបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ជាពិសេសធានាថា ស្ថាប័នរដ្ឋ/ក្រសួង មានអ្នកនាំពាក្យដើម្បីដោះស្រាយ និងចែកចាយព័ត៌មានទៅកាន់សាធារណជន។
ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ និងជំនុំជម្រះប្រកបយុត្តិធម៌តាមច្បាប់ជាធរមាន។ ចំណែកឯភ្នាក់ងារផ្សព្វផ្សាយ ឬក្រុមហ៊ុនសារព័ត៌មានគួរទេ ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិករបស់ខ្លួនតាមរយៈការដំឡើងប្រាក់ឈ្នួល និងផ្ដោតការរាយការណ៍ប្រកបដោយការទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។