លោក អេង កុកថាយ មន្ត្រីទទួលបន្ទុកប្រមូលឯកសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា DC-CAM បានឲ្យវិទ្យុអាស៊ីសេរីដឹងថា មជ្ឈមណ្ឌលគ្រោងបោះពុម្ពសៀវភៅកំណត់ត្រាអ្នកស្លាប់ ក្នុងរបបខ្មែរក្រហម ជាង២ពាន់ក្បាល ដោយដាក់ចំណងជើងថា «សៀវភៅនៃការចងចាំ»។
លោក កុក ថាយ ឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដាថា គោលបំណងនៃការបោះពុម្ពសៀវភៅនេះ ប្រយោជន៍បង្កភាពងាយស្រួលដល់ពលរដ្ឋដែលបានបាត់បង់ញាតិសន្តាន ក្នុងរបបខ្មែរក្រហម បានស្វែងយល់ និងស្រាវជ្រាវរកឈ្មោះញាតិមិត្តរបស់ខ្លួន នៅក្នុងកំណត់ត្រានោះ។
មន្ត្រីរូបនេះបានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស ដែលមានបងប្អូន ឬញាតិមិត្តស្លាប់ក្នុងសម័យខ្មែរក្រហម ចូលរួមសហការណ៍មកមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីចងក្រងសៀវភៅនេះឡើងតាមរយៈអាសយដ្ឋានដូចច្នេះ ៖ «គាត់អាចហៅមកលេខខ្ញុំដោយផ្ទាល់ ហើយខាងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាអ្នកហៅត្រឡប់ទៅគាត់វិញ គឺហៅមកលេខ ០១២-៩៥-៥៨-៥៨ ឬក៏គាត់អាចមកមជ្ឈមណ្ឌលឯកសារកម្ពុជា ទីក្រុងភ្នំពេញដោយផ្ទាល់ បើសិនគាត់អាចធ្វើដំណើរមកបាន គឺមានអាសយដ្ឋាននៅផ្ទះលេខ៦៦ ផ្លូវព្រះសីហនុ នៅជ្រុងខាងត្បូង ឆៀងខាងកើតវិមានឯករាជ្យ»។
មនុស្សវ័យចំណាស់ម្នាក់ឈ្មោះ ជុំ ម៉ន រស់នៅស្រុកកោះសុទិន្ន ខេត្តកំពង់ចាម បានសាទរចំពោះគំនិតផ្ដួចផ្ដើមបង្កើតឲ្យមានសៀវភៅកត់ត្រាឈ្មោះអ្នកស្លាប់ក្នុងរបបខ្មែរក្រហម របស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលនេះ។ ប្រភពឲ្យដឹងថា លោកនឹងបញ្ជូនឈ្មោះបងប្អូនបង្កើតរបស់គាត់ បានស្លាប់ជំនាន់ខ្មែរក្រហម ចំនួន៥នាក់ ដាក់ចូលទៅក្នុងសៀវភៅកំណត់ត្រា របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីដាក់ចូលទៅក្នុងកំណត់ត្រានេះ។
លោក រាជ្យ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈសាលាក្ដីខ្មែរក្រហម នៅថ្ងៃ៣១ ខែកក្កដានេះបានចាត់ទុកគម្រោងបោះពុម្ពសៀវភៅកត់ត្រាឈ្មោះអ្នកស្លាប់ក្នុងរបបខ្មែរក្រហមថា បានផ្ដល់សារសំខាន់ដល់ពលរដ្ឋខ្មែរទូទៅ ដើម្បីស្វែងរកឈ្មោះញាតិមិត្តរបស់ខ្លួន ដែលបានស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ លោកថា លោកចង់បានឲ្យសៀវភៅកត់ត្រាអ្នកស្លាប់ក្នុងរបបខ្មែរក្រហមនោះ បានចែកផ្សាយទូលំទូលាយ ទៅដល់គ្រប់មូលដ្ឋានទូទាំងប្រទេសកម្ពុជា។
លោក រាជ្យ សម្បត្តិ មានប្រសាសន៍ ៖ «ប្រយោជន៍ទី១ គឺបងប្អូនដែលគាត់បាត់បងប្អូន គឺគាត់អាចស្រាវជ្រាវរកតាមរយៈសៀវភៅហ្នឹងបាន។ ប្រយោជន៍ទី២ គឺជាផ្នែកមួយនៃការផ្សះផ្សារផ្លូវចិត្តច្រើនដែរ ព្រោះអ្នកខ្លះគាត់មានបងប្អូនស្លាប់ ប៉ុន្តែមិនត្រូវបានដឹងឮ ប៉ុន្តែដល់ពេលគាត់មើលតាមសៀវភៅហ្នឹង គាត់យល់ថា គេយកចិត្តទុកដាក់នឹងក្រុមគ្រួសារគាត់ដែលបាត់បង់ជីវិត។ អ៊ីចឹងខ្ញុំយល់ថា សៀវភៅហ្នឹងល្អ ហើយមានប្រយោជន៍»។
មន្ត្រីមជ្ឈមណ្ឌលឯកសារកម្ពុជាដដែល បានឲ្យដឹងថា ការបោះពុម្ព «សៀវភៅនៃការចងចាំ» សម្រាប់កត់ត្រា អ្នកស្លាប់ក្នុងសម័យខ្មែរក្រហមនេះ គឺជំហានដំបូង មជ្ឈមណ្ឌលគ្រោងបោះពុម្ពចំនួនជាង២ពាន់ក្បាល និងត្រូវចែកជូនទៅគ្រប់ឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជា ហើយថា រាល់ការចំណាយទាក់ទងថ្លៃសេវាធ្វើដំណើរ ជុំវិញការផ្ដល់ព័ត៌មានពីឈ្មោះអ្នកស្លាប់ក្នុងរបបខ្មែរក្រហម មកឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា គឺខាងមជ្ឈមណ្ឌល ជាអ្នកចំណាយ៕