អគ្គលេខាធិការនៃគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក អឹង ជនហួរ មានប្រសាសន៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៨ខែក្នុងឆ្នាំ២០០៨ មានចំនួនអ្នកស្លាប់៩៥៦នាក់ តួលេខនេះមានការកើនឡើងប្រមាណ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០៧ មូលហេតុអ្នកទាំងនោះមិនគោរពច្បាប់ចរាចរណ៍ ភាគច្រើនជាយុវជនដែលភ្លើតភ្លើននឹងសំភារៈទាន់សម័យដើម្បីបង្អួតគ្នា ។
លោក អឹង ជនហួរ បានឲ្យដឹងថា ៖ «គ្រោះថ្នាក់មាន៣៨៧០ករណី របួសស្រាល៣៧៤១ ហើយនិងរបួសធ្ងន់៣០៩៨ ។ កើនឡើង ហេតុដោយមនុស្សបើកបរដោយស្រវឹង មិនគោរពច្បាប់ចរាចរណ៍ ក្នុងវ័យពី១៥ឆ្នាំទៅដល់២៥ឆ្នាំ» ។
បើតាមមន្ត្រីគ្រប់គ្រងព័ត៌មានរបស់ជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់អង្គការជនពិការអន្តរជាតិ ប៊ែលហ្ស៊ិក លោក សែម បញ្ញាវុធ បានឲ្យដឹងថាបើតាមអង្គការរបស់លោករកឃើញគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានក្នុងរយៈ៥ខែក្នុងឆ្នាំ២០០៨នេះ មានអ្នកស្លាប់ចំនួន៧១៦នាក់ តួលេខនេះបើប្រៀបធៀបនឹងឆ្នាំ២០០៧ ក្នុងរយៈពេលដូចគ្នាមានការកើនឡើង ១១% ។
លោក សែម បញ្ញាវុធ បានមានប្រសាសន៍ថា ៖ «៥ខែដូចគ្នានេះយើងធ្វើការប្រៀបធៀបជាបណ្ដោះអាសន្ន យើងឃើញថាចំនួននៃជនរងគ្រោះមានការថយចុះ១៨% អ្នករបួសធ្ងន់មានការថយចុះ ២% ប៉ុន្តែដោយឡែកអ្វីដែលយើងចាប់អារម្មណ៍នោះគឺថាចំនួនអ្នកស្លាប់មានការកើនឡើង១១% ។ ភាគច្រើនសង្កេតឃើញថា ដោយសារតែកត្តាមនុស្សហ្នឹងតែម្ដង ដោយសារតែប្រជាពលរដ្ឋយើងគាត់មិនបានយល់ដឹងអំពីបញ្ហាច្បាប់ចរាចរណ៍» ។
ពាក់ព័ន្ធនឹងកំណើនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើងបែបនេះ មន្ត្រីគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏មានគម្រោងកាត់បន្ថយគ្រោះថ្នាក់នេះរួចរាល់ហើយដែរ ប៉ុន្តែលោកកំពុងតែអំពាវនាវរកជំនួយដើម្បីឲ្យគម្រោងនេះដំណើរការបានល្អ ។
លោក សែម បញ្ញាវុធ បានឲ្យដឹងថា ៖ «ខ្ញុំសូមអំពាវនាវដល់អង្គការផ្សេងៗសូមមេត្តាជួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែលចេះតែកើនឡើងហើយយើងគ្មានលទ្ធភាពនឹងធ្វើយ៉ាងណាឲ្យវាថយចុះមកវិញ គឺថាយើងត្រូវការថវិកាហ្នឹងច្រើនណាស់» ។
ចំណែកឯអង្គការជនពិការអន្តរជាតិ ប៊ែលហ្ស៊ិក មានគម្រោងស្វែងរកមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើង ហើយអង្គការរបស់លោកក៍កំពុងតែសហការជាមួយនឹងក្រសួងអប់រំបង្កើតសៀវភៅអប់រំសុវត្ថិភាពចរាចរណ៍ដែលដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ចាប់បង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងក៏មានការផ្សព្វផ្សាយតាមរយៈវិទ្យុនិងទូរស្សន៍ផងដែរ ៕