កត្តានេះអ្នកវិភាគប្រវត្តិសាស្ត្របានអះអាងថា ការបោះពុម្ពលុយថ្មីនេះ សម្រាប់បង្ហាញអំពីអត្តសញ្ញាណជាតិ ការការពារវប្បធម៌ និងប្រវត្តិសាស្ត្រ នៅក្នុងសម័យកាលណាមួយដែលអ្នកដឹកនាំប្រទេសចង់បាន។ ផ្ទុយទៅវិញ អ្នកវិភាគសេដ្ឋកិច្ចវិញយល់ថា ការបោះពុម្ពលុយច្រើនពេកក្នុងសកម្មភាពសេដ្ឋកិច្ច នឹងប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ ការបោះពុម្ពលុយបន្ថែមប្រកបដោយភាពត្រឹមត្រូវ គឺត្រូវឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចពិតប្រាកដ។
មានរយៈពេលជាងមួយសប្ដាហ៍មកហើយ បន្ទាប់ពីធនាគារជាតិកម្ពុជា បានប្រកាសជាផ្លូវការនៃការបង្កើតក្រដាសប្រាក់ ១.០០០រៀលថ្មី ដើម្បីឲ្យសាធារណជនចងចាំ និងឧទ្ទិសដល់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។ ការចេញផ្សាយនូវក្រដាសប្រាក់ថ្មីប្រភេទ ១.០០០រៀលនេះ មានព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្តម សីហនុ និងម្ខាងទៀតមានរូបថតព្រះទីន័ងសុវណ្ណហង្ស ឬហង្សមាស ដង្ហែព្រះបរមសពពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលព្រះបរមរាជវាំងជាដើម។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ក្រដាសប្រាក់ថ្មីនេះ តាមរយៈការចេញអនុក្រឹត្យស្ដីពីការចេញផ្សាយធនប័ត្រ ព្រះបរមរតនកោដ្ឋ ឬប្រភេទក្រដាសប្រាក់ ១.០០០រៀល បានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។
ទោះជាយ៉ាងណាក៏ដោយ រយៈកាលកន្លងមកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រព្រះ នរោត្តម សីហនុ ត្រូវបានបោះពុម្ពលើក្រដាសប្រាក់ជាច្រើន រួមមានប្រភេទ ៥.០០០រៀល ១០.០០០រៀល និង ៥០.០០០រៀលជាដើម។ ចំណែកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ត្រូវបានបោះពុម្ពលើក្រដាសប្រាក់ប្រភេទ ២ម៉ឺនរៀលផងដែរ ចំពេលដែលព្រះអង្គឡើងគ្រងរាជ្យ។
ទាក់ទងនឹងការចេញក្រដាសប្រាក់ ១ពាន់រៀលថ្មីនេះ ម្ចាស់ហាងប្ដូរប្រាក់ លី ហួរ អ្នកស្រី ស៊ាង លីម មានប្រសាសន៍ថា នៅទីតាំងរបស់អ្នកស្រីចំនួនអតិថិជនដែលមានតម្រូវការក្រដាសប្រាក់ ១ពាន់រៀលថ្មីនេះ មានប្រមាណ ១០០លានរៀលក្នុងមួយថ្ងៃ៖ «ដូចជាភ្ញៀវស្រឡាញ់ច្រើនណាស់ ដូចជាមានប៉ុន្មានយកមកអស់អស់។ ម្នាក់យកមួយដុំ ពីរដុំ យកទៅមើល ក្នុងការពេញចិត្តរបស់ភ្ញៀវ។ មួយថ្ងៃៗដូរអស់ប្រមាណ ១០០ លាន»។
អ្នកស្រីបញ្ជាក់ទៀតថា ចំនួនអតិថិជនពេញចិត្តនឹងក្រដាសប្រាក់នេះណាស់ ដែលបរិមាណជួញដូរមានបរិមាណច្រើនបើធៀបទៅនឹងសម័យកាលនៃការបោះផ្សាយក្រដាសប្រាក់នាពេលកន្លងមក។
អ្នកវិភាគប្រវត្តិសាស្ត្របានសង្កេតឃើញថា រដ្ឋាភិបាល ឬធនាគារជាតិកម្ពុជា តែងតែចេញ ឬ បោះផ្សាយក្រដាសប្រាក់ថ្មីចំពេលដែលព្រះមហាក្សត្រឡើងគ្រងរាជ្យ និងចូលទិវង្គតជាដើម។ ការចេញផ្សាយក្រដាសប្រាក់នោះមានគោលបំណងខុសគ្នាទៅតាមព្រឹត្តិការណ៍ណាមួយដែលកើតឡើងនៅប្រទេសកម្ពុជា។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រលោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា តាមពិតគ្មានគោលការណ៍ណាមួយនៃការបោះផ្សាយក្រដាសប្រាក់ដើម្បីបញ្ជាក់អំពីព្រឹត្តិការណ៍ណាមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា នោះទេ។ ការបោះពុម្ពលុយគឺស្របទៅតាមតម្រូវការនៃកំណើនសេដ្ឋកិច្ចកម្ពុជា រៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ លោក សំបូរ មាណ្ណរ៉ា មានប្រសាសន៍បន្តថា គោលបំណងនៃការបោះពុម្ពលុយមិនត្រឹមតែបោះផ្សាយសម្រាប់ការចាយវាយនោះទេ ប៉ុន្តែជាការបញ្ជាក់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអ្នកដឹកនាំ និងរដ្ឋាភិបាលក្នុងសម័យនោះចង់បង្កើតឡើង៖ «ប្រទេសកម្ពុជាយើង ខ្ញុំគិតថា មានភាពឆ្លាតវៃមែនទែនក្នុងការចេះបង្កើតនូវពេលវេលាបោះពុម្ពក្រដាសប្រាក់ហ្នឹងនៅក្នុងពេលដែលព្រះករុណាធ្វើពិធីថ្វាយព្រះភ្លើង។ បាទ! នេះជាការរំលឹកមួយចំពោះអ្នកទាំងឡាយ ថាអ្នកណាក៏ចាយលុយដែរ។ ចំណុចនេះជាវិធីសាស្ត្រអប់រំមនុស្សខ្មែរទាំងអស់នោះឲ្យយល់ដឹងឲ្យយល់ឃើញប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវតាមរយៈការចាយវាយលុយ»។
លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្ថែមទៀតថា នៅក្នុងសម័យកាលដែលព្រះបាទ នរោត្ដម សីហមុនី ឡើងគ្រងរាជ្យសម្បត្តិនៅឆ្នាំ២០០៤ ពេលនោះមានការបោះពុម្ពលុយដែរ គឺក្រដាសប្រាក់ ២ម៉ឺនរៀល។ ម៉្យាងវិញទៀត នៅឆ្នាំ២០០៨ ប្រទេសកម្ពុជាក៏បានបោះពុម្ពលុយផងដែរ គឺក្រដាសពីរពាន់រៀល ចំពេលដែលកម្ពុជា មានជម្លោះទាក់ទងរឿងប្រាសាទព្រះវិហារ។
លោកបញ្ជាក់ទៀតថា ការបោះពុម្ពលុយនេះមិនមែនចំតែព្រឹត្តិការណ៍ឡើងគ្រងរាជ្យ ឬដាក់រាជ្យនោះទេ ប៉ុន្តែបោះពុម្ពលុយបង្ហាញអំពីព្រឹត្តិការណ៍សំខាន់សម្រាប់ជាតិដើម្បីឲ្យប្រជាជនបានដឹងនឹងបានយល់៖ «អ៊ីចឹងការចាយលុយ កាន់ក្រដាសប្រាក់ពីរពាន់ កើតក្នុងថ្ងៃដែលមានការប្រទ្រូសប្រទ្រាស់គ្នា សៀមហើយនិងខ្មែរ ទាក់ទងនឹងប្រាសាទព្រះវិហារ ឬក៏មោទនភាពជាតិ ដែលបានដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក ធ្វើឲ្យប្រជាជនដែលចាយលុយចេះដឹង ប្រវត្តិសាស្ត្រតាមរយៈឃើញរូបិយវត្ថុហ្នឹងដែរ»។
ទោះជាយ៉ាងណាក៏ដោយការបោះពុម្ពលុយ គឺជាឧបករណ៍ហិរញ្ញប្បទានរបស់រដ្ឋាភិបាលដែលអាចប្រើប្រាស់ សម្រាប់ទិញទំនិញ និងសេវាកម្ម និងធ្វើការទូទាត់ចំណាយផ្សេងទៀត ដែលមានភាពស្រដៀងគ្នាចំពោះការយកពន្ធ។ ក្នុងន័យនេះ រដ្ឋាភិបាលអាចទទួលបានធនធាន ដោយគ្រាន់តែចំណាយរូបិយវត្ថុថ្មីដែលបានបង្កើតឡើង ដើម្បីឆ្លើយតបទីតម្រូវការរូបិយវត្ថុសម្រាប់ចរាចរណ៍ក្នុងទីផ្សារ។
យោងតាមទ្រឹស្ដីសេដ្ឋកិច្ចបានបង្ហាញថា ការបោះពុម្ពលុយគឺមានគោលបំណងសំខាន់ដូចជាបោះពុម្ពសម្រាប់បន្ថែមចំពោះក្រដាសប្រាក់ចាស់ដែលខូចខាត ឬសម្រាប់បំពេញតម្រូវការរបស់សកម្មភាពអាជីវកម្មនានា នៅពេលដែលសេដ្ឋកិច្ចកម្ពុជា មានកំណើន ប៉ុន្តែការបោះពុម្ពលុយបន្ថែម ក៏អាចជះឥទ្ធិពលអាក្រក់ផងដែរ ចំពោះស្ថានភាពប្រទេសជាតិផងដែរ។
អ្នកវិភាគសេដ្ឋកិច្ចលោក ហេង ឌីណា មានប្រសាសន៍ថា នៅពេលដែលមានកំណើនសេដ្ឋកិច្ចតម្រូវការលុយ ក៏មាននិន្នាការកើនឡើងដែរ។ ប៉ុន្តែនៅពេលដែលបោះពុម្ពលុយច្រើន ទន្ទឹមនឹងសេដ្ឋកិច្ចថយចុះ ផលអវិជ្ជមានអាចកើតមានឡើងជារូបភាពអតិផរណា ដែលបង្កជាហានិភ័យដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា៕