ព្រះតេជព្រះគុណ យឿង ស៊ិន ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមបានមានដីកាថា ព្រះអង្គនឹងមិននិមន្តចូលរួមក្នុងពិធីរំឭកខួបការបាត់បង់ទឹកដីណាមួយនាឆ្នាំនេះទេ ដោយសារតែមានការឈឺចិត្តនៃការបែកបាក់សាមគ្គីរបស់ប្រជារាស្ត្រដែលមានកំណើតខ្មែរក្រោមនោះ ។
ព្រះតេជព្រះគុណ យឿង ស៊ិន បានមានដីកាថា ៖ «ពិបាកដែរ ពីព្រោះយើងខ្មែរសុទ្ធតែដូចគ្នា ហើយចែកជាក្រុម វាទៅជាកុម្មុយនីស្ត វាទៅជាសេរីអ៊ីចឹងពិបាកដែរណា៎ ។ ខ្មែរក្រោមដូចគ្នា ហើយនៅទីនេះក៏មិនត្រូវគ្នា ហើយចុះពេលត្រឡប់ទៅមាតុភូមិវិញ ធ្វើម៉េចទៅ វាមិនបែងចែកទៀតទៅហើយ» ។
គួរបញ្ជាក់ថានៅឆ្នាំនេះជាការរំឭកខួបលើកទី៥៩ ក្រោយពីពួកអាណានិគមនិយមបារាំង ប្រគល់ដែនដីកម្ពុជាក្រោមឲ្យប្រទេសវៀតណាមគ្រប់គ្រងនោះ គេឃើញយ៉ាងហោចណាស់ក៏មានការបែងចែកជាពីរក្រុមដែរ ចំពោះសហគមន៍ខ្មែរកម្ពុជាក្រោម ដែលគេបានរិះគន់ថា ដោយសារតែមានការបែងចែកនិន្នាការនយោបាយ ។
លោក កឹម វណ្ណឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ដែលបានប្រកាសចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា សមាគមរបស់លោកនឹងមានសមាគមចំនួន៦ទៀត គ្រោងនឹងរៀបចំពិធីរំឭកខួបនេះ ដែលមានអ្នកចូលរួមជាព្រះសង្ឃ និងគ្រហស្ថរាប់ពាន់នាក់ ហើយដែលលោកសង្ឃឹមថា នឹងបានការអនុញ្ញាតពីរដ្ឋាភិបាល ។
លោក កឹម វណ្ណឆេង បានមានប្រសាសន៍ថា ៖ «មូលហេតុដែលខ្ញុំជម្រាបទៅនេះ មិនមែនជាការបែកបាក់ ឬមួយបែងចែកទេ ជាធម្មតាហើយជារៀងរាល់ឆ្នាំមក យើងតែងតែប្រារព្ធពិធីនេះរួមគ្នាពិតមែន ប៉ុន្តែឆ្នាំនេះគណៈកម្មការសម្របសម្រួលនឹកឃើញថា យើងត្រូវតែមានសិទ្ធិដើម្បីប្រារព្ធពិធីដាច់ដោយឡែក ដោយថាស្ថាប័នគណៈកម្មការសម្របសម្រួលបច្ចុប្បន្នមាន ៦សមាគមជាសមាជិក» ។
រីឯលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ជាសមាជិកគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំង បានមានប្រសាសន៍ថា សហគមន៍របស់លោកនឹងមានអង្គការខ្មែរក្រោមជាច្រើនទៀត គ្រោងនឹងធ្វើពិធីរំឭកខួបនោះដែរ ដែលតាមគម្រោងនឹងមានការចូលរួមពីព្រះសង្ឃ ១៩៤៩អង្គ និងឧបាសក ឧបាសិកា រាប់ពាន់នាក់ទៀត ប៉ុន្តែលោកនៅតែពុំទាន់បានការអនុញ្ញាតពីអាជ្ញាធរ អំពីទីតាំងនៃការប្រារព្ធពិធីនេះ នៅមុខវត្តបទុមវតីនៅឡើយទេ ។
លោក ថាច់ សេដ្ឋា បានឲ្យដឹងថា ៖ «គ្រាន់ថាបើយើងធ្វើបានច្រើនកន្លែង ក៏រឹតតែល្អដែរ ។ នៅអូស្ត្រាលី ថ្ងៃ៣១ហ្នឹង គឺធ្វើធំ ហើយនៅអាមេរិក នៅកាណាដា ធ្វើគ្រប់កន្លែងទាំងអស់ នៅបារាំងអីអ៊ីចឹង បានប្រារព្ធពិធីនេះទាំងអស់» ។
ទោះជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍នេះ លោកមិនទាន់បានឃើញលិខិតស្នើសុំណាមួយ នៃការប្រារព្ធពិធីរបស់សមាគមនិងសហគមន៍ខ្មែរកម្ពុជាក្រោមនោះនៅឡើយទេ ។
មន្ត្រីអង្គការ សមាគម និងសហគមន៍ខ្មែរកម្ពុជាក្រោមនានា ក៏បាននិយាយថា ការប្រតាំងប្រទើសដ៏ធំមួយដែរនាពេលនេះ គឺការយាងចូលរួមនៃព្រះរាជតំណាងព្រះមហាក្សត្រ គឺសម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលនឹងយាងចូលរួមក្នុងពិធីនេះដែលនឹងប្រារព្ធឡើងនៅពេលដូចគ្នា គឺនៅព្រឹកថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ៕