បញ្ហា​ជម្លោះ​របស់​ខ្មែរ​អ៊ិស្លាម​នៅ​តាកែវ​មិន​ទាន់​មាន​ដំណោះស្រាយ

តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​នៅ​ភូមិ​កំពង់យោល ស្រុក​បុរីជលសា ខែត្រ​តាកែវ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ កញ្ញា ថា លោក​បាន​ទទួល​លិខិត​ពី​ប្រធាន​រដ្ឋ​សភា​យូរ​មក​ហើយ​ដើម្បី​ឲ្យ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ចុះ​ទៅ​ស្រាវជ្រាវ​អំពី​ជម្លោះ​ថ្នាក់​ដឹកនាំ​ភូមិ​របស់​លោក​និង​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​ចុះ​ទៅ​ដោះស្រាយ​នោះ​ទេ។

0:00 / 0:00

លោក នី សាន់ បាន​ឲ្យ​ដឹង​ថា លិខិត​ខាង​លើ​បាន​ចេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៩​នេះ ប៉ុន្តែ​លោក​ទើប​ទទួល​បាន​កាល​ពី​ខែ​សីហា​កន្លង​ទៅ ដោយ​ក្នុង​លិខិត​នោះប​ញ្ជាក់​ថា ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ដោះស្រាយ​ជម្លោះ​ដែល​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នោះ​ឲ្យ​បាន​ឆាប់ៗ។

លោក នី សាន់ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ព្រម​ទាំង​ប្រជាពលរដ្ឋ​ទាំង​ភូមិ​ហ្នឹង គាត់​សំណូមពរ​ឲ្យ​ក្រសួង​ធម្មកា​ជួយ​ចុះ​មក​ឲ្យ​បាន​ឆាប់​ដើម្បី​រីក​ចម្រើន​នៅ​ក្នុង​ភូមិ​វិញ កុំ​ឲ្យ​នៅ​មាន​បញ្ហា​នឹង​គ្នា»

លោក​បញ្ជាក់​ថា ការ​អូស​បន្លាយ​នេះ​បាន​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ភូមិ​របស់​លោក ពីព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ទទួល​ស្គាល់​ហាកឹម​ចាស់ ពិសេស​នៅ​ក្នុង​ខែ​បួស​នេះ​គ្មាន​អ្នក​រៀបចំ​និង​មើល​ការ​ខុស​ត្រូវ​ក្នុង​កម្មវិធី​ស្រាយ​បួស​ជុំ​គ្នា​និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក នី សាន់ បាន​បញ្ជាក់​ថា ៖ «ការ​អូស​បន្លាយ​ហ្នឹង​វា​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​ដែរ វា​បាត់បង់​ថវិកា​ហ្នឹង​រៀង​រាល់​សប្ដាហ៍​រហូត ហើយ​ធ្វើ​អី​ក៏​ធ្វើ​អត់​ចេញ​ដែរ អត់​មាន​ជំនឿ​លើ​គ្នា​សោះ។ ឥឡូវ​ហ្នឹង​កាន់តែ​ខ្លាំង​ឡើងៗ​ហើយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋមន្រ្តី​ក្រសួង​ធម្មកា​និង​កិច្ចការ​សាសនា គឺ​លោក មិន ឃិន តាម​ទូរស័ព្ទ​បាន​ទេ។ ប៉ុន្តែ​រដ្ឋលេខាធិការ​នៃ​ក្រសួង​នេះ លោក សុះ មុះសិន មាន​ប្រសាសន៍​ថា ក្រសួង​មិន​ទាន់​ចុះ​ត្រួត​ពិនិត្យ​នៅ​ឡើយ​ទេ ដោយ​ក្រសួង​កំពុង​ប្រមែ​ប្រមូល​ឯកសារ​អំពី​បញ្ហា​នេះ។

លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គិត​ថា ក្រោយ​បួស​ក្រោយ​អី​យើង​នឹង​រៀបចំ មិន​មែន​កំពង់យោល​ទេ កន្លែង​ដែល​មាន​បញ្ហា​ផ្សេងៗ​ទៀត​ក៏​យើង​នឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​បង​ប្អូន​យើង​ទទួល​បាន​ទាំងអស់​គ្នា»

មេ​ឃុំ​គោកពោធិ៍ លោក ថុយ តឹម បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​អំពី​លិខិត​ខាង​លើ​នេះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បញ្ហា​ជម្លោះ​រវាង​មេ​ដឹកនាំ​និង​ប្រជាពលរដ្ឋ​នេះ​គួរតែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ។

លោក ថុយ តឹម បាន​ឲ្យ​ដឹង​ថា ៖ «ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ ...គេ​ថា​បោះ​ឆ្នោត អា​ហ្នឹង​យើង​ធ្វើ​តាម​ហ្នឹង​ទៅ មាន​ទាស់​ខុស​អី!»

សូម​ជម្រាប​ថា ជម្លោះ​ថ្នាក់​ដឹកនាំ​ហាកឹម​នៅ​ក្នុង​ភូមិ​កំពង់យោល​នេះ​បាន​កើត​មាន​ឡើង​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចោទ​ប្រកាន់​ហាកឹម​ឈ្មោះ រីម ម៉ាត់ ថា​ដឹកនាំ​មិន​ល្អ។

កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០០៨ អភិបាល​រង​ខែត្រ​តាកែវ គឺ​លោកស្រី នូ សុវណ្ណនី និង​ប្រធាន​មន្ទីរ​ធម្មកា​ខែត្រ ធ្លាប់​បាន​ចុះ​សម្រុះ​ផងដែរ ប៉ុន្តែ​នៅតែ​មិន​ទាន់​មាន​លទ្ធផល។

លោក នី សាន់ បាន​អំពាវ​សុំ​ឲ្យ​ក្រសួង​ធម្មកា​និង​សាសនា​ចុះ​ទៅ​ធ្វើការ​សម្រុះ​សម្រួល​ឬ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ហាកឹម​សា​ជា​ថ្មី​ឲ្យ​បាន​ឆាប់ៗ ដើម្បី​បញ្ចប់​ជម្លោះ​និង​មាន​អ្នក​គ្រប់​ភូមិ​ច្បាស់​លាស់៕