អ្នក​កើត​ជំងឺ​រាក​ក្អួត​កើន​ឡើង​នៅ​ស្រុក​អូរ​ជុំ ខែត្រ​រតនគិរី

ស្ថានភាព​ជំងឺ​អ្នក​ភូមិ​នៅ​ស្រុក​អូរជុំ មិន​ទាន់​បាន​ថមថយ​នៅ​ឡើយ​ទេ ផ្ទុយ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នេះ អ្នក​ភូមិ​កើត​ជំងឺ​រាក​ក្អួត​មាន​ការ​កើន​ឡើង​ច្រើន​នាក់​ទៀត បន្ទាប់​ពី​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ២០០​នាក់​បាន​កើត​ជំងឺ​រាក​ក្អួត ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​មក​នោះ។

សកម្មជន​សិទ្ធិ​មនុស្ស​សមាគម អាដហុក ប្រចាំ​ស្រុក​អូរជុំ លោក ជុ សុវ៉ាត បាន​បញ្ជាក់​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត ដែល​ទើប​នឹង​បន្ត​កើត​មាន​ជំងឺ​រាក​ក្អួត​មិន​ព្រម​ទៅ​មន្ទីរ​ពេទ្យ​ទេ ដោយ​ពួក​គាត់​បាន​ឲ្យ​ដឹង​ថា នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​មាន​អ្នក​ជំងឺ​ពេញ គ្មាន​បន្ទប់​សម្រាក។

លោក ជុ សុវ៉ាត បាន​បញ្ជាក់​ថា ៖ «រាប់​ពី​ម្សិលមិញ​មក​ដល់​ថ្ងៃ​ហ្នឹង ២៣០​(នាក់) ហើយ​បន្ត​ៗ​ទៅ​ទៀត។ គិត​បញ្ជូន​ទៅ​ពេទ្យ​គេ​ថា ទៅ​នោះ​ក៏​អត់​មាន​កន្លែង​ដេក​ដែរ ព្រោះ​ខាង​ក្រៅ​ពេញ​ហើយ គេ​ដេក​លើ​ស្មៅ​លើ​អី ខ្លាច​ឆ្លង​បន្ត​ទៅ​ទៀត គេ​ទ្រាំ​នៅ​អ៊ីចឹង​ឯង!»

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី លោក ហ៊ីង ថានសុគន្ធា មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​ស្ថានភាព​ផ្ទុះ​ឡើង​នូវ​ជំងឺ​រាក​ក្អួត​តាម​ភូមិ​នានា​នោះ ខាង​មន្ទីរ​សុខាភិបាល​បាន​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ​ហើយ។

លោក ហ៊ីង ថានសុគន្ធា បាន​អះអាង​ថា ៖ «ថ្ងៃ​នេះ ១៦៩​នាក់ សរុប​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ទាំង​អស់ រួច​ភាគ​ច្រើន​ជំងឺ​កញ្ជ្រឹល ហើយ​រាក​ក្អួត​តិចតួច ហើយ​និង​រលាក​ផ្លូវ​ដង្ហើម។ ការ​រាក​ហ្នឹង ការ​សន្និដ្ឋាន​របស់​ខ្ញុំ​ប្រហែល​ជា​មក​ពី​ចំណី​អាហារ​ទេ! វា​ពិបាក យើង​អប់រំ​គាត់ គាត់​ស្ដាប់​ហើយ ប៉ុន្តែ​គាត់​មិន​ចោល​ផ្នត់​គំនិត នៅ​សែន​ព្រេន មនុស្ស​ស្លាប់​មិន​យក​ទៅ​កប់ យក​ទៅ​បូជា ទុក​ពីរ​បី​ថ្ងៃ​ចោល​អ៊ីចឹង​ទៅ​ណា៎! ហើយ​មាន​ភូមិ​មួយ​ចំនួន ខ្លះ​ជួនកាល​អត់​ឲ្យ​យើង​ចូល​ទៅ​ដល់​ទេ គេ​ហៅ​ត្រណម​ភូមិ​គេ​នោះ​ណា៎!»

នៅ​តាម​រោង​លំហែ និង​រោង​ផ្លូវ​ដើរ​នៃ​មន្ទីរពេទ្យ​ក្នុង​រយៈពេល ៤​ថ្ងៃ​កន្លង​មក​នេះ គេ​សង្កេត​ឃើញ​ថា មាន​អ្នក​ជំងឺ​ជា​ច្រើន​បាន​ក្រាល​កន្ទេល​ដេក​ផ្ទាល់​លើ​ស៊ីម៉ងត៍ និង​ចង​អង្រឹង​ព្រោងព្រាត​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ ដោយសារ​តែ​នៅ​តាម​បន្ទប់​ព្យាបាល​នានា​នៃ​អគារ​ពេទ្យ​បាន​ផ្ទុក​អ្នក​ជំងឺ​ពេញ​អស់។

ប្រធាន​មន្ទីរពេទ្យ​ខេត្ត​បញ្ជាក់​បន្ត​ថា មន្ទីរពេទ្យ​នេះ​ពិត​ជា​មាន​តម្រូវការ​សង់​អគារ​បន្ថែម​សម្រាប់​បម្រើ​ប្រជា​ពលរដ្ឋ ៖ «យើង​បញ្ចេញ​ទៅ​ណា អ្នក​ធូរ​ស្រាល​អ៊ីចឹង យើង​ឲ្យ​គាត់​នៅ​ក្រៅ! អ្នក​ធ្ងន់​នៅ​ខាង​ក្នុង ផ្លាស់​ប្ដូរ​គ្នា​អ៊ីចឹង​ណា៎! នៅ​ខ្វះ​ខាត​តិចតួច​ដែរ ប៉ុន្តែ​ចេះ​តែ​ទ្រាំ​ទៅ បើ​មាន​អគារ​ថែម​វា​កាន់តែ​ល្អ​ហើយ ខ្ញុំ​ចង់​បាន​ដែរ​ហ្នឹង!»

ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​រាក​ក្អួត​នៅ​ភូមិ​២ ភូមិ​កាលង ឃុំ​ល្អក់ និង​ភូមិ​តងប្លេង ឃុំ​អូរជុំ ក្នុង​ស្រុក​អូរជុំ អភិបាល​ស្រុក លោក សាក់ សុន បាន​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​ត្រូវ​បាន​ចាត់​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​តាម​ភូមិ​ផ្ទុះ​ជំងឺ​ទាំង​នោះ​ផ្ទាល់​ហើយ​ដែរ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ត្រូវ​បាន​ខាង​មន្ត្រី​សុខាភិបាល និង​អង្គការ​នានា ចុះ​អប់រំ​ច្រើន​លើក​ច្រើន​សា អំពី​ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ការ​រស់​នៅ​ស្អាត និង​អនាម័យ​ក្នុង​ការ​ហូប​ចុក ក៏​ប៉ុន្តែ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​បញ្ជាក់​ថា វិធានការ​អប់រំ​កន្លង​មក​នៅតែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ហើយ​ចាំបាច់​ត្រូវ​រក​វិធី​អប់រំ​ផ្សេង​ដើម្បី​ឲ្យ​សហគមន៍​កែប្រែ​ប្រកាន់​យក​អនាម័យ​ក្នុង​ការ​រស់នៅ​ឲ្យ​បាន៕