ជំងឺ​រាតត្បាត​សម្លាប់​គោ​ជា​ច្រើន​រយ​ក្បាល​នៅ​កំពង់ចាម

អាជ្ញាធរ​ច្រើន​ឃុំ​នៃ​ស្រុក​កោះសូទិន ខែត្រ​កំពង់ចាម ឲ្យ​ដឹង​ថា ជំងឺ​គោ​រាតត្បាត​ប្រមាណ ២០​ថ្ងៃ​នេះ បណ្ដាល​ឲ្យ​សត្វ​គោ​ច្រើន​ពាន់​ក្បាល​ឈឺ និង​ច្រើន​រយ​ក្បាល​បាន​ងាប់។

មេ​ឃុំ​កំពង់រាប លោក សុខ ទូច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កញ្ញា​ថា គោ​ក្នុង​ឃុំ​នោះ​ឈឺ​ឆ្លង​គ្នា​ប្រមាណ ១​ពាន់​ក្បាល ចាប់​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១០ រហូត​មក​ដល់​ថ្ងៃ​នេះ។ ក្នុង​នោះ​បណ្ដាល​ឲ្យ​សត្វ​គោ​ធំ​តូច​ងាប់​អស់​ជិត ៩០​ក្បាល។ លោក​ថា អ្នក​ស្រុក​អស់​សង្ឃឹម​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ បាន​លក់​គោ​ឈឺ​ក្នុង​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល ៖ «សរុប ៣​ថ្ងៃ​មុន​នោះ​គោ​ងាប់​អស់ ៨៥​ហើយ ហើយ​ឈឺ​ជាង ១​ពាន់​ក្បាល​ហើយ ឈឺ​ទាំង​អស់​តែម្តង»

ចំណែក​ជំទប់​ទី​១ ឃុំ​ពាមប្រធ្នោះ លោក ម៉ៅ ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា សត្វ​គោ​នៅ​ឃុំ​នោះ​បាន​ងាប់ ៥០​ក្បាល និង​កំពុង​ឈឺ​ច្រើន​ទៀត ដែល​គេ​មិន​ទាន់​ដឹង​ដោយសារ​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ។ លោក​ថា អ្នក​ស្រុក​យល់​ថា ជា​ជំងឺ​អុតក្ដាម ប៉ុន្តែ​ក្រោយ​ការ​ព្យាបាល​បែរ​ជា​គោ​ឆ្លង​ជំងឺ​កាន់​តែ​ច្រើន​ឡើង និង​ងាប់​រហ័ស។

លោក ម៉ៅ ប៊ុនធឿន ឲ្យ​ដឹង​ទៀត​ថា ៖ «គោ​ឈឺ​ប្រហែល​ជា ១០០​ក្បាល​ហើយ សំខាន់​បំផុត​នៅ​ខាង​ភូមិ​ពាម​ក្រោម ដូច​ជា​ភូមិ​វាល ភូមិ​ទួលក្តុល ភូមិ​ទួលធាតុ ភូមិ​ទួលកំពត។ ឥឡូវ​កំពុង​ឈឺ​នៅ​ភូមិ​ប៉ាក់ណាម»

លោក​យាយ ហៀវ ឲ្យ​ដឹង​ថា កូន​គោ​គាត់​អាយុ ២​ខែ ឈឺ​ងាប់​កាល​ពី ២​ថ្ងៃ​មុន លក់​បាន​តែ ៨​ម៉ឺន​រៀល​ទេ។ គោ​ធំៗ​កំពុង​ឈឺ​ដែរ ប្ដី​គាត់​បាន​ទៅ​ព្រៃ​រក​ថ្នាំ​បុរាណ​មក​ព្យាបាល​វិញ ព្រោះ​តែ​អស់​លទ្ធភាព​ព្យាបាល​ជំងឺ​គោ ដោយ​ប្រើ​ថ្នាំ​ពេទ្យ ៖ «បញ្ច្រក​ចន្ទល់ភ្នំ ក្តាម អំពិល​ទុំ​ទៅ អង្ក្រង​ទៅ ចេះ​តែ​បញ្ច្រក»

ជំទប់​ទី​១ ឃុំ​មហាខ្ញូង លោក ថាន សំអុល ឲ្យ​ដឹង​ថា គោ​នៅ​ឃុំ​នោះ​បាន​ងាប់​ជាង ១០​ក្បាល។ អ្នកស្រុក​បាន​លក់​គោ​ក្នុង​តម្លៃ​ថោក​ឲ្យ​ឈ្មួញ​វៀតណាម។ លោក​ថា គោ​ងាប់ ១​ក្បាល​លក់​បាន​តែ ២០ ទៅ ៣០​ម៉ឺន​រៀល​ទេ។ លោក​បារម្ភ​ក្រោយ​ភ្ជុំ​បិណ្ឌ នឹង​គ្មាន​សត្វ​គោ​ជួយ​អូស​ទាញ​ក្នុង​របរ​កសិកម្ម។

ពេទ្យ​សត្វ​ស្រុក​កោះសូទិន លោក នេន សាមីន បាន​ឲ្យ​ដឹង​ថា ជំងឺ​គោ​ដែល​កំពុង​រាតត្បាត​នេះ ជា​ជំងឺ​ប៉េស្ត សាទឹក និង​ជំងឺ​អុតក្ដាម ។ លោក​ថា ជំងឺ​អុតក្ដាម​ងាយ​ព្យាបាល​ទេ ប៉ុន្តែ​ជំងឺ​សា​ទឹក និង​ជំងឺ​ប៉េស្ត លំបាក​ព្យាបាល និង​ខ្វះ​វ៉ាក់សាំង ទើប​បណ្ដាល​ឲ្យ​សត្វ​គោ​ងាប់​ច្រើន​បែប​នេះ។

លោក នេន សាមីន បន្ត​ដូច្នេះ ៖ «តែ​ជំងឺ​ដែល​ងាប់​នេះ​មិន​មែន​ជំងឺ​អុតក្ដាម​ទេ ច្រើន​តែ​ងាប់​ពួក​អា​ជំងឺ​ប៉េស្ត ជំងឺ​សា​ទឹក ខាន់ស្លាក់​ចាប់​ក​អី​ហ្នឹង។ ចំណែក​ខាង​ខ្ញុំ​បាន​សង្គ្រោះ​ ១៧០​ក្បាល ជួយ​តែ​គោ​ឈឺ​ខ្លាំង​ណាស់។ ក្នុង ១៧០​ក្បាល​នោះ គឺ​ងាប់ ១ នៅ​ស្រែមាន។ ងាប់​១​យប់​មិញ​ហ្នឹង អា​ជំងឺ​ងាប់​១​នោះ គឺ​ព្យាបាល​ជា​ហើយ ក៏​ប៉ុន្តែ​ម្ចាស់​វា​គេ​ដឹក​យក​ទៅ​បឹង តាម​មើល​ប្រហែល​ជា​វា​លាប់​ក៏​មិន​ដឹង»

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម លោក ហេង ប៊ុនយិ មាន​ប្រសាសន៍​ថា ជំងឺ​សា​ទឹក ប៉េស្ត និង​ជំងឺ​អុតក្ដាម កើត​លើ​សត្វ​គោ​នៅ​ស្រុក​កោះសូទិន​នោះ ព្រោះ​កសិករ​ភាគ​ច្រើន​មិន​បាន​យក​សត្វ​គោ​ទៅ​ចាក់​វ៉ាក់សាំង នៅ​ពេល​ដែល​មន្ត្រី​ពេទ្យ​សត្វ​បាន​ចុះ​ចាក់​តាម​ភូមិ ឃុំ។ លោក​ថា បច្ចុប្បន្ន​មន្ត្រី​បសុ​សត្វ​ចុះ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ជំងឺ​អុតក្ដាម។

លោក​ពន្យល់​ពី​វិធី​ការពារ​ដូច្នេះ ៖ «មក​ដល់​សព្វ​ថ្ងៃ​នេះ អា​ជំងឺ​អុតក្ដាម​ហ្នឹង​វា​រាង​រយាល​ជាង​មុន ដោយសារ​យើង​បង្រៀន បង្ហាត់​គាត់ ផ្ដួល​សត្វ​គោ​ឲ្យ​ប្រជាជន​គាត់​មើល ហើយ​ដុស​ក្រចក​វា ដាក់​ថ្នាំ​វា និង​មើល​មាត់​របស់​វា កាល​ណា​មាន​អណ្ដាត​គោ​វា​មាន​កើត​ជ្រាំង យើង​យក​ថ្នាំ​ឡឺម៉េទីឡែន លាប​វា។ យើង​ធ្វើ​របៀប​អ៊ីចឹង​បង្ហាញ​គាត់​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ក្នុង​ភូមិ​នោះ ឲ្យ​គាត់​ឃើញ កាល​ណា​មាន​ជំងឺ​កើត​ឡើង​គាត់​ចេះ​ខ្លួន​គាត់​តែម្ដង»

ក្រុម​ប្រឹក្សា​ស្រុក​កោះសូទិន លោក សេក សណ្តាប់ បាន​ឲ្យ​ដឹង​ថា ក្នុង​ស្រុក​កោះសូទិន ជំងឺ​គោ​រាតត្បាត​ខ្លាំង និង​ងាប់​ច្រើន​ជាង​គេ​ចំនួន ៦​ឃុំ មាន​ឃុំ​តានង់ ឃុំ​មហាខ្ញូង ឃុំ​កំពង់រាប ឃុំ​ពាមប្រធ្នោះ ឃុំ​ល្វេ និង​ឃុំ​កោះសូទិន៕