ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ឧត្ដរមានជ័យ​រង​ការចោទ​ថា​កែច្នៃ​កុងទ័រ​ភ្លើង

ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ទីរួមខេត្ត​ឧត្ដរមានជ័យ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​មាន​បញ្ហា​ក្នុង​ការប្រើប្រាស់​ចរន្ត​អគ្គិសនី​ដោយសារ​ក្រុមហ៊ុន​បាន​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​កែច្នៃ​កុងទ័រ​ដើម្បី​លួច​ភ្លើង ហើយ​ពីរ​បី​ថ្ងៃ​មក​នេះ​ក្រុម​ប៉ូលិស​បាន​កោះហៅ​អ្នក​ភូមិ​ទៅ​សាកសួរ​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​ការតម្រូវ​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ផង។

0:00 / 0:00

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ប៉ូលិស​បាន​កោះហៅ​ទៅ​សាកសួរ​និង​ធ្វើការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ ថា គាត់​ទើបតែ​ត្រូវ​បាន​ប៉ូលិស​កោះហៅ​ទៅ​សាកសួរ​និង​ធ្វើការ​ផាក​ពិន័យ​ដោយសារ​តែ​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ខ្លួន​ឯង​បាន​ដើរ​ធ្វើ​កុងទ័រ​ភ្លើង​ដាក់​ឲ្យ​អ្នក​ប្រើប្រាស់ ហើយ​អ្នក​ភូមិ​ចង់​បាន​ចំណេញ​ក៏​នាំ​គ្នា​ធ្វើ។

ពលរដ្ឋ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «យើង​ធ្លាប់​ប្រើ​អស់​១០០​គីឡូ​អ៊ីចឹង​ទៅ ប្រើ​លើស​ក៏​វា​ផាក​ដែរ។ វា​ធ្វើការ​ក្រុមហ៊ុន​ហ្នឹង​ឯង​មក​ដើរ​ឃោសនា​ប្រាប់។ ប្រជាជន​យើង​ចង់​ឲ្យ​បាន​តិច ក៏​នាំ​គ្នា​កែ កន្លែង​ប៉ូលិស​គេ​ថា​អា​ហ្នឹង​ស៊ុមគ្រលុំ​មាន​ទោស​ស្មើ​គ្នា»

ប្រជាពលរដ្ឋ​បាន​និយាយ​ទៀត​ថា អ្នក​ប្រើប្រាស់​អគ្គិសនី​ប្រមាណ​៨០%​នៅ​ក្នុង​ទីរួមខេត្ត​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ។

ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍​មិន​អាច​ទំនាក់​ទំនង​តំណាង​ក្រុមហ៊ុន​អគ្គិសនី LYP Group ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នោះ​បាន​ទេ។

ចំណែក​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ លោក មែន លី បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​ពិត​ជា​បាន​កោះហៅ​ប្រជាពលរដ្ឋ​មួយចំនួន​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​មក​សាកសួរ​មែន ក៏ប៉ុន្តែ​មិន​ឈាន​ទៅ​ដល់​ការដាក់​ទោស​អតិថិជន​ទាំង​នោះ​ទេ គ្រាន់តែ​ឲ្យ​សង​ប្រាក់​ផាក​ពិន័យ​ទៅ​តាម​គីឡូ​ម៉ោង​ភ្លើង​ដែល​បាន​លួច​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ដែល​ខិលខូច​កែច្នៃ​កុងទ័រ​បន្លំ​ភ្លើង​របស់​ក្រុមហ៊ុន​នោះ​ប៉ូលិស​បាន​ចាប់​ខ្លួន​ហើយ។

លោក មែន លី បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ឃាត់​បាន​ហើយ បុគ្គលិក​ក្រុមហ៊ុន​ដែល​វា​កែច្នៃ​ឲ្យ​គេ​នោះ។ យើង​បាន​សួរ​បំភ្លឺ បាន​សួរ​កសាង​សំណុំរឿង​អី​រួច​អស់​ហើយ អ៊ីចឹង​យើង​ធ្វើ​នេះ​យោគយល់​គ្នា មិន​ឲ្យ​ធ្ងន់ធ្ងរ​ឯណា មិន​ឈាន​ដល់​គុក​ដល់​ច្រវាក់​ទេ ប៉ុន្តែ​យើង​លួច​គេ​ប៉ុន្មាន​គេ​គុណ​ថ្ងៃ​ខែ​របស់​យើង​ទៅ អា​ហ្នឹង​យើង​គួរតែ​សង​គេ​ទៅ។ ដោយឡែក​អ្នក​ដែល​មាន​អត់​ពាក់ព័ន្ធ គឺ​អត់​មាន​ពាក់ព័ន្ធ​ទេ»

តាម​មន្រ្តី​ប៉ូលិស​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ដាក់​បណ្ដឹង​ដំបូង​ពាក់ព័ន្ធ​ទៅ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​៣៥​គ្រួសារ ហើយ​ពេល​នេះ​ប៉ូលិស​បាន​កោះហៅ​មក​សាកសួរ​បាន​២០​គ្រួសារ​ហើយ។ ទោះ​យ៉ាង​ណា​ក៏​ការផាក​ពិន័យ​ទៅ​លើ​អ្នក​ប្រើ​ឧបករណ៍​ច្នៃ​លួច​ភ្លើង​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​អះអាង​ថា មាន​ភាព​អយុត្តិធម៌​ខ្លះ​ទៅ​លើ​អ្នក​ស្លូត​ត្រង់។

ស្រ្ដី​ម្នាក់​នៅ​ទីរួមខេត្ត​ឧត្ដរមានជ័យ​បាន​មាន​ប្រសាសន៍​ថា ផ្ទះ​គាត់​ពុំ​បាន​លួច​ច្នៃ​កុងទ័រ​គីឡូ​ភ្លើង​សោះ ក៏​ប៉ុន្តែ​គាត់​ត្រូវ​ក្រុមហ៊ុន​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​១៦.០០០​បាត​ប្រាក់​ថៃ ៖ «ផាក​១៦.៦០០​បាត ។ គេ​ថា​គីឡូ​យើង​កែ បើ​យើង​មិន​បង់​លុយ​ផាក​ពិន័យ​ឲ្យ​គេ គេ​អត់​ដាក់​ឲ្យ​ប្រើ​វិញ។ ភ្លើង​នោះ​បើ​ថា​ខ្ញុំ​កែ ខ្ញុំ​ស្បថ​អស់​ឲ្យ​គេ​ហើយ»

ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អគ្គិសនី​នៅ​ទីរួមខេត្ត​ឧត្ដរមានជ័យ​គឺ​មាន​តម្លៃ​១១​បាត​ប្រាក់​ថៃ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​តម្លៃ​នេះ​ថ្លៃ​ជាង​ពាក់​កណ្ដាល​នៃ​ការប្រើប្រាស់​ភ្លើង​នៅ​តំបន់​អូស្មាច់​ដោយ​ក្រុមហ៊ុន​បាន​តម្រូវ​ទូទាត់​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​ប្រចាំ​ខែ​យក​តែ​ប្រាក់​បាត​ថៃ​ប៉ុណ្ណោះ​មិន​គិត​ជា​ប្រាក់​រៀល​ទេ៕